ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថានទូត​ខ្លះ​ប្រយ័ត្នប្រយែង​ចំពោះ​ការអធិប្បាយ​លើ​ស្ថានការណ៍​នយោបាយ​ចុងក្រោយ​របស់​កម្ពុជា​
29, Mar 2018 , 3:14 pm        
រូបភាព
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី នាជំនួបដោះស្រាយនយោបាយ​កាលពីពីរ​ឆ្នាំមុន​
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី នាជំនួបដោះស្រាយនយោបាយ​កាលពីពីរ​ឆ្នាំមុន​
ដោយ: ថ្មីៗ
​បំណង​របស់លោក សម រង្ស៊ី ដែល​ចង់បាន​ការចរចា​នយោបាយ​ត្រឡប់មកវិញ មិនបាន​ផ្លែផ្កា​ឡើយ ប៉ុន្តែ​លោក សម រង្ស៊ី បានទទួល​ការវាយប្រហារ​ពាក្យសំដី​ពីស​ម្តេច ហ៊ុន សែន ទៀត​វិញ​។ ស្ថានទូត​មួយចំនួន​ក៏​មិន​អធិប្បាយ​លើ​សំណុំរឿង​នយោបាយ​ចុងក្រោយ​របស់​កម្ពុជា​នេះ​ទៀត​។



​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បង្ហើប​ពី​បំណង​ចរចា​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច​នៃ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ តាមរយៈ​រលកធាតុអាកាស​នៃ​វិទ្យុ​បារាំង​អន្តរជាតិ​ផ្សាយ​ជា​ភាសា​ខ្មែរ​កាលពី​ថ្ងៃទី​២៥​ខែមីនា លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ពី​ដីកា​ស្ថាពរ​នៃ​តុលាការ​កម្ពុជា​លើ​សំណុំ​ក្តីក្តាំ​មួយចំនួន ក៏បាន​ឆ្លៀតឱកាស​និយាយ​យកចំណេញ​ពី​ដំណើរ​ទស្សនកិច្ច​នៃ​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ជប៉ុន​នៅ​កម្ពុជា និង​ពី​សារសំខាន់​នៃ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ក្នុង​ដំណោះស្រាយ​នយោបាយ​របស់​កម្ពុជា​ដែរ​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​មិន​ត្រឹមតែ​បាន​ឆ្លើយតប​ជា​អវិជ្ជមាន​ទៅ​ចំណុច​ទាំងពីរ​ដែល​លោក សម រង្ស៊ី បានលើកឡើង​នោះឡើយ​។ ការឆ្លើយតប​រប​ស់បុ​រស​ខ្លាំង​របស់​កម្ពុជា បាន​ហៀរ​ប៉ះ​ដល់​រឿង​មួយចំនួន​ទៀតផង ដូចជា ការមិន​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​អតីត​សមាជិក​គណបក្សប្រឆាំង​ក្នុងពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខ បញ្ចប់​ការប្រើ​ទូរ​សព្ទ​របស់លោក មា​ជ សុវណ្ណារ៉ា​។​

​ពី​វេទិកា​ចែក​សញ្ញាបត្រ​ដល់​និស្សិត​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែមីនា សម្តេច ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅ​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង​យ៉ាង​ដូច្នេះ​៖«​គ្មាន​ការចរចា​ជាមួយ​ពួកក្បត់​ជាតិ​។ គ្មាន​ការចរចា​ជាមួយ​អ្នកឯង​ទេ អ្នកឯង​កុំ​សង្ឃឹមថា​មាន​ដំណោះស្រាយ​។ គ្មាន​បរទេស​ណា​មក​ត្រួត​ក្បាល ហ៊ុន សែន បានទេ​។ សុំ​និយាយ​ឲ្យ​ច្បាស់​!»​។​

​ឆ្លើយតប​មក​សារព័ត៌មាន​ថ្មីៗ ដែល​ស្នើសុំ​ការអធិប្បាយ​លើ​សំណុំរឿង​នយោបាយ​ចុងក្រោយ​របស់​កម្ពុជា​នេះ ទាំង​ស្ថានទូត​បារាំង និង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ថ្លែងថា ពួកគេ​«​មិនមាន​ការអត្ថាធិប្បាយ​»​ឡើយ​។​

​សារព័ត៌មាន​ថ្មីៗ​ក៏បាន​ផ្ញើ​សំណួរ​ទៅកាន់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ដែរ​។ លោក George Edgar ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​មិនបាន​ឆ្លើយ​ចំ​សំណួរ​ទេ ប៉ុន្តែ​បានផ្តល់​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍ និង​ការសម្រេចចិត្ត​កន្លងមក​ដែល​បង្ហាញ​ពី​ជំហរ​របស់​សហភាព​អឺរ៉ុប​ចំពោះ​កម្ពុជា​។ ការឆ្លើយតប​មួយ​របស់លោក​ឯកអគ្គ​រដ្ឋទូត George Edgar មក​សារព័ត៌មាន​ថ្មីៗ គឺជា​ផ្នែក​មួយ​នៃ​ខ្លឹមសារ​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៧ របស់​សហភាព​អឺរ៉ុប​ស្តីពី​ការព្យួរ​ជំនួយ​របស់ខ្លួន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បន្ទាប់ពី​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការហាម​សិទ្ធិ​នយោបាយ​លើ​បុគ្គល​១១៨​នាក់​។​

​តាមរយៈ​ការឆ្លើយតប​មក​សារព័ត៌មាន​ថ្មីៗ​ដដែល ប្រតិភូ​សហភាព​អឺរ៉ុប​ក៏បាន​រម្លឹក​ឡើងវិញ​នូវ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​របស់​សហភាព​អឺរ៉ុប ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ និង​ធានា​ឲ្យ​គណបក្សប្រឆាំង សង្គម​ស៊ីវិល និង​សារព័ត៌មាន​អាចអនុវត្ត​ការងារ​របស់​ពួកគេ​ដោយ​សេរី​៕


© រក្សាសិទ្ធិដោយ thmeythmey.com