កីឡាជាតិ
ជាតិ
សិក្ខាកាម​២៧​រូប​បានការ​បណ្តុះបណ្តាល​ជំនាញ​ទូកក្តោង​ពី​គ្រូបង្វឹក​លំដាប់​ពិភពលោក​
23, Mar 2018 , 12:08 pm        
រូបភាព
សកម្មភាពប្រកួតកីឡាទូកក្តោង ដើម្បីអបអរបុណ្យសមុទ្រនៅខេត្តកែបកាលពីពេលកន្លងទៅ
សកម្មភាពប្រកួតកីឡាទូកក្តោង ដើម្បីអបអរបុណ្យសមុទ្រនៅខេត្តកែបកាលពីពេលកន្លងទៅ
ដោយ:
​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោម​គម្រោង​អង្គការ​សាមគ្គី​អូឡាំពិក​(OS) បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​គ្រូបង្វឹក​កីឡា​ទូកក្តោង ដើម្បី​បង្កើន​ធនធាន​គ្រូបង្វឹក​នៅ​កម្ពុជា​។ វគ្គ​បណ្តុះបណ្តាល​ដែលមាន​សិក្ខាកាម​២៧​រូប​ចូលរួម​នេះ ទទួលបាន​ការបង្ហាត់​ពី​អ្នកជំនាញ​សិង្ហ​បុរី​មកពី​សហព័ន្ធ​កីឡា​ទូកក្តោង​ពិភពលោក​។



​អត្ត​ព​លិ​ក​-​គ្រូបង្វឹក​ក​សរុប​ចំនួន​២៧​រូប​(​ស្រី​៣​រូប​) ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​កីឡា​ទូកក្តោង ពី​អ្នកជំនាញ​ជនជាតិ​សិង្ហ​បុរី​មកពី​សហព័ន្ធ​កីឡា​ទូកក្តោង​ពិភពលោក គឺ​លោក Joe Chan និង​លោក Joshua Choo​។ វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​គ្រូបង្វឹក​កីឡា​ទូកក្តោង​នេះ ប្រព្រឹត្តទៅ​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១-២៥ មីនា នៅ​ក្លិប​កីឡា​ទូកក្តោង​ខេត្ត​កែប​។​



​វគ្គ​សិក្សា​ដែល​ផ្តោត​ទាំង​ទ្រឹស្តី​និង​ការអនុវត្ត​នេះ គឺ​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​បង្ហាត់កីឡា​ទូក​ដល់​គ្រូបង្វឹក ជាពិសេស​បង្កើន​ធនធាន​គ្រូបង្វឹក​កីឡា​ទូកក្តោង​នៅ​កម្ពុជា​។ លើសពីនេះ ដើម្បី​ពង្រីក​វិស័យ​កីឡា​ទូកក្តោង​ឲ្យ​កាន់តែ​ទូលំទូលាយ​នៅតាម​បណ្តា​ខេត្ត សម្រាប់​ត្រៀម​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា ព្រោះ​សិក្ខាកាម​ដែល​ចូលរួម​វគ្គ​គ្រូបង្វឹក​នេះ​មកពី​ខេត្ត​ផ្សេងៗ​គ្នា​។  



​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានចាត់ទុក​វគ្គ​សិក្សា​នេះ ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​សិក្ខាកាម​ក្នុងការ​បង្កើន​សមត្ថភាព​របស់ខ្លួន ព្រោះ​គ្រូឧទ្ទេស​ក្នុង​វគ្គ​នេះ​សុទ្ធសឹង​ជា​អ្នកជំនាញ​ពោរពេញ​ដោយ​បទពិសោធ​ក្នុងការ​បង្ហាត់បង្រៀន​។

​លោក​បាន​បន្ថែមថា វគ្គ​សិក្សា​នេះ​នឹង​បង្ហាត់បង្រៀន​សិក្ខាកាម​ពី​រៀប​ប្រើប្រាស់​ទូកក្តោង និង​ការថែរក្សា ពិសេស​បង្ហាត់​ពី​របៀប​មើល​ខ្យល់ បច្ចេកទេស​ប្រកួត បច្ចេកទេស​បង្រៀន​សិស្ស ចិត្តសាស្ត្រ និង​បទបញ្ជា​នៃ​ការប្រកួត​ជាដើម​។​



​វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​គ្រូបង្វឹក​កីឡា​ទូកក្តោង​នេះ ត្រូវបាន​បង្កើតឡើង​ពី​ការសហការ​រវាង​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោម​គម្រោង​ថវិកា​របស់​អង្គការ​សាមគ្គី​អូឡាំពិក​៕ 




Tag:
 ទូកក្តោង​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com