កីឡាជាតិ
ជាតិ
យ៉ា​ទី ទទួលស្គាល់ថា ខ្លួន​ខុស​ចំពោះ​គ្រាប់​ទី​ពីរ​របស់ Home United
07, Mar 2018 , 2:50 pm        
រូបភាព
ដោយ:
​បឹងកេត បានទទួល​ជ័យជម្នះ​លើកដំបូង​នា​ការប្រកួត​ពូ​ល F នៃ​ពានរង្វាន់ AFC Cup 2018 ក្នុង​លទ្ធផល ៣-២ លើ​ភ្ញៀវ Home United កាលពី​ល្ងាច​ថ្ងៃ​៦ ខែមីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រុម​កម្ពុជា បាន​នាំមុខ ៣-១ នា​រយៈពេល​ជាង​២០​នាទីចុងក្រោយ ប៉ុន្តែ​ការធ្វេសប្រហែស បានធ្វើ​ឲ្យ​ក្រុម​សិង្ហ​បុរី តាម​ពីក្រោយ​បាន​១​គ្រាប់​វិញ​។ អ្នកចាំទី ស៊ូ យ៉ា​ទី ព្រម​ទទួល​ការស្តីបន្ទោស ហើយ​អះអាងថា ជា​ការភាន់ច្រលំ​របស់​ខ្លួន​។ រីឯ​ជំនួប​មួយគូ​ទៀត  Ceres Negros បាន​យកឈ្នះ Shan United ២-០​។



«​ខ្ញុំ​សូម​អរគុណ​រាល់​ការរិះគន់ […] នេះ​ជាការ​ធ្វេសប្រហែស និង​ការភាន់ច្រឡំ​របស់ខ្ញុំ ព្រោះ​ខ្ញុំ​គិតថា​បាល់​នេះ​ខ្សែការពារ​របស់ខ្ញុំ​បាន​ប្រជែង​ជាមួយនឹង​ខ្សែប្រយុទ្ធ​របស់គេ​គឺ ៥០-៥០ បាន​ប៉ះ​មក​ឲ្យ​ខ្ញុំ​ចឹ​ង​ខ្ញុំ​គិតថា​អាច​ចាប់បាន​...​តែ​នេះ​ជា​កំ​ហុក​របស់ខ្ញុំ​ពិតមែន​»​។ អ្នកចាំទី ស៊ូ យ៉ា​ទី បាន​សរសេរ​យ៉ាង​ដូច្នេះ ទាក់ទង​នឹង​គ្រាប់​បាល់​ទី​ពីរ​របស់ Home United​។​



​បឹងកេត​ទទួលបាន​៣​ពិន្ទុ​ជា​លើកដំបូង​នៅលើ​ទឹកដី​ខ្លួនឯង បន្ទាប់ពី​យកឈ្នះ​ក្រុម Home United របស់​សិង្ហ​បុរី​ក្នុង​លទ្ធផល ៣-២ នា​ជំនួប​លើក​ទី​៣​ក្នុង​វគ្គ​ជម្រុះ​ពូ​ល F នៃ​ពានរង្វាន់ AFC Cup 2018 កាលពី​ល្ងាច​ថ្ងៃទី​៦ មីនា​។ ជ័យជម្នះ​នេះ អាច​បញ្ជាក់បាន​ថា បឹងកេត​បានសម្រេច​បំណង ដែល​ចង់​ស្តារ​ស្ថានការណ៍​អាក្រក់ និង​ផ្គាប់ចិត្ត​អ្នកគាំទ្រ​របស់ខ្លួន​ហើយ​។

​ខ្សែបម្រើ​កូរ៉េខាងត្បូង Song Ui-young បាន​បាត់​បាល់​ទម្លុះ​សំណាញ់​ទី​បឹងកេត​ត្រឹម​៣​នាទី​ដំបូង​នៃ​វគ្គ​ទី​១ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សម្តែង​ការខកចិត្ត និង​គិតថា​បឹងកេត​អាច​នឹង​បន្ត​ចាញ់​ជា​លើក​ទី​៣​។ ប៉ុន្តែ​ភាពសប្បាយ​រីករាយ​រប​ស់​អ្នកគាំទ្រ​បានកើត​ឡើងវិញ បន្ទាប់ពី​បឹងកេត​ព្យាយាម​វាយបក​លឿនៗ រហូត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Maycon Calijuri រក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​បឹងកេត​នៅ​នាទី​ទី​១១​។



