ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សុផល ចង់ឱ្យ​បរទេស​ស្គាល់​នំ​បញ្ចុក​ខ្មែរ​ដូច​ស្គាល់​ភី​ហ្សា​ដូច្នោះ​ដែរ​
26, Feb 2018 , 8:39 am        
រូបភាព
​សៀមរាប​៖ លោក សៀ សុផល បានចាប់ផ្តើម​អាជីវកម្ម​ដំបូង​របស់លោក ដោយ​ជ្រើសរើស​ការលក់​នំ​បញ្ចុក​។ បើ​និយាយ​ទៅ របរ​នេះ​មិនមែន​ថ្មី​ទេ គឺថា​មាន​មនុស្ស​ច្រើន​ទៅហើយ ពិសេស​នៅ​ក្រុង​សៀមរាប​តែម្តង មាន​ទាំង​នៅ​ហាង តូប ឬ​នៅតាម​ចិញ្ចើមផ្លូវ​តូចធំ​។ ហេតុអ្វី​លោក សុផល ចាប់​របរ​មួយ​នេះ​? តើ​លោក​មានគំនិត​អ្វី​ថ្មី សម្រាប់​ការរៀបចំ​ហាង និង​រសជាតិ​នំ​បញ្ចុក​របស់​ហាង​លោក​ផ្ទាល់​?



​តើ​អ្វី​ទៅជា​ចំណុច​ពិសេស ដែល​លោក សុផល បាន​រកឃើញ​ពី​ក្នុង​ចាន​នំ​បញ្ចុក​? សូម​ស្តាប់​បទ​សម្ភាស​រវាងអ្នកស្រី អ៊ីសា រ៉ហានី ​អ្នកកាសែត នៃសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក សៀ សុផល ម្ចាស់​ហាង​នំ​បញ្ចុក​ក្ដឿង ដូចតទៅ​៖





​លោក សុផល បានដាក់​ឈ្មោះ​ហាង​នំ​បញ្ចុក​របស់លោក​ថា «​ក្ដឿង​»​។ ក្ដឿង​ជា​ឧបករណ៍​ជាន់​ម្សៅ​នំ​បញ្ចុក ដែល​មនុស្ស​មួយចំនួន ស្គាល់​ត្រឹម​ជា​ឧបករណ៍​ជាន់​ម្សៅ តែ​មិនបាន​ស្គា​ល់ពីឈ្មោះ​ពិតប្រាកដ​របស់​វា​។



​ដោយ​គំនិត​ចង់​ធ្វើ​អ្វី​ប្លែក​ពី​គេ និង​ចង់​ជួយ​សង្គម​តាមរយៈ​មុខរបរ​ខ្លួន​ផង​នោះ លោក សុផល បានសម្រេច​បើកហាង​នំ​បញ្ចុក ក្នុងអំឡុង​ខែធ្នូ ឆ្នាំ​២០១៧ ដោយមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​។ សម្ភារ​តុបតែង​ហាង​ក្ដឿង គឺជា​សម្ភារ​ចាស់ៗ និង​ជា​ឧបករណ៍ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ មានដូចជា​រនាស់ ត្បាល់ ក្ដឿង ។​ល​។ ឯ​បន្លែ​សម្រាប់​ហូប​នំ​បញ្ចុក​វិញ គឺជា​បន្លែ​សរី​រា​ង្គ​របស់​សហគមន៍ ដែល​មានការ​ទ្រទ្រង់​ពី​អង្គការ សហគមន៍​ផ្សេងៗ​។​



​អ្វីដែល​ពិសេស​សម្រាប់​ហាង​នំ​បញ្ចុក​ក្ដឿង របស់លោក សុផល គឺ​លោក​មាន​មហិច្ឆតា​ចង់ឱ្យ​បរទេស ស្គាល់​នំ​បញ្ចុក​ខ្មែរ និង​ជា​អត្តសញ្ញាណ​របស់​ជាតិខ្មែរ​។ និយាយ​ឱ្យ​ស្រួល​ស្ដាប់ទៅ គឺ​លោក​ចង់​ឱ្យគេ​ស្គាល់​នំ​បញ្ចុក​ខ្មែរ ដូចជា​ភី​ហ្សា ដែលជា​អាហារ​របស់​អឺរ៉ុប​យ៉ាង​ដូច្នោះ​ដែរ​។

​តាំងពី​ចាប់ផ្តើម​បើក​ជាង​២​ខែ​មកនេះ ហាង​នំ​បញ្ចុក​របស់លោក សុផល មិនទាន់​ចំណេញ​នៅឡើយ​ទេ តែ​អ្វីដែល​ចង់បាន​នោះ គឺ​ចង់ឱ្យ​ខ្មែរ និង​បរទេស​ស្គាល់​ច្បាស់​ពី​រសជាតិ​នំ​បញ្ចុក​ខ្មែរ ព្រោះថា​វា​ពិសេស​ជាង​អ្វីដែល​យើង​បានដឹង​សព្វថ្ងៃ​៕










Tag:
 នំ​បញ្ចុក​
  ក្ដឿង
© រក្សាសិទ្ធិដោយ thmeythmey.com