ជាតិ
មហាផ្ទៃ​ហៅ​ស្នងការរង​ខេត្តតាកែវ ចូល​បំភ្លឺ​ករណី​ស្ត្រី​ម្នាក់​ចងក​កាលពី​ចុងខែ​មករា​
29, Mar 2018 , 4:08 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​ខេត្តតាកែវ ត្រូវបាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ កោះហៅ​ឲ្យ​ចូលទៅ​បំភ្លឺ នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨​នេះ ជុំវិញ​រឿងរ៉ាវ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា ដែល​ធ្វើអត្តឃាត ដោយ​ចងក​។



​លោក ឡាយ ណា​រិ​ទ្ធ គឺជា​បងប្រុស​បង្កើតរ​ប​ស់លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​។ លោក ឡាយ វណ្ណៈ ទើបនឹង​ត្រូវបាន​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​កំពុង​ទទួល​រាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋស្តីទី ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង​ជា​អភិបាល​ខេត្តតាកែវ ហើយ​ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​វិញ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

​ក្រៅពី​លោក ឡាយ ណា​រិ​ទ្ធ ក៏​នៅមាន​នគរបាល​៧​រូប​ទៀត​ដែរ ដែល​ត្រូវ​ចូលទៅ​បំភ្លឺ​ពី​ករណីនេះ​។ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់ Fresh News យ៉ាង​ដូច្នេះ​ថា​៖«​គេ​ហៅ [​ពួកគាត់​] មក​សួរនាំ ដើម្បី​ពិនិត្យ​ពាក់ព័ន្ធ​នឹង​កន្លែងកើតហេតុ​ឡើងវិញ​»​។​

​លោក ខៀវ សុភ័គ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក មិនអាច​អត្ថាធិប្បាយ​ពី​រឿងនេះ​បានទេ ដោយសារតែ​មិនទាន់​បានទទួល​ព័ត៌មាន​ច្បាស់លាស់​។ លោក និយាយ​ដូច្នេះ​ថា​៖«​ព័ត៌មាន ដែល​ពាក់ព័ន្ធ​នឹង​ក្រសួងមហាផ្ទៃ​ច្រើនណាស់​។ ហើយ​សម្រាប់​ព័ត៌មាន​នេះ ខ្ញុំ​មិនដឹង​ទេ​»​។​

​គួររម្លឹកថា ស្ត្រី​ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា មាន​វ័យ​៣៦​ឆ្នាំ បាន​ស្លាប់ ដោយ​ចងក នៅក្នុង​ផ្ទះ ដែល​ស្ថិត​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ចុងខែ​មករា ឆ្នាំ​២០១៨​។ ប៉ុន្តែ​សាធារណជន​ខ្លះ សង្ស័យថា មរណភាព​របស់​ស្ត្រី​ខាងលើ ទំនងជា​មិនមែន​ដោយសារ​អត្តឃាត​នោះទេ​៕


Tag:
 ឡាយ ណា​រិ​ទ្ធ​
  ឃាតកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com