អន្តរជាតិ
គ្រូ​ជាង​២០០០​នាក់​នៅ​អង់គ្លេស បើកដៃ​ឲ្យ​សិស្ស​លួច​ចម្លង​ពេល​ប្រឡង​
24, Feb 2018 , 7:19 pm        
រូបភាព
រូបថត Daily Mirrior
រូបថត Daily Mirrior
ដោយ: ធីតា
​គ្រូបង្រៀន​ជាង​២០០០​នាក់​គឺជា​ដៃគូ​សហការ​ដ៏​រីករាយ​របស់​សិស្ស​មួយចំនួន ដែល​ចូលចិត្ត​លួច​ចម្លង​សំណៅ​ឯកសារ​នៅពេល​ប្រឡង​។ នេះ​បើតាម​របាយការណ៍​អង្កេត​របស់ OCR (Oxford Cambridge and RSA) ដែល​ក្រុមប្រឹក្សា​ឯករាជ្យ​តាមដាន​ការប្រឡង​ក្នុង​គ្រឹះស្ថានសិក្សា​ធំៗ​នៅ​ចក្រភព​អង់គ្លេស ។



​ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ គ្រូបង្រៀន​ចំនួន​២៣០០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​បើកដៃ​ឲ្យ​សិស្ស​លួច​ចម្លង​សំណៅ​ឯកសារ​នៅពេល​ប្រឡង​។ OCR ដែលជា​ក្រុមប្រឹក្សា​វាយតម្លៃ​វិស័យ​អប់រំ ដ៏​មាន ឥទ្ធិពល​នៅ​អង់គ្លេស វេ​លស៍ និង​អៀរ​ឡង់​ខាងជើង​។

​តាម​ទិន្នន័យ​ដែល​ផ្តល់​ឲ្យ​កាសែត Sunday Times ក្រុមប្រឹក្សា OCR បាន​អះអាងថា គ្រូបង្រៀន​ជាង​ពាក់កណ្តាល សុទ្ធតែ​មានគំនិត​ធ្វើជា​ជំនួយ​ការមិន​ស្របច្បាប់​របស់​សិស្ស​នៅពេល​ប្រឡង​។ ក្នុងចំណោម ការលួចចម្លង ៣៦០៣​ករណី​ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ មានការ​ចូលរួម​ពី​គ្រូ​រហូតដល់​ទៅ​២៣០០​នាក់​។​

​ទិន្នន័យ​បានបង្ហាញ​ផងដែរ​ថា គ្រូបង្រៀន​ចំនួន​៨១​នាក់ បាន​រង​ការព្រមាន ១១៣​នាក់ ត្រូវ​ទទួល​ការអប់រំ​បន្ថែម និង​៨៣​នាក់ ត្រូវបាន​ព្យួរ​តួនាទី​ជា​មេ​ប្រយោគ​។ ជាមួយគ្នានេះ បេក្ខជន​ប្រមាណ​១០០០​នាក់ ត្រូវ​ធ្លាក់​មុខវិជ្ជា​ដែល​ខ្លួន​បាន​លួច​ចម្លង ហើយ​១៤​នាក់ ធ្លាក់​សញ្ញាបត្រ​ដោយ​ស្វ័យប្រវត្តិ​។​

OCR អំពាវនាវ​ដល់​ស្ថាប័ន​អប់រំ​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់រហ័ស ជាពិសេស​ក្រោម​កិច្ចសហការ​ពី​សំណាក់​អាណាព្យាបាល​សិស្ស​។
​លោក Alan Smithers សាស្ត្រាចារ្យ​ម្នា​ក់នៅ​សាកលវិទ្យាល័យ Buckingham បាន​និយាយប្រាប់ Sunday Times ថា ការ​លួ​ចម្លង​នៅពេល​ប្រឡង ប្រៀបដូចជា​ការប្រើប្រាស់​សារធាតុ​នៅក្នុង​ការប្រកួត​កីឡា​យ៉ាង​ដូច្នោះ​ដែរ គ្រូបង្រៀន​ដែល​សហការ​ប្រព្រឹត្ត​បែបនេះ ក៏ត្រូវ​រង​ការពិន័យ​ធ្ងន់ធ្ងរ​ផងដែរ​៕



Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com