ជាតិ
គ​.​ជ​.​ប​. ប្តេជ្ញា​រៀបចំ​ការបោះឆ្នោត​ឲ្យ​បានល្អ ស្របពេល​អន្តរជាតិ​ខ្លះ កំពុង​អស់ជំនឿ​
29, Mar 2018 , 8:59 pm        
រូបភាព
លោក ស៊ិ ក ប៊ុនហុក ប្រធានគជប
លោក ស៊ិ ក ប៊ុនហុក ប្រធានគជប
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​បង្ហាញ​ពី​ជំហរ​រឹងមាំ​របស់ខ្លួន ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​ឆ្នាំ​២0១៨​។ 
​សេចក្តីប្រកាស​ព័ត៌មាន​នោះ បាន​សរសេរ​ពី​ប្រសាសន៍​របស់លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​.  យ៉ាង​ដូច្នេះ​ថា​៖«​គ​.​ជ​.​ប​. ប្តេជ្ញា​រៀបចំ​ការបោះឆ្នោត​នាពេលខាងមុខ ឲ្យ​បានល្អ​ក្នុងនាម​ជា​ខ្មែរ​»​។​



​ការប្តេជ្ញា​របស់​គ​.​ជ​.​ប​. ធ្វើឡើង​ស្របពេល​ដែល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨ កាន់តែ​ខិតជិត​មកដល់​។ ម្យ៉ាងទៀត ការប្តេជ្ញា​នេះ ក៏​ចំ​ពេលដែល​សហគមន៍​អន្តរជាតិ​មួយចំនួន ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជាដើម រួមទាំង​ស្ថាប័ន​អន្តរជាតិ​ផ្សេងទៀត កំពុង​មើ​លម​កគ​.​ជ​.​ប​. ក្នុង​ផ្លូវ​អវិជ្ជមាន​។ 

​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បានចាប់ផ្តើម​មុនគេ ក្នុងការ​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​។ ការផ្តាច់​ជំនួយ​នេះ គឺ​ដោយសារតែ​ពួកគេ មិន​ពេញ​ចិត្តនឹង​ការឃុំ​លោក កឹម សុខា និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ 

​សហគមន៍​អន្តរជាតិ យល់ថា ការបោះឆ្នោត​នៅ​កម្ពុជា នឹង​មិនមាន​លក្ខណ​ប្រជាធិបតេយ្យ និង​ស្របច្បាប់​នោះទេ ប្រសិនបើ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ជាប់ឃុំ ហើយ​គណបក្ស​របស់លោក មិនបាន​ចូលរួម​។ សហគមន៍​អន្តរជាតិ ប្រកាសថា ពួកគេ ទទួលស្គាល់​ការបោះឆ្នោត លុះត្រា​តែមាន​វត្តមានរ​បស់​គណបក្ស​សង្គ្រោះ​ជាតិ​។

​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា មិន​ខ្វល់​ឡើយ ដែល​សហគមន៍​អន្តរជាតិ ផ្តាច់ជំនួយ និង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​។ រដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាសថា ការបោះឆ្នោត នឹង​ប្រព្រឹត្ត​ទៅតាម​គ្រោងទុក​៕



Tag:
 គជប​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com