កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​គ្រូ​អង់គ្លេស​លោក Capello ដើរ​ចេញពី Jiangsu Suning នៃ​លី​ក​កំពូល​ចិន​
29, Mar 2018 , 8:19 pm        
រូបភាព
រូបភាពពី (AFP)
រូបភាពពី (AFP)
​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Fabio Capello បាន​ចាក​ចេញពី Jiangsu Suning ក្នុងនាម​ជា​អ្នកដឹកនាំ​ក្រុម​នៃ​លី​ក​កំពូល​ចិន Chinese Super League មួយ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្លិប​នៅលើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃទី​២៨ ខែមីនា​។​



Capello បាន​ចូលកាន់​តំណែង​ជំនួស​អ្នកចាត់ការ​សញ្ជាតិ​កូរ៉េខាងត្បូង​លោក Choi Yong-soo កាលពី​ខែមិថុនា​ឆ្នាំមុន​ក្រោយ​ដឹកនាំ Jiangsu ធ្លាក់​ទៅ​តំបន់​ត្រូវ​កាត់ចោល​។ ក្រោយ​ជំនួស​តំណែង អតីត​អ្នកចាត់ការ Real Madrid រូបនេះ​បាន​ជួយ​ក្រុម​គេច​ផុតពី​តំបន់​គ្រោះថ្នាក់ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១២ ក្នុងចំណោម​ក្រុម​ទាំង​១៦​។​

​ក្នុង​រដូវ​កាល​ថ្មី​នេះ​សម្រាប់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី វ័យ​៧១​ឆ្នាំ គឺ​ដឹកនាំ​បានតែ​៣​ប្រកួត​ប៉ុណ្ណោះ​ក្នុងនោះ​ចាញ់​២ និង​ឈ្នះ​១​លើក ទើប​ធ្វើ​ឲ្យ​លោក​សម្រេច​ដើរ​ចេញពី​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ណាន​ជី​ង​នេះ​តែម្តង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័រ​ត៌មាន Reuters​។​

​ក្រោយ​ការចាកចេញ​របស់ Capello ក្លិប​នេះ​បាន​ក៏បាន​តែងតាំង​អ្នកចាត់ការ​សញ្ជាតិ​រ៉ូ​ម៉ា​នី​លោក Cosmin Olaroiu ដែល​ធ្លាប់​នាំ​ក្រុម Al-Ahli នៃ​លី​ក​កំពូល​របស់​អេ​មី​រេ​ត​អារ៉ាប់​រួម​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Asian Champions League ឆ្នាំ​២០១៥ ប៉ុន្តែ​ចាញ់​ក្រុម Guangzhou Evergrande ដែលជា​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Chinese Super League​។​

Capello បាន​ក្លាយជា​អ្នកចាត់ការ​ទី​២​ហើយ​ក្នុង​រដូវ​កាល​ថ្មី​នេះ​ដែល​ត្រូវ​ចាក​ចេញពី​តំណែង​បន្ទាប់ពី​ក្លិប Dalian Yifang បាន​បញ្ឈប់​លោក Ma Lin និង​ប្រកាស​អតីត​គ្រូ Real Madrid លោក Bernd Schuster ឲ្យ​ឡើង​ជំនួស​វិញ​នោះ​៕

អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  Jiangsu Suning
  Fabio Capello
  Chinese Super League
© រក្សាសិទ្ធិដោយ thmeythmey.com