ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី បន្ត​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​ប្រឆាំង​ការឃុំ​លោក កឹម សុខា ៦​ខែ​ទៀត
29, Mar 2018 , 10:19 pm        
រូបភាព
លោក សំ សុគង់ មេធាវី១រូប ក្នុងចំណោមមេធាវីទាំង៨រូប ដែលការពារក្តីឲ្យលោក កឹម សុខា
លោក សំ សុគង់ មេធាវី១រូប ក្នុងចំណោមមេធាវីទាំង៨រូប ដែលការពារក្តីឲ្យលោក កឹម សុខា
ដោយ: ថ្មីៗ
​ប្រសិនបើ​រៀបចំ​ទាន់ពេលវេលា ក្រុម​មេធាវី​របស់លោក កឹម សុខា នឹងដាក់​បណ្តឹងសាទុក្ខ ទៅកាន់​តុលាការ​កំពូល នៅ​ថ្ងៃស្អែក​តែម្តង (​ថ្ងៃទី​៣0 ខែមីនា ឆ្នាំ​២0១៨)​។ នេះ​ជាការ​អះអាង​របស់លោក សំ សុ​គង់ មេធាវី​មួយរូប​របស់លោក កឹម សុខា ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។



​ការដាក់​បណ្តឹងសាទុក្ខ ទៅកាន់​តុលាការ​កំពូល គឺ​ដើម្បី​សុំ​ជំទាស់​នឹង​សាលាឧទ្ធរណ៍ ដែល​យល់ស្រប​ជាមួយ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងការ​ពន្យារពេល​ឃុំ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល​៦​ខែ​ត​ទៅមុខទៀត​។ ការសម្រេច​របស់​សាលាឧទ្ធរណ៍ គឺធ្វើឡើង​ក្រោយពី​បញ្ចប់​សវនាការ នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២0១៨​។

​មេធាវី យល់ថា ការបន្ត​ឃុំ​លោក កឹម សុខា លើសពី​៦​ខែ​បែបនេះ គឺជា​ការរំលោភ​សិទ្ធិ​។ ក្រុម​មេធាវី ចង់​ឲ្យ​តុលាការ ដោះលែង​លោក កឹម សុខា ជា​បណ្តោះអាសន្ន​។ លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន តាំងពីដើម​ខែកញ្ញា ឆ្នាំ​២0១៧​មក ក្រោម​ការសង្ស័យ​របស់​តុលាការ​ថា បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។

​តាម​នីតិវិធី ជន​ត្រូវ​ចោទ អាច​ត្រូវបាន​ឃុំខ្លួន​យ៉ាងយូរ​តែ​៦​ខែ​ប៉ុណ្ណោះ​។ ក្នុងអំឡុង​៦​ខែ​នេះ ចៅក្រម​ស៊ើបសួរ ត្រូវ​សម្រេច​ថា បញ្ជូន​ជន​ត្រូវ​ចោទ​ទៅ​ជំនុំជម្រះ ឬក៏​ដោះលែង​ជា​បណ្តោះអាសន្ន​។

​យ៉ាងណាក៏ដោយ ចៅក្រម​ស៊ើបសួរ នៅតែ​អាច​បន្ត​ឃុំ​ជន​ត្រូវ​ចោទ​លើសពី​៦​ខែ ប្រសិនបើ​យល់ថា សំណុំរឿង ត្រូវការ​ការស៊ើបអង្កេត និង​ការប្រមូល​ភស្តុតាង​បន្ថែម​។ ក្នុងករណីនេះ ចៅក្រម​ស៊ើបសួរ នឹង​សម្រេច​ជា​លើក​ទី​២ ដោយ​ឲ្យ​ជន​ត្រូវ​ចោទ ជាប់ឃុំ​រយៈពេល​៦​ខែ ត​ទៅមុខទៀត​៕



Tag:
 កឹម សុខា​
  មេធាវី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com