ជាតិ
សហភា​ពអឺរ៉ុប​៖ ការបំបាត់​បក្សប្រឆាំង ស្មើនឹង​ការបំបាត់​ប្រជាធិបតេយ្យ
15, Mar 2018 , 9:59 pm        
រូបភាព
សកម្មភាព ដែលសមត្ថកិច្ចដកផ្ទាំងគណបក្សសង្គ្រោះជាតិ។ រូបពីហ្វេសបុក Luon Sovath
សកម្មភាព ដែលសមត្ថកិច្ចដកផ្ទាំងគណបក្សសង្គ្រោះជាតិ។ រូបពីហ្វេសបុក Luon Sovath
​ភ្នំពេញ​៖ សហភាពអឺរ៉ុប ចាត់ទុក​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុមប្រឆាំង រហូតដល់​រំលាយ​គណបក្ស​របស់​ពួកគេ​ចោល ថា​ជា​ដើមទង ដែល​រុញច្រាន​កម្ពុជា ឲ្យ​ចាក​ឆ្ងាយ​ពី​ប្រជាធិបតេយ្យ​។ ភាគី​បក្ស​កាន់អំណាច និយាយ​បញ្ច្រាស់​ថា វិធានការ​លើ​ក្រុមប្រឆាំង គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។



​សហភាព​អឺរ៉ុប បានចេញ​សេចក្តីថ្លែងការណ៍ជាថ្មី​ម្តងទៀត ដោយ​បង្ហាញ​ក្តីបារម្ភ​កាន់តែខ្លាំង​ជាង​មុន ពី​ស្ថានភាព​នយោបាយ និង​ការធ្លាក់ចុះ​នៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ សេចក្តីថ្លែងការណ៍​នោះ ត្រូវបាន​តំណាង​សហភាព​អឺរ៉ុប យកទៅ​អាន​នៅក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២0១៨​។

​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ នា​ឆ្នាំ​២0១៨​នេះ ត្រូវ​ចំណាយពេល​ដល់​ទៅ​២៩​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៦ ខែកុម្ភៈ ដល់​ថ្ងៃទី​២៣ ខែមីនា​។ ស្ថានភាព​សិទ្ធិមនុស្ស​នៅតាម​ប្រទេស​នានា ដែល​រួមទាំង​កម្ពុជា​ផង​នោះ ត្រូវបាន​សហភា​ពអឺរ៉ុប  លើក​យកទៅ​បរិយាយ នៅក្នុង​កិច្ចប្រជុំ​ខាងលើ​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍ សហភាព​អឺរ៉ុប បាន​លើកឡើងថា ការបង្ក្រាប​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​។ សហភាពអឺរ៉ុប បាន​រម្លឹក​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​បក្ស​កាន់អំណាច ឲ្យ​ផ្លាស់ប្តូរ​ឥរិយាបទ​ឲ្យ​បាន​ឆាប់រហ័ស ចំពោះ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ទាំងអស់​របស់​គណបក្ស​នេះ ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​។ សហភាពអឺរ៉ុប  ឆ្លៀត​អំពាវនាវ​ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាបន្ទាន់​។ 

​សហភាពអឺរ៉ុប បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា​៖«​ការបំផ្លាញ​បក្សប្រឆាំង ជាការ​ដើរ​ចេញពី​ផ្លូវ​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ ដែល​បក្សប្រឆាំង​ដ៏​ធំ ត្រូវបាន​ដកចេញ​តាម​អំពើ​ចិត្ត មិនមែនជា​រឿង​ស្របច្បាប់​នោះទេ​»​។​

​ក្រៅពីនេះ សហភាពអឺរ៉ុប ក៏​រំពឹង​ទុកជាមុន​ផងដែរ​ថា រដ្ឋាភិបាល​កម្ពុជា នឹង​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល បំពេញ​តួនាទី​ឲ្យ​បាន​ពេញលេញ និង​ស្របតាម​លក្ខន្តិកៈ​របស់​ពួកគេ​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នៅតែ​អះអាង​ដដែល​ថា ចំណាត់ការ​លើ​ក្រុមប្រឆាំង គឺ​ស្របតាម​ច្បាប់​។ លោក បកស្រាយ​ផ្ទុយ​ពីស​ហភា​ពអឺរ៉ុប​ថា ចំណាត់ការ​ទាំងនោះ ដើម្បី​ពង្រឹង​នីតិរដ្ឋ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក បន្តថា កម្ពុជា មិនអាច​ដោះលែង​លោក កឹម សុខា មិនអាច​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ ហើយក៏​មិនអាច​ផ្តល់​សិទ្ធិ​នយោបាយ​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នេះដែរ​។

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ការលើកឡើង​របស់​ស​ហ​ភា​ពអឺរ៉ុប គឺ​ផ្ទុយ​ពី​ការពិត​និង​ភាពជាក់ស្តែង​នៅ​កម្ពុជា​។ សហភាពអឺរ៉ុប មិនមែនជា​ចៅហ្វាយនាយ​របស់​កម្ពុជា​និង​ប្រជាជន​យើង​ទេ​។ ប្រទេស​យើង គឺ​ឯករាជ្យ​។ ដូច្នេះ សំណើ​របស់​សហភាពអឺរ៉ុប អត់​មាន​ប្រសិទ្ធភាព​ទេ​។ យើង មិនអាច​ទទួលយកបាន​ឡើយ​ចំពោះ​សំណើ​បែបនេះ​»​។​

​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ ហើយ​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន សហភា​ពអឺរ៉ុប និង​សហរដ្ឋអាមេរិក បានចេញ​មុខមាត់​ខ្លាំងជាងគេ ក្នុងការ​ប្រ​ឈ​មុខ​ដាក់​រដ្ឋាភិបាល​កម្ពុជា​។ ប្រទេស​ធំៗ​ទាំងពីរ បានដាក់​ទណ្ឌកម្ម​ផង​និង​ផ្តាច់ជំនួយ​ផង ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែលម្អ​ស្ថានភាព​ឡើងវិញ​។

​យ៉ាងណាក៏ដោយ វិធា​ការ​ជា​ហូរហែ​របស់​សហភា​ពអឺរ៉ុប​និង​សហរដ្ឋអាមេរិក នៅ​មិនទាន់មាន​ឥទ្ធិពល​មកលើ​រដ្ឋា​ភិ​បាលកម្ពុជា ឲ្យ​ធ្វើតាម​ការចង់បាន​រប​ស់​ពួកគេ​ឡើយ​។ រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច ថែមទាំង​ព្រមាន​ត្រឡប់​ទៅវិញ​ថា បរទេស​មិនអាច​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ជាដាច់ខាត​៕


Tag:
 អឺរ៉ុប​
  កម្ពុជា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com