ជាតិ
គ្រឹះស្ថានសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធជាង៣ម៉ឺន ស្រូបយកកម្លាំងពលកម្មជិត២លាននាក់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ.jpg
× ភ្នំពេញ៖ ត្រឹមឆ្នាំ២០១៧ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ មានជាង៣ម៉ឺនគ្រឹះស្ថាន ដោយបានស្រូបយកកម្លាំងពលកម្មនៅកម្ពុជា សរុបចំនួន ជិត២លាននាក់។ នេះបើតាមលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០១៤-២០១៨ នៃក្រសួងការងារ។
សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ មានចំនួន ១២ ២៨៧គ្រឹះស្ថាន បានកើនឡើងចំនួន ១០,០២ភាគរយ ហើយបានស្រូបយកកម្លាំងពលកម្ម ដែលជាកម្មករនិងនិយោជិតសរុបចំនួន ១ ៤៣៧ ៧៩៥នាក់ កើនឡើងចំនួន ២១,១ភាគរយ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមជាង ២ពាន់លានដុល្លារក្នុង១ឆ្នាំ។
ជាមួយគ្នានេះដែរ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ មានចំនួន ២២ ០៦៧គ្រឹះស្ថាន បានស្រូបយកកម្លាំងពលកម្ម កម្មករនិងនិយោជិតសរុបចំនួន ១៨៧ ៩០៩នាក់។ តាមលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ បានបញ្ជាក់ថា ៖«ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញឲ្យគ្នាទៅវិញទៅមក រវាងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ មិនត្រឹមតែប៉ុណ្ណោះ បានចូលរួមវិភាគទានយ៉ាងច្រើនក្នុងសេដ្ឋកិច្ចជាតិប្រមាណ ៦ពាន់លានដុល្លារ ក្នុង១ឆ្នាំ»។ ទន្ទឹមគ្នានោះដែរ កម្លាំងពលកម្មសរុបចំនួន ៩៩,៣ភាគរយ មានការងារធ្វើ។
ក្រសួងការងារ បានបន្តលើកឡើងថា បានផ្ដល់សេវាជួយស្វែងរកការងារ នៅក្រៅប្រទេសដល់ប្រជាពលរដ្ឋខ្មែរ មានចំនួនប្រមាណ ១,២លាននាក់ ក្នុងចំនួននេះដែរ ពលករកម្ពុជាបានទៅធ្វើការ នៅថៃចំនួន ១ ០៥៦ ៣៥៨នាក់, កូរ៉ូចំនួន ៤៤ ២២៩នាក់, ជប៉ុនចំនួន ៦ ០០០នាក់, ម៉ាឡេស៊ីចំនួន ៣០ ០០០នាក់, សិង្ហបូរីចំនួន ៤៨៧នាក់ និងតំបន់រដ្ឋបាលពិសេសហុងកុង ទើបចាប់ផ្ដើមបញ្ជូនចំនួន ១៥នាក់។
យោងទៅតាមទិន្នន័យអ្នកចុះឈ្មោះស្វែងរកការងារធ្វើមានចំនួន ១៥ ១៣៣នាក់ ហើយបានផ្សព្វផ្សាយព័ត៌មានឱកាសការងារ ចំនួន ៨៨ ៨៧៥កន្លែង។ ដូចគ្នានេះដែរ បានជួយស្វែងរកការងារដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ និងតាមរយៈវេទិការការងារនានា ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ហើយនិងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងតាមរយៈទីភ្នាក់ងារជ្រើសរើសពលករស្របច្បាប់៕
Tag:
ក្រសួងកាងារ
សហគ្រាស
© រក្សាសិទ្ធិដោយ thmeythmey.com