អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី​៖«​អូស្ត្រាលី​ក្លាយជា​សមាជិក​អាស៊ាន​ជា​រឿង​ល្អ​សម្រាប់​ស្ថិរភាព​នយោបាយ​និង​សេដ្ឋកិច្ច​»
16, Mar 2018 , 2:15 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ បានបង្ហាញ​ការយល់ឃើញថា វា​ជា​រឿង​ល្អ​ដែល​អូ​ស្ត្រា​លី​អាច​ក្លាយជា​សមាជិក​អាស៊ាន ដោយ​លោក​កត់សម្គាល់ថា វា​នឹង​អាច​ជំរុញ​កិច្ចសហប្រតិបត្តិការ​បា​ន​ស៊ីជម្រៅ និង​បង្កើន​ស្ថិរភាព នយោបាយ និង​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ផងដែរ​។ ការលើកឡើង​នេះ​ទទួលបាន​ការស្វាគមន៍​ពី​សំណាក់​គណបក្ស​ការងារ​ជា​បក្សប្រឆាំង និង​បក្ស​កាន់អំណាច​សេរីភាព​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​អូស្ត្រាលី​ផង​នោះ​។



​ក្នុង​បទសម្ភាសន៍​មួយ​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន  Fairfax Media​មុនពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​ចាប់ផ្តើម ពេល​សាកសួរ​ពី​ការចូលរួម​របស់​អូស្ត្រាលី​ជាមួយ​អាស៊ាន លោក ចូ​កូ បាន​ឆ្លើយតប​ដូច្នេះ​៖« វា​ជា​គំនិតល្អ​ដែល​អូស្ត្រាលី​អាច​ចូល​ជា​សមាជិក​អាស៊ាន​នោះ​។ នេះ​ក៏​ព្រោះថា តំបន់​ទាំងមូល​នឹង​ប្រសើរឡើង​សម្រាប់​ស្ថិរភាព​សេដ្ឋកិច្ច​និង​ស្ថិរភាព​នយោបាយ​។ ពិតណាស់ វា​នឹង​ប្រសើរឡើង​»​។

​មេដឹកនាំ​ឥណ្ឌូណេស៊ី​នេះ យល់ឃើញថា ការចូលរួម​របស់​អូស្ត្រាលី​ក្នុង​ក្រុម​ប្រទេស​អាស៊ាន​នឹងធ្វើ​ឲ្យ​តំបន់​ទាំងមូល​មាន​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​តំបន់ ព្រោះ​អូស្ត្រាលី​មាន​តួនាទី​ធំ​ក្នុង​វិស័យ​ការពារជាតិ សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​សន្តិសុខ​ជាដើម​។​

​ពាក់ព័ន្ធ​នឹង​គំនិត​ចង់​ឲ្យ​អូស្ត្រាលី​ជា​សមាជិក​អាស៊ាន លោក ម៉ា​ល់​ខុម ធើ​ន​ប៊ូល ឯណោះ​វិញ មានប្រសាសន៍ថា លោក​កំពុង​រង់ចាំ​ជជែក​ពិភាក្សា​លម្អិត​ពី​បញ្ហា​នេះ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ក្នុងករណី​ដែល​មេដឹកនាំ​រដ្ឋ​អាស៊ីអាគ្នេយ៍​រូបនេះ​លើកឡើង​ពី​បញ្ហា​នេះ​ពេល​ជួបគ្នា​នោះ​។​

​លោក ធើ​ន​ប៊ូល អះអាងថា អូស្ត្រាលី​រង់ចាំ​ការអញ្ជើញ​របស់​អាស៊ាន ហើយ​អូស្ត្រាលី​គោរព​អាស៊ាន និង​នៅតែ​ចាត់ទុក​អាស៊ាន​ជា​អង្គការ​តំបន់​ដែល​សំខាន់ និង​មាន​តួនាទី​ស្នូល​ក្នុង​តំបន់​ផងដែរ​។

​នៅ​ថ្ងៃ​១៦ ខែមីនា​នេះ លោក ធើ​ន​ប៊ូល អញ្ជើញលោក ចូ​កូ ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​ឯកជន​នៅផ្ទះ​របស់លោក​ផង ហើយ​លោក ចូ​កូ បាន​អះអាងថា ការអញ្ជើញ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​បំផុត​រវាង​លោក និង​លោក ធើ​ន​ប៊ូល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​បង្ហាញ​ពី​ការគោរព​គ្នា​ទៅវិញទៅមក​ដែរ​។​

​តាមពិតទៅ មាន​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​មុនៗ​ច្រើន​នាក់​ដែរ ដែល​ធ្លាប់​ចង់​លើក​ពី​គំនិត​ចង់​ឲ្យ​អូស្ត្រាលី​ជា​សមាជិក​អាស៊ាន​នោះ ប៉ុន្តែ​មេដឹកនាំ​ទាំងនោះ​មិន​ដែរ​លើក​គំនិត​នោះ​ពេល​ពួកគេ​កំពុង​កាន់តំណែង​ឡើយ​។ ម្យ៉ាង​គំនិត​នេះ​ហាក់​មិនសូវ​បានទទួល​បានការ​ចាប់​អារម្មណ៍​ពី​សំណាក​មេដឹកនាំ​អាស៊ាន​ឡើយ​កន្លងមក​។

