កីឡាជាតិ
ជាតិ
ក្រុម​ជម្រើសជាតិ​កម្ពុជា​ចេញទៅ​តា​ហ្ស៊ី​គី​ស្ថាន​ដើម្បី​ត្រៀម​ប៉ះ​អា​ហ្វ​ហ្គា​នី​ស្ថាន​
23, Mar 2018 , 4:04 pm        
រូបភាព
ក្រុមកីឡាករជម្រើសជាតិកម្ពុជាត្រៀមចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅប្រទេសតាហ្ស៊ីគីស្ថាន, រូបភាពពីហ្វេសប៊ុក FFC​
ក្រុមកីឡាករជម្រើសជាតិកម្ពុជាត្រៀមចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅប្រទេសតាហ្ស៊ីគីស្ថាន, រូបភាពពីហ្វេសប៊ុក FFC​
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​បាន​ចាក​ចេញពី​ទឹកដី​កម្ពុជា​ទៅកាន់​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន កាលពី​ព្រឹក​ថ្ងៃទី​២៣ មីនា ឆ្នាំ​២០១៨ ដើម្បី​ត្រៀម​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រាប់​វគ្គ​ជម្រុះ AFC Asian Cup 2019 នា​ថ្ងៃទី​២៧ មីនា ខាងមុខ​។ នៅមុន​ការចាកចេញ​របស់​ក្រុម​កម្ពុជា​លើក​នេះ ពួកគេ​បាន​យកឈ្នះ​១-០ លើ​ក្រុម​ជម្រើសជាតិ​ឡាវ​។



​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ដឹកនាំ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ប្រកួត​បង្គ្រប់​ជាមួយ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រាប់​វគ្គ​ជម្រុះ​ពូ​ល C ពានរង្វាន់ AFC Asian Cup 2019 នា​ថ្ងៃទី​២៧ មីនា នៅ​កីឡដ្ឋាន Republican Central Stadium ក្នុង​ទីក្រុង​ឌូ​ស្ហា​ន់​បេ ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​។ នា​ការប្រកួត​ជើង​ទី​១​កាលពី​ថ្ងៃទី​១៣ មិថុនា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ កម្ពុជា​បាន​យកឈ្នះ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​លទ្ធផល ១-០ ដែល​គ្រាប់​បាល់​ជ័យជម្នះ​នេះ​សម្រេច​ដោយ​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​។​



​ដើម្បី​ត្រៀម​ប្រកួត​បង្គ្រប់កិច្ច​ខាងលើ លោក ប្រាក់ សុវណ្ណារ៉ា បាន​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា​ចាកចេញ​ពី​ទឹកដី​កំណើត​ទៅកាន់​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨​។ មុន​ចាកចេញ​លើក​នេះ ក្រុម​គោព្រៃ​កម្ពុជា​ទទួលបាន​កាដូ​លើកទឹកចិត្ត​ដ៏​ធំ​មួយ​តាមរយៈ​ការយក​ឈ្នះ​ក្រុម​ជម្រើសជាតិ​ឡាវ ១-០ នា​ជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​ថ្ងៃទី​២១ មីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​។

​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី ដែល​ប្តូរ​ចូល​ជំនួស​កីឡាករ ចាន់ វឌ្ឍនាកា នៅ​១០​នាទីចុងក្រោយ​នៃ​វគ្គ​ទី​២ បានតែ​តបាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ក្រោម​ការបញ្ជូន​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម ដើម្បី​បង្កើត​កាដូ​លើកទឹកចិត្ត ក៏ដូចជា​ទុន​សម្រាប់​ក្រុម​ជម្រើសជាតិ​៕   


Tag:
 ជម្រើសជាតិ​កម្ពុជា​
  AFC Asian Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com