កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid សង្ឃឹមលើ​កពាន UCL ៣​ឆ្នាំ​ជាប់​គ្នា ក្រោយ​ទម្លាក់ PSG ឡើងទៅ​វគ្គ ១/៤
07, Mar 2018 , 11:30 am        
រូបភាព
​ក្រុម​ម្ចាស់​ជើងឯក Real Madrid បាន​ឈានទៅ​វគ្គ​៨​ក្រុម​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League ក្រោយ​ផ្តួល​ក្រុម Paris Saint Germain ក្នុង​លទ្ធផល ២-១ នៃ​ការប្រកួត​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុងក្រោយ នា​កីឡដ្ឋាន Parc des Princes នៅ​រាត្រី​ថ្ងៃ​អង្គារ​ទី ៦ ខែមីនា​។



 Cristiano Ronaldo រក​គ្រាប់​បាល់​បញ្ចូល​ទី​២​គ្រាប់ កាលពី​ប្រកួត​ជើង​ទី​១​នៅ​ទឹកដី Santiago Bernabeu ជួយ Real Madrid យកឈ្នះ PSG ៣-១​។ សម្រាប់​ការជួបគ្នា​ជើង​ទី​២ ក្នុង​ទឹកដី Parc des Princes វិញ ក្រុម​រហស្សនាម​អធិរាជ​សរ នៅតែ​បន្ត​យកឈ្នះ​ក្រុម​កំពុង​នាំមុខគេ​ក្នុង​ក្របខណ្ឌ​លី​ក​ទីមួយ​បារាំង ២-១ ទៀត ក្នុងនោះ​២​គ្រាប់​របស់ Real ធ្វើបាន​ដោយ Ronaldo និង Casemiro ហើយ​១​គ្រាប់​របស់ PSG រកបាន​ដោយ Edinson Cavani​។​



​ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប​រដូវ​កាល​ចាស់ Real Madrid ធ្វើ​មិន​បានល្អ​នោះទេ​ក្នុង​ប្រកួត​លី​ក​ក្នុងស្រុក La Liga ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ តាម​ពីក្រោយ​ពិន្ទុ​គូប្រជែង Barcelona ១៥​ពិន្ទុ​។ ប៉ុន្តែ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ម៉ា​ឌ្រី​ដ​នេះ នៅតែ​អាចធ្វើ​បានល្អ​នៅ Champions League ដោយ​អាច​ទម្លាក់​ក្រុម​ខ្លាំង​មកពី​បារាំង​ឈានទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ និង​ជា​រដូវ​កាល​ទី​៨​ជាប់​គ្នា​ដែល​ពួកគេ​បាន​ឈានដល់​វគ្គ​នេះហើយ​ក៏​ជា​ផ្លូវ​មួយ​ឲ្យ​ក្រុម​លោក Zinedine Zidane អាច​គ្រង​តំណែង​ជើងឯក​៣​ឆ្នាំ​ជាប់​គ្នា​ផងដែរ​។​

​សម្រាប់ PSG បើទោះបីជា​ទិញ​ចូល​កីឡាករ​ល្អៗ​ក្នុង​រដូវ​កាល​នេះ​ក៏ដោយ ប៉ុន្តែ​ពួកគេ​បានបង្ហាញ​ភាពខ្លាំង​តែ​នៅក្នុង​លី​ក​ប៉ុណ្ណោះ​ដោយ​នាំ​មុនគេ​ក្នុង​តារាង Ligue 1 រហូត​១៤​ពិន្ទុ​។ រីឯ​ការប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Unai Emery ធ្វើ​មិន​បានល្អ​ទេ ដោយ​ធ្លាក់​ត្រឹម​វគ្គ​នេះ​២​ឆ្នាំ​ជាប់​គ្នា​។​



​ដោយឡែក​ការ​ពី​យប់មិញ ក៏មាន​ការប្រកួត​មួយគូ​ទៀត​ដែរ ដោយ Liverpool ស្មើ​ជាមួយ FC Porto ០-០ ក្នុងការ​ប្រកួត​ជើង​ទី​២​។ កាលពី​ជើង​ទី​១ ក្រុម​រហស្សនាម​ហង្ស​ក្រហម​យកឈ្នះ ក្រុម​មកពី​លី​ក​កំពូល​ព័រ​ទុយ​ហ្គា​ល់ ៥-០ ដូច្នេះ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Jurgen Klopp អាច​ឈានទៅ​វគ្គ​បន្ត​ជាមួយ​ក្រុម​របស់លោក Zinedine Zidane ដែរ​៕


Tag:
 បាល់ទាត់​
  Real Madrid
  Paris Saint Germain
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com