ជាតិ
សិល្បះ
សិល្បករ​សហ​សម័យ​ខ្មែរ​៧​រូប នឹង​បង្ហាញ​ស្នាដៃ​ប៉ិនប្រសប់របស់ខ្លួន​នៅ​បរិវេណ​ស្ថានទូត​បារាំង​
17, Mar 2018 , 5:04 pm        
រូបភាព
«​ដំណើរ​ត្រាច់ចរ​សិល្បៈ​» ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី «​បារាំង​ពីរ​សប្តាហ៍​នៅ​ភ្នំពេញ​» នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤ និង​ទី​២៥ ខែមីនា នៅ​បរិវេណ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​។ សិល្បករ​ខ្មែរ​៧​រូប នឹង​បង្ហាញ​ស្នាដៃ​សហ​សម័យ​ប្រកបដោយ​ទេពកោសល្យ និង​ប៉ិនប្រសប់របស់ខ្លួន​។​


អត្ថបទទាក់ទង
 
​ការកែច្នៃ​ប្រឌិត​វត្ថុ​ដែល​គេ​បោះបង់ចោល​ទៅជា​ស្នាដៃ​សិល្បៈ ជំនាញ​ថតរូប​ដែល​បង្កប់​អត្ថន័យ​អប់រំ ជាពិសេស​ការលើកកម្ពស់​បរិស្ថាន នឹងត្រូវ​បង្ហាញ​ជា​សាធារណៈ​ក្នុង​បរិវេណ​សួនច្បារ​ស្ថានទូត​បារាំង​នៅ​កម្ពុជា ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៥ ខែមីនា ក្នុង​កម្មវិធី «​បារាំង​ពីរ​សប្តាហ៍​នៅ​ភ្នំពេញ​»​។​
 
​សិល្បករ​ខ្មែរ​៧​រូប ដែល​បង្កើតបាន​នូវ​ស្នាដៃ​សិល្បៈ​បែប​សហ​សម័យ​ជាច្រើន ហើយ​ស្នាដៃ​មួយចំនួន​ត្រូវបាន​យកទៅ​តាំង​ពិ​ព័រ​ណ៌​នៅ​បរទេស​ផងដែរ​នោះ រង់ចាំ​ការលើកទឹកចិត្ត​ពី​ជនរួមជាតិ និង​មិត្ត​បរទេស ចំពោះ​ការតាំង​បង្ហាញ​ស្នាដៃ​ក្នុង «​ដំណើរ​ត្រាច់ចរ​សិល្បៈ​» នៅ​ចុង​សប្តាហ៍​ខាងមុខ​។​
 
​សិល្បករ​កម្ពុជា​ទាំង​៧​រូប រួមមាន​៖
​លោក ថាំង សុធា អ្នក​កំពង់ចាម ដែល​បច្ចុប្បន្ន​មាន អាយុ​៣៥​ឆ្នាំ នឹង​បង្ហាញ​ស្នាដៃ​លើ​ការកែច្នៃ​សំបក​កំប៉ុង​ឲ្យ​ក្លាយជា​ទៅជា​ទម្រង់​បែប​សិល្បៈ​មួយ​ដ៏​រស់​រវើក​។ ស្នាដៃ​របស់​សិល្បករ​ដែ​ល​មាន​សញ្ញាបត្រ​ស្ថាបត្យកម្ម និង​នគររូបនីយកម្ម​រូបនេះ ក៏​ធ្លាប់​បង្ហាញ​វត្តមាន​នៅក្រៅ​ប្រទេស​ផងដែរ​។



លោក ភើ សុ​ផុន ផ្តល់​តម្លៃ​យ៉ាងខ្លាំង​ទៅលើ​ការថែរក្សា​បរិស្ថាន​។ លោក​បាន​បង្កើត​ស្នាដៃ​ដ៏​វិសេសវិសាល​មួយ​ដែលមាន​រូបរាង​ដូចជា មកុដ ដោយ​ប្រើប្រាស់​សម្ភារ​ធម្មតាៗ​ចេញពី​សំណល់​តាមផ្លូវ​សាធារណៈ ។ ស្នាដៃ​នេះ​បានបង្ហាញ​នូវ​សារ​ត្រង់ៗ​ជូន​ដល់​អ្នកទស្សនា ក៏ដូចជា​ប្រជាពលរដ្ឋ​ខែ្មរ​គ្រប់រូប ដែល​ទាក់ទង​នឹង​ការគោរព​បរិស្ថាន និង​សារសំខាន់​នៃ​ការកែច្នៃ​សំណល់​ប្រើ​ឡើងវិញ​នៅក្នុង​សង្គម​។​
 