​ភាព​រំភើប​សប្បាយរីករាយ​កាន់តែខ្លាំង​របស់​អ្នកគាំទ្រ​បានកើត​ឡើង​ម្តងទៀត បន្ទាប់ពី​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Gbenga Samuel Ajayi តាមរយៈ​ការបញ្ជូន​របស់​មិត្ត​រួម​ជាតិ Julius Oiboh សម្រាប់​គ្រាប់​បាល់​ទី​២​សម្រាប់​បឹងកេត​នៅ​នាទី​ទី​១៣​។ ក្រោយមក​នៅ​នាទី​ទី​៤១ Maycon បានសម្រេច​គ្រាប់​ទី​២​របស់ខ្លួន​តាមរយៈ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ ដើម្បី​បង្កើន​ការនាំ​មុខ ៣-១ សម្រាប់​បឹងកេត​ក្នុង​វគ្គ​ទី​១​។ បាល់​ពិន័យ​នេះ កើតឡើង​ក្រោយ​ខ្សែការពារ​សិង្ហ​បុរី Juma'at Jantan ធ្វើ​ឲ្យ​កីឡាករ សេត រ៉ូ​ហ្ស៊ី​ប ដែល​ព្យាយាម​បណ្តើរ​បាល់​ដើម្បី​ទម្លុះ​សំណាញ់​ទី Home United ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​។

​នៅ​នាទី​ទី​៦៧ ខ្សែការពារ​សិង្ហ​បុរី Faritz Abdul Hameed បាន​ទម្លុះ​សំណាញ់​ទី​បឹងកេត​ដោយ​គ្មាន​អ្នកចាំទី ដើម្បី​វាយបក តាម​ក្រោយ ៣-២ សម្រាប់ Home United​។ គ្រាប់​នេះ​កើតឡើង​បន្ទាប់​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​ពិន័យ​អ្នកចាំទី ស៊ូ យ៉ា​ទី ដែល​ចាប់​បាល់​ក្រោម​ការបញ្ជូន​ដោយ​ជើង​ពី​មិត្ត​រួម​ក្រុម​។ បន្ទាប់មក​ខ្សែប្រយុទ្ធ Shanhril Ishak របស់ Home United បានរ​ត់ទៅ​ឆក់យក​បាល់​ពី​ដៃ យ៉ា​ទី ដាក់​ទាត់​បញ្ជូន​ឲ្យ​ខ្សែការពារ​ខាងលើ​ទាត់​បញ្ចូល​ទី​១​យ៉ាង​ស្រួល ខណៈ​កីឡាករ​បឹងកេត​បាន​ត្រឹម​ឈរ​មើល​។

​ទោះបីជា​បាន​ទទួលស្គាល់ថា ជា​កំហុស​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ​អ្នកចាំទី​លំដាប់​ទីមួយ​របស់​កម្ពុជា​រូបនេះ បាន​អះអាងថា ខ្លួន​មិនបាន​លេងសើច​ដូច​ការចោទប្រកាន់​នានា​នោះឡើយ​។ យ៉ា​ទី បានបញ្ជាក់​បន្ថែមថា​៖ «​រឿង​អំនួត​រឺ​លេងសើច​ក្នុង​ទីលាន​ស្គាល់​ខ្ញុំ​ឲ្យ​ច្បា​ស់សិន​មុននឹង​និយាយ​បែបនេះ​..​កុំ​មើល​តែ​សំបក​ក្រៅ​ហើយ​វាយតម្លៃ​ឲ្យ​សោះ​....​សូម​អរគុណ​....»​។​



​ការយក​ឈ្នះ​ក្រុម​សិង្ហ​បុរី​របស់​បឹងកេត​នេះ មិន​ត្រឹមតែ​ទទួលបាន​ការចាប់អារម្មណ៍​កាន់តែខ្លាំង​នោះទេ ថែមទាំង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​គាំទ្រ​ទៀតផង​។  ព្រោះ​ក្រុម​សិង្ហ​បុរី​មួយ​នេះ​ធ្លា​ប់យក​ស្មើ Ceres-Negros ១-១ ដែល​យកឈ្នះ​បឹងកេត ៩-០ និង​យកឈ្នះ Shan United ដែល​បឹងកេត​បាន​ចាញ់ ២-១​។​

​នា​ការប្រកួត​ក្នុង​ពូ​ល F នេះដែរ ក្រុម Ceres Negros របស់​ហ្វីលីពីន​បាន​យកឈ្នះ​ក្រុម Shan United របស់​មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល ២-០ ដើម្បី​បាន​៧​ពិន្ទុ​ឈរ​កំពូល​តារាង​ប្រចាំ​ពូ​ល F រីឯ Home United ឈរ​លេខ​រៀង​ទី​២​ដោយមាន​៤​ពិន្ទុ​។ ចំណែក Shan United និង​បឹងកេត​ឈរ​លេខ​រៀង​ជា​បន្តបន្ទាប់​ដោយមាន​៣​ពិន្ទុ​ដូចគ្នា​៕


Tag:
 AFC Cup 2018
  បឹងកេត​
  Home United
© រក្សាសិទ្ធិដោយ thmeythmey.com