ជាតិ
សម្តេច ហ៊ុន សែន​៖ ខ្មែរ​រស់នៅ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ដឹង​កាន់តែច្បាស់​ពី​ការរីកចម្រើន​នៅ​កម្ពុជា​
18, Mar 2018 , 2:24 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៨ ខែមីនា នៅ​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​។ នៅក្រៅ​កិច្ចប្រជុំ សម្តេច​បាន​ឆ្លៀត​ជួប​សំណេះសំណាល​ជាច្រើនលើក​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។​

 
«​ទន្ទឹមនឹង​លទ្ធផល​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស ក៏​យើង​ទទួលបាន​នូវ​ជោគជ័យ​ដ៏​ធំធេង​បំផុត​មួយទៀត គឺ​បងប្អូន​កូនក្មួយ​ខ្មែរ​ដែល​កំពុង​រស់នៅក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង អូស្ត្រាលី បាន​យល់ដឹង​កាន់តែច្បាស់​អំពី​ការរីកចម្រើន និង​ទិសដៅ​អភិវឌ្ឍន៍​នៃ​ប្រទេសជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន ក្នុង​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក មុន​ដំណើរ​វិលត្រឡប់​មកកាន់​រាជធានី​ភ្នំពេញ​វិញ​។​
 
​ប្រមុខ​រដ្ឋាភិបាល លើកឡើងថា កម្ពុជា មិនមាន​ស្ថានភាព ដូច​ការនិយាយ​មូល​បង្គា​ច់មួយ​ចំនួន​នោះឡើយ​។ សម្តេច​បាន​និយាយ​សំដៅ​ទៅកាន់​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​អូ​សេ​អា​នីថា​៖ «​ខ្ញុំ​គោរព​ស្រឡាញ់​បងប្អូន​ទាំងអស់គ្នា ទោះបី​មាន​និន្នាការ​នយោបាយ​បែបណាក៏ដោយ ព្រោះ​យើង​សុ​ទ្ឋ​តែមាន​ឈាមជ័រ​ខ្មែរ​ដូចគ្នា​»​។​
 
​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស ជាពិសេស​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វា​អាស៊ាន​និង​អូស្ត្រាលី​ត្រូវបាន​ពង្រឹង​លើ​វិស័យ​ជាច្រើន​រួមទាំង វិនិយោគ ពាណិជ្ជកម្ម ការទប់ស្កាត់​អំពើ​ភេរវកម្ម ការជួញដូរ​មនុស្ស និង​គ្រឿងញៀន និង​ការ​រួមគ្នា​ថែរក្សា​សន្តិភាព​នៅក្នុង​តំបន់​និង​ពិភពលោក​។ 
 
​ជាមួយគ្នានេះដែរ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា រដ្ឋាភិបាល​អូ​ស្រា្ត​លីកា​ន់​តែមាន​ទំនាក់ទំនង​ល្អ​ជិតស្និទ​ជាមួយ​កម្ពុជា​ដោយ​ប្រទេស​ទាំងពីរ សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជំរុញ​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស ក្នុងនោះ​រួមទាំង​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ជាង​៨៧​លាន​ដុល្លារ​ដល់​កម្ពុជា​ទៀតផង​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ នៅក្រៅ​កិច្ចប្រជុំ​នោះដែរ ក៏មាន​វត្តមាន​ពលរ​ដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី មួយក្រុម​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំងនឹង​វត្តមាន​របស់​សម្តេច ហ៊ុន សែន ផងដែរ​៕

Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com