កីឡាជាតិ
ជាតិ
AFC Cup៖ បឹងកេតរបូតពីរគ្រាប់ត្រឹម៦នាទី ក្រោយ Gbenga រងពិន័យកាតក្រហម កីឡាករ Shahril Ishak អបអរ ក្រោយ រកគ្រាប់បាល់បានឲ្យក្រុម Home United
× ក្រុមបឹងកេតបានរងការខកចិត្តយ៉ាងធ្ងន់ធ្ងរក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះសិង្ហបុរី Home United ក្នុងលទ្ធផល ៦-០ នាជំនួបជើងទី២វគ្គជម្រុះពានរង្វាន់ AFC Cup 2018 កាលពីល្ងាចថ្ងៃទី១៤ មីនា នៅកីឡដ្ឋាន Jalan Besar Stadium។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Gbenga Samuel Ajayi រងពិន័យកាតក្រហមក្រោយប៉ះទង្គិចជាមួយខ្សែការពារ Juma'at Jantan។ ក្នុងពូល F នេះដែរក្រុម Ceres Negros របស់ហ្វីលីពីនបានយកឈ្នះម្ចាស់ផ្ទះមីយ៉ាន់ម៉ា Shan United ក្នុងលទ្ធផល ១-០។
ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Gbenga Samuel Ajayi ត្រូវបានអាជ្ញាកណ្តាលកាត់សេចក្តីឆាយនីសតៃប៉ិ Yu Ming-hsun ពិន័យកាតក្រហម ក្រោយប៉ះទង្គិចជាមួយខ្សែការពារ Juma'at Jantan របស់ក្រុម Home United នៅនាទីទី៨១។ ក្រោយការពិន័យកាតក្រហមរបស់ Gbenga បឹងកេតបានរបូតគ្រាប់បាល់ពីរគ្រាប់ជាបន្តបន្ទាប់ត្រឹមរយៈពេល៦នាទី។ គ្រាប់បាល់ទាំងពីរនេះសម្រេចដោយកីឡាករ Anumanthan Kumar មួយគ្រាប់នៅនាទីទី៨៣ មុនខ្សែបម្រើ Izzdin Shafiq បន្ថែម១គ្រាប់ទៀតនៅនាទីទី៨៧។
កីឡាករ Gbenga Samuel Ajayi ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម
មុនគ្រាប់បាល់របស់កីឡាករទាំងពីរខាងលើកើតឡើង នាការប្រកួតកាលពីល្ងាចថ្ងៃទី១៤ ខែមីនា នៅកីឡដ្ឋាន Jalan Besar Stadium ខ្សែបម្រើប្រយុទ្ធ Shahril Ishak បានរកគ្រាប់បាល់នាំមុខ ១-០ សម្រាប់ Home United នៅនាទីទី៣៧ មុនខ្សែបម្រើកូរ៉េខាងត្បូង Song Ui-young បន្ថែម១គ្រាប់ទៀតនៅនាទីទី៤៤ ដើម្បីបង្កើនការនាំមុខ ២-០ ក្នុងវគ្គទី១។
ការប្រកួតវគ្គទី២ដំណើរការបាន១០នាទីខ្សែការពារ Faritz Abdul Hameed បានសម្រេចគ្រាប់ទី៣សម្រាប់ Home United មុនខ្សែការពារ Anumanthan Kumar សម្រេចគ្រាប់ទី៤ ដើម្បីបង្កើនការនាំមុខ ៤-០ សម្រាប់ Home United នៅនាទី៧២។ ក្រោយចប់ការប្រកួត៩០នាទី ក្រុមម្ចាស់ផ្ទះសិង្ហបុរី Home United បានយកឈ្នះក្រុមបឹងកេតក្នុងលទ្ធផល ៦-០ ដើម្បីឡើងទៅឈរលេខរៀងទី២ក្នុងពូល F ជាបណ្តោះអាសន្នដោយមាន៧ពិន្ទុ។
សម្រាប់ការប្រកួតនៅកីឡដ្ឋាន Thuwunna Stadium ក្រុមភ្ញៀវ Ceres Negros របស់ហ្វីលីពីនបានយកឈ្នះក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ាក្នុងលទ្ធផល ១-០ ដែល១គ្រាប់របស់ក្រុមភ្ញៀវសម្រេចដោយខ្សែបម្រើអេស្ប៉ាញ Bienvenido Maranon។ ជ័យជម្នះនេះ ជួយឲ្យក្រុមហ្វីលីពីនមួយនេះឈរកំពូលតារាងពូល F នៃ AFC Cup 2018 ជាបណ្តោះអាសន្នដោយមាន១០ពិន្ទុ។
ចំណែកក្រុមបឹងកេតឈរបាតតារាងដោយមាន៣ពិន្ទុក្រោយ៤ប្រកួតឈ្នះ១ និងចាញ់៣ប្រកួត។ សម្រាប់ប្រកួតបន្ទាប់ក្រុមបឹងកេតត្រូវទទួលក្រុមភ្ញៀវ Ceres Negros របស់ហ្វីលីពីននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។ ក្រោយមកនៅថ្ងៃទី២៥ មេសា បឹងកេតត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា Shan United នៅកីឡដ្ឋាន Thuwunna Stadium៕
Tag:
AFC Cup 2018
បឹងកេត
Home United
© រក្សាសិទ្ធិដោយ thmeythmey.com