ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្អូនប្រុស​លោក កែម ឡី បង្កើត​បក្ស​ថ្មី ដើម្បី​ចូលរួម​ការបោះឆ្នោត​ឆ្នាំ២0១៨
24, Feb 2018 , 12:27 pm        
រូបភាព
​ភ្នំពេញ​៖ លោក កែម រិ​ទ្ធិ​សិត ប្អូនប្រុស​បង្កើត​របស់​លោក​បណ្ឌិត កែម ឡី បានប្រកាស​បង្កើត​គណ​បក្ស​ផ្ទាល់ខ្លួន ដោយ​ដាក់ឈ្មោះថា «​គណបក្ស កែម ឡី​»​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចុះ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ លោក កែម រិ​ទ្ធិ​សិត បញ្ជាក់ថា​៖«​ការ​បង្កើត គណបក្ស កែម ឡី គឺមាន​គោលបំណង​យក​ទស្សនទាន​ល្អៗ របស់លោក​បណ្ឌិត កែម ឡី ទៅ​បន្ត​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​យើង​»​។​


 
​បន្ថែម​ពីលើ​សេចក្តីប្រកាស​ព័ត៌មាន លោក កែម រិ​ទ្ធិ​សិត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា បច្ចុប្បន្ន ការបង្កើត​គណបក្ស​នេះ កំពុងស្ថិត​ក្នុង​គម្រោង ដោយ​មិនទាន់​បានរៀបចំ​គោលនយោបាយ លក្ខន្តិកៈ រចនាសម្ព័ន​នៃ​ថ្នាក់ដឹកនាំ និង​បែបបទ​គតិយុត្តិ ដែល​ត្រូវ​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ​នៅ​ឡើយទេ​។ លោក លើកឡើងថា លោក និង​ក្រុមការងារ​ត្រូវការ​ពេលវេលា​ប្រហែលជា​១​ខែ​ទៀត ក្នុងការ​រៀបចំ​កិច្ចការ​ទាំងនេះ ហើយ​បន្ទាប់មក​ទើប​ដាក់សំណើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ដំណើរការ​គណបក្ស​ជា​ផ្លូវការ និង​ត្រៀម​ចូលរួម​ការបោះឆ្នោត​ថ្នាក់ជាតិ នៅ​ខែកក្កដា ឆ្នាំ​២0១៨​។ 
 
​លោក កែម រិ​ទ្ធិ​សិត អះអាងថា លោក នឹង​ធ្វើជា​ប្រធាន​គណបក្ស​នេះ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ការបង្កើត​គណបក្ស​ហ្នឹង​ឡើង គឺ​អត់​មាន​គណបក្សកាន់អំណាច​ឬ​គណបក្សប្រឆាំង​ណា នៅ​ពីក្រោយ​ខ្ញុំ​ទេ​។ នេះ​ជា​ឆន្ទៈ​របស់ខ្ញុំ​ផ្ទាល់ រួមជាមួយ​យុវជន​មួយចំនួន ដែល​ស្រឡាញ់​និង​គាំទ្រ​លោក​បណ្ឌិត កែម ឡី​»​។ 
 
​លោក កែម រិ​ទ្ធិ​សិត បន្ថែមថា ដោយសារតែ​គុណ​តម្លៃ​នៃ​ទស្សនទាន​និង​ប្រជាប្រិយភាព​របស់​បងប្រុស គណបក្ស​នេះ អាចនឹងទទួល​បានកា​រ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។ យ៉ាងណាក៏ដោយ លោក មិន​រំពឹង​ខ្លាំង​នោះទេ ចំពោះ​ការគាំទ្រ​នេះ ដោយ​លោក អះអាងថា រង់​ចាំមើល​សភាពការណ៍ ក្រោយពី​គណបក្ស លេចចេញ​ជា​រូបរាង​ជាក់ស្តែង​សិន​។


លោក កែម រិទ្ធិសិត ប្អូនប្រុសបង្កើតរបស់លោក កែម ឡី 

លោក កែម ឡី ជា​អ្នកស្រាវជ្រាវ​ផ្នែក​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​។ លោក ត្រូវបាន​បាញ់សម្លាប់ នៅក្នុង​ស្តា​ម៉ា​ត​មួយកន្លែង ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ 
 
​កាលពី​អំឡុង​ខែមីនា ឆ្នាំ​២0១៧ លោក អឿ​ត អាង ហៅ​ជួប សម្លាប់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ដោយ​រង​ការចោទប្រកាន់ថា បាន​បាញ់សម្លាប់​លោក កែម ឡី​។ យ៉ាងណាក៏ដោយ លោកស្រី  ប៊ូ រចនា ដែលជា​ភរិយា​របស់លោក កែម ឡី រួមទាំង​សហគមន៍​អន្តរជាតិ​មួយចំនួន ហាក់​មិនសូវ​ជឿ​នោះទេ​ថា ជួប សម្លាប់ ពិតជា​ឃាតក​។ ពួកគេ នៅតែ​ចង់​ឲ្យ​សមត្ថកិច្ច​បន្ត​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​។ 
 
​បច្ចុប្បន្ន លោកស្រី ប៊ូ រចនា រួមទាំង​កូនប្រុស​ទាំង​៥​នាក់ បាន​ទៅ​រស់​នៅឯ​ប្រទេស​អូស្ត្រាលី​ហើយ​៕ 
 

Tag:
 កែម រិ​ទ្ធិ​សិត​
  កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com