ជាតិ
សេដ្ឋកិច្ច
អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រកាស​ឲ្យ​ម្ចាស់​សហគ្រាស​មក​ទូទាត់​បំណុល​ពន្ធ​
10, Mar 2018 , 3:39 pm        
រូបភាព
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការអញ្ជើញ​សហគ្រាស​មក​ទូទាត់​បំណុល​ពន្ធ​។ តាម​សេចក្ដីជូនដំណឹង​ខាងលើ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សង្កេតឃើញថា សហគ្រាស​មួយចំនួន​បាន​ចូលខ្លួន​មក​ទូទាត់​បំណុល​ពន្ធ​តាម​ការអញ្ជើញ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​។ ប៉ុន្តែ​នៅមាន​សហគ្រាស​មួយចំនួនទៀត មិនបាន​ចូលខ្លួន​មក​ទូទាត់​បំណុល​ពន្ធ​នៅឡើយ​ទេ​។



​អគ្គនាយកដ្ឋាន​ពន្ធដា​រ បានប្រកាស​ដល់​នាយក​សហគ្រាស​ដែល​ជំពាក់​បំណុល​ពន្ធ​ទាំងអស់​មក​ទូទាត់​បំណុល​ពន្ធ​របស់ខ្លួន​។ ក្នុង​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ខាងលើ ករណី​ដែល​នាយក​សហគ្រាស​មិន​ទូទាត់​បំណុល​ពន្ធ​នោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​។​
 
​បើ​ផ្អែក​តាម​សេចក្ដីជូនដំណឹង​ដដែល វិធានការ​តឹងរឹង​ក្នុងការ​ទារបំណុល​ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ  និង​រដ្ឋាករ ដើម្បី​បញ្ឈប់​ការនាំចេញ​-​នាំចូល និង​សហការ​ជាមួយ​ធនាគារជាតិ ដើម្បី​ឃាត់ទុក​គណនី​ធនាគារ​អ្នក​ជាប់ពន្ធ​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​សហការ​ជាមួយ​តុលាការ ដើម្បី​ឃុំគ្រង និង​រឹបអូស​ទ្រព្យសម្បត្តិ និង​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រួមទាំង​ឃាត់ទុក​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ និង​ភាគហ៊ុន​។ ម្យ៉ាងទៀត ទុកជា​មោ​ឃៈ នូវ​លិខិតអនុញ្ញាត និង​អាជ្ញា​បណ្ណ​ផ្សេងៗ​។​
 
​សូមបញ្ជាក់ថា នាយក​, ម្ចាស់​សហគ្រាស ដែល​ត្រូវ​ទូទាត់​បំណុល​ពន្ធ នឹងត្រូវ​បង់ពន្ធ​នៅ​ទីតាំង​ពន្ធដារ​កែង​មហាវិថី​សហព័ន្ធ​រុស្សី និង​មហាវិថី​ម៉ៅ​សេទុង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក បន្ទប់​លេខ ២០៨ ទាក់ទង​តាម​ទូរ​សព្ទ​លេខ ០២៣ ៨៨៤ ៨០០៕

Tag:
 អគ្គនាយកដ្ឋាន​ពន្ធដា​រ​
  សហគ្រាស​
  បំណុល​
  ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com