​លោក ឯម រៀម ជា​បណ្ឌិត​ច្នៃ​ម៉ូដ​ដ៏​ល្បីល្បាញ​ម្នាក់​។ លោក​បាន​បង្កើត​សា្ន​ដៃ​របស់ខ្លួន​ដោយបាន​ប្រើប្រាស់​សម្ភារ​មួយចំនួន​ដូចជា ផ្តៅ ក្រចៅ ឬ​ស្សី ឬ​ឈើ លាយ​បញ្ចូល​តែមួយ ដើម្បី​បង្ហាញ​នូវ​បរិស្ថាន​ធម្មជាតិ​ដ៏​សម្បូរបែប​នៅ​កម្ពុជា​។​
 


លោក អ៊ូ វណ្ណឌី  មាន​ស្នាដៃ​២​ប្រភេទ រួមមាន​មាន​នង្គ័ល​ខ្មែរ ដែល​កែច្នៃ​ចេញពី​បំណែក​ខ្លះៗ​នៃ​អាវុធ​ដែល​បាន​បន្សល់ទុក​ពី​សង្គ្រាម និង​ស្នាដៃ​ទី​២ គឺ​រូប​សត្វ​គោព្រៃ​ដោយបាន​រំលេច​នូវ​ទម្រង់​បែប​សិល្បៈ​អ​រូបិយ​នៃ​រឿង​រាម​កេ្ត​រ៍ ដោយ​លោក​បាន​កែច្នៃ​ពី​ចេញ​ដែក ច្រ​វ៉ា​ក់​ម៉ូតូ ឬ​ច្រ​វ៉ា​ក់ក​ង់​ចាស់ៗ ពី​កន្លែង​ជាង​ជួសជុល​ម៉ូតូ និង​កង់​ជាដើម​។ 
 


លោក តោ វុ​ដ្ឋា  បង្ហាញ​នូវ​ស្នាដៃ​របស់ខ្លួន ជា​រូបចម្លាក់​នៃ​ជនភៀសខ្លួន​ទៅ​រស់​នៅតាម​ព្រំដែន ឬ​ទៅកាន់​ប្រទេស​ទី​៣ ដោយសារ​សង្គ្រាមស៊ីវិល​។ ក្នុង​អត្ថន័យ​នេះ លោក​ចង់​ឆ្លុះបញ្ចាំង​ពី​ផលវិបាក​នៃ​សង្គ្រាម​ចំពោះ​ប្រជាជន​ដែល​រស់នៅ​ក្នុងប្រទេស​។​
 


លោក នូ សារី បង្ហាញ​ស្នាដៃ​ជា​ទម្រង់​សិល្បៈ​សូន​រូប ដែល​ធ្វើឡើង​អំពី​វល្លិ​យាវ​។ ស្នាដៃ​នេះ ពណ៌នា​ពី​មនុស្ស និង​ធម្មជាតិ​ដែលមាន​ទំនាក់ទំនង​ជាមួយគ្នា​ចាប់ផ្តើម​ពី​មនុស្ស​កកើត​នៅលើ​ផែនដី​ដំបូង រហូតដល់​ពេល​ប​ច្ច​ប្បន្ន​។ 
 



លោក សុវណ្ណ ភី​ឡុង បង្ហាញ​សិល្បៈ​ថតរូប​នៅពេល​យប់​ដោយបាន​បញ្ចាំង​ពន្លឺ​ចេញពី​ភ្លើង​ម៉ូតូ ដែលជា​ឧបករណ៍​មួយ​ក្នុងការ​បង្កើតជា​សាច់រឿង​ផ្សេងៗ​ដែល​កើតឡើង​នៅក្នុង​ទីក្រុង​នាពេល​រាត្រី​។ នេះ វា​ជា​គំនិត​ថ្មី​មួយ​ដែល​បានការ​បង្កើតឡើង​ក្នុង​ស្នាដៃ​សិល្បៈ​ដ៏​សម្បូរបែប​៕
 






Tag:
 សហសម័យ
  ទូតបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com