ចាប់​ជនល្មើស​២​នាក់ ក្រោយ​បំផ្លាញ​ចម្លាក់​លិង្គ​ប្រមាណ​១០ នៅ​ស្ទឹង​លិង្គ​មួយ​ពាន់
ជាតិ
ចាប់​ជនល្មើស​២​នាក់ ក្រោយ​បំផ្លាញ​ចម្លាក់​លិង្គ​ប្រមាណ​១០ នៅ​ស្ទឹង​លិង្គ​មួយ​ពាន់
29, Mar 2018 , 5:45 pm        
រូបភាព
​សៀមរាប​៖ រូបចម្លាក់​លិង្គ​ប្រមាណ​១០ នៅ​ចំណុច​ស្ទឹង​លិង្គ​មួយ​ពាន់ ស្ថិតនៅ​ក្នុងភូមិ​ព្រៈ​អង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ  បាន​ខូចខាត ដោយសារ​ជនខិលខូច​៣​នាក់ បាន​បំផ្លាញ​។



លោក ឈាន រដ្ឋា ប្រធាន​នាយកដ្ឋាន​ស្តីទី​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ករណីនេះ​ទំនង​កើត​នៅ​យប់​ថ្ងៃទី​១៧ ខែមីនា​មកម្ល៉េះ​។

​លោក បន្តទៀតថា ក្រុមការងារ​របស់លោក ប្រទះឃើញ​មា​នន​ការបំផ្លាញ​រូប​លិង្គ​ទាំងនេះ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ហើយ​បាន​រាយការណ៍​ភ្លាម​ទៅ​នគរបាល​បេតិកភណ្ឌ ហើយ​ទើបតែ​ថ្ងៃទី​២៨ ខែមីនា ទើប​នគរបាល​ចុះមក​ពិនិត្យ និង​ស្រាវជ្រាវ​ជាក់ស្តែង​។ លោក ឈាន រដ្ឋា បន្តថា​៖«​ថ្ងៃទី​២៨ ខែមីនា ទើប​នគរបាល​ចុះមក​ពិនិត្យ និង​ស្រាវជ្រាវ​ជាក់ស្តែង ឃើញថា​រូបចម្លាក់​លិង្គ ខូចខាត​ជាង​១០​រូបចម្លាក់ និង​ចាប់បាន​ជនល្មើស​២​នាក់ ហើយ​ម្នាក់ទៀត​បាន​គេចខ្លួនបាត់​»​។

​បច្ចុប្បន្ន​នគរបាល​កំ​ពុង​ស្រាវជ្រាវ និង​តាម​ចាប់​ជនល្មើស​ម្នាក់ទៀត​ដែល​បានគេច​ខ្លួន​នោះ​។  នេះ​បើតាម​លោក ឈាន រដ្ឋា ដែល​ឲ្យ​ដឹង​ទៀតថា ជនល្មើស​ទាំង​៣​នាក់ ជា​អ្នករស់នៅ​ភូមិ​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ផ្អែក​តាម​ការសារភាព​របស់​ជនល្មើស ដែល​លោក រដ្ឋា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ពួកគេ​ពិតជា​បាន​បំផ្លាញ​រូប​លិង្គ​ទាំងនេះ​មែន ប៉ុន្តែ​មិនមែន​ក្នុង​ចេតនា​យកទៅលក់​ទេ គឺ​ពួកគាត់​មាន​ជម្លោះ​ជាមួយគ្នា ហើយក៏​ដាប់​បំផ្លាញចោល​ទៅ​»៕


Tag:
 លិង្គ​មួយ​ពាន់​
  ​ឈាន រដ្ឋា
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com