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រាលី Sydney Morning Herald កាលពី​ឆ្នាំ ២០០២ គំនិត​បង្កើត​ចំណងមិត្តភាព​ស៊ីជម្រៅ​ជាមួយ​អាស៊ាន​ត្រូវបាន​លើកឡើង​ដោយ​នាយករដ្ឋមន្ត្រី John Howard ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​កាលណោះ​គឺ​លោក មហាម៉ាត់ មហា​ធា មិន​ស្វាគមន៍ ហើយ​មេដឹកនាំ​ឥណ្ឌូណេស៊ី​កាលណោះ​គឺ​លោកស្រី មេ​ហ្កា​វ៉ា​ទី ស៊ូ​កា​ណូ​ពូ​ទ្រី (Megawati Sukarnoputri) ក៏​នៅ​ស្ទាក់ស្ទើរ​ចំពោះ​បញ្ហា​នេះ​ដូចគ្នា​។

​ត្រឡប់មកវិញ អូស្ត្រាលី​ចាត់ទុក​អាស៊ាន​ជា​តួអង្គ​សំខាន់​នៅក្នុង​តំបន់ ហើយ​ការបង្កើត​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយគ្នា​ជា​រឿង​អាទិភាព​របស់​អូស្ត្រាលី​។  នៅ​ដើម​សប្តាហ៍​នេះ លោកស្រី​ប្រមុខ​ការទូត​អូស្ត្រាលី ជូ​លី ប៊ី​សប (Julie Bishop) បាន​ប្រដូច​អាស៊ាន​ទាំងមូល​ជា​បេះដូង​នៃ​គោលនយោបាយ​ការបរទេស​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អូស្ត្រាលី​ផងដែរ​។ លោកស្រី​បង្ហាញ​ការយល់ឃើញ​ផងដែរ​ថា វា​ជា​រឿង​សំខាន់ និង​ជា​កិត្តិយស​សម្រាប់​អូស្ត្រាលី​ដែល​អាច​ទទួល​បានការ​អញ្ជើញ​ឲ្យ​ចូលរួម​នោះ ហើយ​អូស្ត្រាលី​នឹង​ពិចារណា​ឲ្យ​បាន​ដិតដល់​ពី​បញ្ហា​នេះ​ដូចគ្នា​។

​ការស្វាគមន៍​អូស្ត្រាលី​ចូល​ជា​សមាជិក​អាស៊ាន​របស់​ប្រធានាធិបតី ចូ​កូ ទទួលបាន​ស្វាគមន៍​ខ្លាំង​ដែរ​ពី​បញ្ហា​អ្នកនយោបាយ​អូស្ត្រាលី​ជាពិសេស​គណបក្ស​កា​ងារ​ដែលជា​បក្សប្រឆាំង និង​បក្ស​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​បច្ចុប្បន្ន​ដូចជា​បក្ស​សេរីភាព​ផង​។ អ្នកនាំពាក្យ​បក្សប្រឆាំង​លោកស្រី Penny Wong បាន​លើកឡើងថា គណបក្ស​ការងារ​កំណត់​យក​អាស៊ាន​ជា​គោលដៅ​អាទិភាព​ចាប់ពី​ជំនាន់​រដ្ឋាភិបាល​លោក Gough Whitlam ដែល​បង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​អាស៊ាន​នៅ​ឆ្នាំ ១៩៧៤​ម្ល៉េះ​។ អាស៊ាន​មាន​សារសំខាន់​សម្រាប់​អូស្ត្រាលី និង​តំបន់​ទាំងមូល​។

​កាលពី​ចុងខែ​កុម្ភៈ​កន្លងមកនេះ វិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលី (ASPI) បានផ្តល់​យោបល់​ថា អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​គួរតែ​ចូលរួម​ជា​សមាជិក​អាស៊ាន​ក្នុង​កម្រិត​ថ្មី ជា​«​ដៃគូ​នៃ​សហគមន៍​អាស៊ាន​»​។  គេ​កត់សម្គាល់ថា​ប្រទេស​អាស៊ាន​រង​សម្ពាធ​ដោយសារ​ការ​ប្រជែង​អំណាច​រវាង​មហា​មហាអំណាច​គីឡូ​ធ្ងន់​ដូចជា អាមេរិក ចិន ជប៉ុន និង​ឥណ្ឌា​នោះ​។ ដូច្នេះហើយ វា​ជា​រឿង​វិជ្ជមាន​ដែល​អាស៊ាន​មាន​សមាជិក​មហាអំណាច​មាន​គីឡូ​មធ្យម​ដូចជា អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ចូលរួម​ជាមួយ​ខ្លួន​នោះ​។​

​កន្លងមក​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក  Paul Keating បាន​តស៊ូ​មតិ​ដោយ​ជំរុញ​ឲ្យ​អូស្ត្រាលី​ចូលរួម​ជា​សមាជិក​អាស៊ាន​ដើម្បី​ធានា​សន្តិសុខ​តំបន់​អាស៊ី​ផង​។ បច្ចុប្បន្ន​អូស្ត្រាលី​ក្លាយខ្លួនជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​អាស៊ាន​រួចទៅហើយ​។ ប៉ុន្តែ​ក្រសួងការបរទេស​អូស្ត្រាលី លើក​ពី​កង្វល់​របស់ខ្លួន​ផងដែរ កាលណា​បើ​អូស្ត្រាលី​ចូលរួម​ជា​សមាជិក​អាស៊ាន​នោះ​។ បញ្ហា​ធំ​គឺ​អូស្ត្រាលី បាត់បង់​ឯ​រាជ្យ និង​លែងមាន​សិទ្ធិ​រិះគន់​បណ្តា​រដ្ឋាភិបាល​អាស៊ាន​ដែល​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ​៕


Tag:
 ​ចូ​កូ វី​ដូ​ដូ​
  អូស្ត្រាលី​
  ម៉ា​ល់​ខុម ធើ​ន​ប៊ូល​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com