កីឡាជាតិ
ជាតិ
បុណ្យទន្លេ ៖ លោក វ៉ាត់ ចំរើន ថាការប្រកួតកីឡាក្នុងថ្ងៃទី១ ទទួលបានការគាំទ្រច្រើន
× លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានវាយតម្លៃថា ការប្រកួតកីឡាក្នុងថ្ងៃទី១នៃពិធីបុណ្យទន្លេលើកទី៤នៅខេត្តកណ្តាល ទទួលបានការគាំទ្រច្រើនពីមហាជន បើធៀបទៅនឹងបុណ្យទន្លេ៣លើកកន្លងមកនេះ។ គ្រាន់តែពីព្រឹកដល់ល្ងាចដោយមិនរាប់បញ្ចូលទាំងពេលយប់អគ្គលេខាធិការរូបនេះអះអាងថា ទទួលបានអ្នកគាំទ្រប្រមាណជិត១ម៉ឺននាក់។ អ្វីដែលសំខាន់ការប្រកួតកីឡានីមួយៗ បានដំណើរការទៅយ៉ាងរលូន មិនមានបញ្ហាអាក្រក់អ្វីកើតឡើងនោះទេ។
«យើងអាចវាយតម្លៃថាក្នុងសកម្មភាពគាំទ្រការប្រកួតកីឡារបស់យើងក្នុងថ្ងៃនេះ(ពីព្រឹកដល់ល្ងាច)មានការផុលផុស និងច្រើនជាងលើកមុនៗ ពិសេសយើងទទួលបានជោគជ័យល្អទាំងសុវត្ថិភាព និងសន្តិសុខ ពោលគឺមិនមានបញ្ហាអ្វីប៉ះពាល់ដល់សុវត្ថិភាពកីឡាករនោះទេ»។ នេះជាការវាយតម្លៃចំពោះការគាំទ្ររបស់មហាជន និងសកម្មភាពប្រកួតកីឡារបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ NOCC។
គ្រាន់តែពីព្រឹកដល់ល្ងាចដោយមិនរាប់បញ្ចូលពេលយប់ សកម្មភាពកីឡាបានទាក់ទាញអ្នកចូលរួម ក៏ដូចជាអ្នកគាំទ្រប្រមាណជិត១ម៉ឺននាក់ ដែលនាំឲ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៤នៅក្រុងតាខ្មៅខេត្តកណ្តាលមានភាពអ៊ូអរតាំងពីព្រឹកដល់ល្ងាច។ ការទទួលបានការគាំទ្រយ៉ាងផុសផុលនេះ អាចមកពីខេត្តកណ្តាលមានទីតាំងជិតរាជធានីភ្នំពេញ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន។
អគ្គលេខាធិការ NOCC រូបនេះ បានទុកការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់របស់មហាជនជាសញ្ញាណមួយដ៏ល្អក្នុងការទាក់ទាញយុវជនឲ្យរួមលេងកីឡា និងជាក្តីសង្ឃឹមក្នុងដំណើរឆ្ពោះទៅត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣។ លោកបានបន្តយ៉ាងដូច្នេះថា៖«បើប្រជាពលរដ្ឋយើងគាត់យល់ដឹងពីអត្ថប្រយោជន៍នៃកីឡា ឲ្យគាត់ចូលរួមផង គាំទ្រផងនឹងធ្វើឲ្យកីឡាយើងជោគជ័យ។ ហើយជួយជំរុញឲ្យអ្នកមានទេពកោសល្យក្នុងកីឡាជំនាញមានកាន់តែច្រើន កាលណាមានច្រើនវាធ្វើវិស័យកីឡាយើងមានសក្តានុពល និងឧត្តមភាពនៅលើឆាកអន្តរជាតិ»។
កីឡាដែលបានប្រកួតក្នុងថ្ងៃទី១រួមមានរត់ប្រណាំងកម្សាន្ត ប្រណាំងទូកប្រពៃណីខ្នាតវែង ប្រដាល់គុនខ្មែរ អុកចត្រង្គ និងបាល់ទាត់។ បើយោងតាមលោក វ៉ាត់ ចំរើន កីឡារត់ប្រណាំងកម្សាន្តបានទាក់ទាញអ្នកចូលរួមប្រមាណជាង៥ពាន់នាក់ ដែលមានចំនួនច្រើនជាងក្នុងចំណោមកីឡាទាំងអស់ ខណៈប្រណាំងទូក បាល់ទាត់ និងប្រដាល់គុនខ្មែរ ឈរលេខរៀងជាបន្តបន្ទាប់៕
Tag:
បុណ្យទន្លេ
វ៉ាត់ ចំរើន
ខេត្តកណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com