អន្តរជាតិ
អ្នកនាំពាក្យ ៖ ការចាកចេញ​របស់​ហ្វីលីពីន គឺជា​ការចាប់ផ្តើម​នៃ​ទីបញ្ចប់​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
18, Mar 2018 , 7:30 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ហ្វីលីពីន​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ទំនងជា​មិន​បក​ក្រោយ​ឡើយ ក្រោយ​បញ្ជា​ឲ្យ​មានការ​បញ្ចប់​សមាជិក​ភាព​នៅក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ។ ជាមួយនឹង​ការប្រកាស​ដកខ្លួន​ពី​តុលាការអន្តរជាតិ​មួយ​នេះ រដ្ឋាភិបាល​ហ្វីលីពីន ថែមទាំង​បាន​ផ្ញើ​សារ​ថា  វា​អាចជា​ការចាប់ផ្តើម​នៃ​ទីបញ្ចប់​របស់​តុលាការអន្តរជាតិ​នេះ​ផងដែរ​។



«​ការបញ្ចប់​សមាជិកភាព​របស់​ហ្វីលីពីន​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​ក្លាយជា​ការចាប់ផ្តើម នៃ​ទីបញ្ចប់​នៃ​ស្ថាប័ន​ហើយ ដ្បិត​មាន​ប្រទេស​ជាច្រើន​ទៀត​នឹង​ធ្វើតាម​ហ្វីលីពីន ខណៈ​ប្រទេស​ដែល​មិនទាន់​ក្លាយជា​សមាជិក ក៏​អស់​ទំនុកចិត្ត​លែង​ចង់​ចូលរួម​ជាមួយ​តុលាការ​នេះ » ។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ហ្វីលីពីន Harry Roque នៅ​ថ្ងៃ​១៥ មីនា ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Jakarta Globe ។ 
​អ្នកនាំពាក្យ​បានលើកឡើង​ថា ការប្រកាស​បើក​ការពិនិត្យ និង​វិនិច្ឆ័យ​បឋម​របស់​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺជា​ការបំពាន​គោលការណ៍​ជា​មូលដ្ឋាន​មួយ​ក្នុងនាម​ជា​សមាជិក​។ លោក​មិន​បញ្ជាក់ថា ការ​បំពារបំពាន​នោះ​សំដៅលើ​ចំណុច​ណាមួយ​ច្បាស់លាស់​ឡើយ ។​
 
​ក៏ប៉ុន្តែ តាម​សេចក្តីថ្លែងការណ៍​របស់​លោក ឌូ​ទើ​តេ ដែល​ធ្វើឡើង​មុន​មួយថ្ងៃ​នៃ​សេចក្តីថ្លែងការណ៍​នេះ បាន​អះអាងថា តុលាការ​នេះ និង អ្នករាយការណ៍​សិទ្ធិមនុស្ស​ពិសេស​របស់​អង្គការសហប្រជាជាតិ អាចមាន​ទំនាក់ទំនង​សម្ងាត់​ជាមួយនឹង​គ្នា ហើយ​ពួកគេ មាន​ចេតនា ចោទប្រកាន់​លោកតា​មរយៈ​តុលាការ​ដើម្បី​ធ្វើ​ឲ្យ​លោក បាត់បង់​កិត្តិយស​នៅ​ឆាក​អន្តរជាតិ ។ 
​អ្វីដែល​គួរកត់សម្គាល់​នោះ លោក Roque ដែល​មេធាវី និង​អ្នក​ប្រឹក្សា​របស់លោក ឌូ​ទើ​តេ ក៏បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖« តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​បាត់​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ (​ហ្វីលីពីន​) នៅក្នុង​តំបន់​អាស៊ី​ហើយ » ។ ហ្វីលីពីន បាន​ក្លាយជា​សមាជិករ​បស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ឆ្នាំ ២០១១ ។ 
​បើ​និយាយ​នៅក្នុង​ក្របខណ្ឌ​អាស៊ាន មានតែ​ប្រទេស​ពីរ​ប៉ុណ្ណោះ ដែលជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ។ បើ់​ហ្វីលីពីន ពិតជា​នឹង​ចាកចេញ​មែន​នោះ កម្ពុជា នឹង​ក្លាយជា​ប្រទេស​តែមួយគត់ ដែល​នៅ​ស្មោះ​ស្ម​គ្រ័ នឹង​តុលាការ​មួយ​នេះ ៕ 
 

Tag:
 ហ្វីលីពីន​
  ICC
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com