ក្រុមកីឡាបាល់ទាត់ជម្រើសជាតិរុស្ស៊ីដែលជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់កីឡាបាល់ទាត់ FIFA World Cup លើកទី២១ ស្ថិតក្នុងពូល A ត្រូវជួប អារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប និង អ៊ុយរូហ្គាយ។ រុស្ស៊ី [រាប់បញ្ចូលទាំងកាលនៅជាសហភាពសូវៀត] ធ្លាប់បង្ហាញខ្លួន១០លើករួចមកហើយក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះចាប់តាំងពីឆ្នាំ១៩៥៨ មក។
គ្រូបង្វឹក៖ លោក Stanislav Cherchesov (រុស្ស៊ី)
កីឡាករឆ្នើម៖ ខ្សែប្រយុទ្ធ Fedor Smolov និង អ្នកចាំទី Igor Akinfeev
Fedor Smolov ដែលបច្ចុប្បន្នប្រកបអាជីពក្នុងក្លិបបាល់ទាត់ FC Krasnodar នៃលីកកំពូលរបស់រុស្ស៊ី ត្រូវបានគេរំពឹងថានឹងអាចរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិបានក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយនេះ។
ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំនេះ បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យនាជំនួយដែលរុស្ស៊ីយកឈ្នះនូវែលសេឡង់ ២-០ ក្នុងការប្រកួតបើកឆាកពាន FIFA Confederations Cup 2017។
ចំណែក អ្នកចាំទី Igor Akinfeev សព្វថ្ងៃលេងឲ្យក្រុម CSKA Moscow។ ក្នុងវ័យ ៣១ឆ្នាំ បេក្ខភាពដែលជួយ CSKA ឈ្នះពាន Russian Premier League ៦សម័យកាលធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ ១០០ដង។ ប្រធានក្រុមរូបនេះជាតួអង្គសំខាន់ និងមានឥទ្ធិពលម្នាក់ផងដែរដើម្បីជួយក្រុមម្ចាស់ផ្ទះក្នុងការប្រកួតពានលំដាប់ទី១ពិភពលោក។
ប្រវត្តិក្នុង World Cup៖
នេះជាការបង្ហាញខ្លួនលើកទី ១១ សម្រាប់ក្រុមមកពីទ្វីបអឺរ៉ុប និងជាម្ចាស់ផ្ទះ World Cup លើកទី១នេះ។ ការបង្ហាញខ្លួន១០លើកកន្លងមក រុស្ស៊ីធ្វើបានល្អបំផុតដោយអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីឆ្នាំ១៩៦៦។