សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ស្ត្រី​វៀតណាម និង​ថៃ មានឈ្មោះ​ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភពលោក​
08, Mar 2018 , 7:39 pm        
រូបភាព
អ្នកស្រី Nguyen Thi Phuong Thao សេដ្ឋិនីវៀតណាម ដែលមានឈ្មោះក្នុងបញ្ជីមហាសេដ្ឋី​របស់ Forbes។ រូបថត AFP
អ្នកស្រី Nguyen Thi Phuong Thao សេដ្ឋិនីវៀតណាម ដែលមានឈ្មោះក្នុងបញ្ជីមហាសេដ្ឋី​របស់ Forbes។ រូបថត AFP
ដោយ: ធីតា
​ទស្សនា​វ​ដ្តី Forbes បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​ស្ត្រី​ដែលមាន​ជាងគេ​លើ​ពិភពលោក​ចំនួន​២៥៦​នាក់ ប្រចាំឆ្នាំ​២០១៨  ។ បើ​បូក​បញ្ចូល​គ្នា ស្ត្រី​ទាំងនោះ​មានទ្រព្យ​សម្បត្តិ​រួម​ចំនួន​ដល់​ទៅ​១​ទ្រី​លាន​ដុល្លារ​អាមេរិក ដោយ​កើនឡើង​២០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ថៃ និង​វៀតណាម ក៏មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ផងដែរ​។​



​ក្នុងចំណោម​ស្ត្រី​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ភាគច្រើនបំផុត ជា​ស្នង​មរតក​ពី​ឪពុកម្តាយ ដូនតា ខណៈ​ជាង​១/៤ បានមកពី​ការខិតខំ​ខ្លួនឯង​។ ចំនួន​ស្ត្រី​ដែល​សាង​ទ្រព្យសម្បត្តិ​ខ្លួនឯង កើត​ពី​៥៦ ទៅ​៧២​នាក់ ក្នុង​បញ្ជី​។​

​បើ​គិត​ត្រឹម​ថ្ងៃទី​៨ ខែមីនា អ្នកស្រី Alice Walton ជនជាតិ​អាមេរិក វ័យ​៦៨​ឆ្នាំ ដែលជា​កូនស្រី​ទោល​របស់​ស្ថាបនិក​ក្រុមហ៊ុន Walmart លោក Sam Walton រក្សា​ចំណាត់ថ្នាក់​កំពូល​តារាង​ជាមួយនឹង​ទ្រព្យសម្បត្តិ ៤៦​ប៊ី​លាន​ដុល្លារ​អាមេរិក ខណៈ​អ្នកស្រី Francoise Bettencourt Meyers ជនជាតិ​បារាំង​អាយុ​៦៤​ឆ្នាំ​នៃ​ក្រុមហ៊ុន L’Oreal ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ដោយមាន​ទ្រព្យសម្បត្តិ​៤២.២​ប៊ី​លាន​ដុល្លារ​អាមេរិក​។​

​ស្ត្រី​មហាសេដ្ឋី​ផ្សេងទៀត​ដែល​ស្ថិតក្នុង​ចំណោម Top 10 រួមមាន Susanne Klatten (​អាល្លឺម៉ង់​) Jacqueline Mars (​អាមេរិក​) Yang Huiyan (​ចិន​) Laurene Powell Jobs (​អាមេរិក​) Gina Rinehart (​អូស្ត្រាលី​) Iris Fontbona (​ស៊ី​លី​) Abigai Jonhson (​អាមេរិក​) និង Charlene de Carvalho-Heineken (​ហូ​ឡង់​) ដោយ​ពួកគាត់​មានទ្រព្យ​សម្បត្តិ​ចន្លោះ​ពី​២៥​ប៊ី​លា​ដុល្លារ​អាមេរិក ទៅ​១៦.១​ប៊ី​លាន​ដុល្លារ​អាមេរិក តាម​លំដាប់​ពីលើ​ចុះក្រោម​។​

​ចិន​មាន​ស្ត្រី​អ្នកមាន​លំដាប់​ពិភពលោក​សរុប​៣៣​នាក់ ហើយ​ហុងកុង​មាន​១១​នាក់​បន្ថែមទៀត​។ ឥណ្ឌា​មាន​៨​នាក់​ក្នុង​បញ្ជី ដែលមាន​ទ្រព្យសម្បត្តិ​ចន្លោះ​ពី​១​ប៊ី​លាន ទៅ​៨​ប៊ី​លាន​ដុល្លារ​អាមេរិក ខណៈ​អ្នកស្រី Savitri Jindal ជា​ស្ត្រី​ដែលមាន​ជាងគេ​នៅ​មហា​យក្ស​ឥណ្ឌា​មួយ​នេះ​។​

​ជប៉ុន​មាន​ស្ត្រី​ពី​នាក់ គឺ Yoshiko Mori អាយុ​៧៧​ឆ្នាំ និង Yoshiko Shinohara អាយុ​៨៣​ឆ្នាំ​។ រុស្ស៊ី មាន Elna Baturina តែ​ម្នាក់​គត់ រីឯ​កូរ៉េខាងត្បូង​មាន​រហូតដល់​ទៅ​៤​នាក់ ដោយ​អ្នកស្រី Lee Boo-Jin មានទ្រព្យ​សម្បត្តិ ២.១​ប៊ី​លាន​ដុល្លារ​អាមេរិក​។​

​ជាមួយគ្នានេះ​ផងដែរ ក្នុងចំណោម​ស្ត្រី​៤២​នាក់​ដែលមាន​ឈ្មោះ​ដំបូង​ក្នុង​បញ្ជី Forbes World’s Billionaires ក៏មាន​ស្ត្រី​ជនជាតិ​ថៃ និង​វៀតណាម ផងដែរ ដែល​តំណាង​ឲ្យ​តំបន់​អាស៊ាន​ទាំងមូល​។

​អ្នកស្រី Nguyen Thi Phuong Thao   ដែលជា​សហ​ស្ថាបនិក និង​នាយិកា​ក្រុមហ៊ុន Sovico Holdings មានទ្រព្យ​សម្បត្តិ ៣.១​ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​នាំ​ឲ្យ​គាត់​ជាប់​លេខ​រៀង​ទី​៧៦៦​ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភពលោក​។​

​សេដ្ឋិនី​ជនជាតិ​វៀតណាម អាយុ​៤៧​ឆ្នាំ​រូបនេះ វត្តមាន​ជា​លើកដំបូង​ក្នុង​បញ្ជី Forbes បន្ទាប់ពី​គាត់​បាន​ពង្រីក​ទីផ្សារ​ក្រុមហ៊ុន​អាកាសចរណ៍ VietJet Air ទៅកាន់​ពិភពលោក​។ គាត់​ក៏​វិនិយោគ​ក្នុង​វិស័យ​ធនាគារ និង​អចលនទ្រព្យ​ផងដែរ​។​

​ដោយឡែក អ្នកស្រី Yupa Chiaravanond  ដែលមាន​ភាគហ៊ុន ៣.៦២​ភាគរយ​នៅ​ក្រុមហ៊ុន Charoen Pokphand Group ដ៏​ធំ​របស់​ថៃ មានទ្រព្យ​សម្បត្តិ ១.២៣​ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​មហាសេដ្ឋី​លំដាប់​ទី​១៩៩៩​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨​នេះ​៕


Tag:
 សិទ្ធិនារី​
  IWD2018
  Forbes
© រក្សាសិទ្ធិដោយ thmeythmey.com