ជាតិ
​​​ន​យោ​បាយ​ជាតិ​
លុះត្រាតែ​ស្ថានការណ៍​ល្អ ទើប​គណបក្ស​ភ្លើងទៀន ចូលរួម​ការបោះឆ្នោត​
30, Mar 2018 , 11:54 am        
រូបភាព
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឡើងថ្លែងសារនៅព្រឹកថ្ងៃទី៣0 ខែមីនា ឆ្នាំ២0១៨ ក្នុងពិធីបង្សុលជូនបាតុករដែលស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកក្នុងឆ្នាំ១៩៩៧
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឡើងថ្លែងសារនៅព្រឹកថ្ងៃទី៣0 ខែមីនា ឆ្នាំ២0១៨ ក្នុងពិធីបង្សុលជូនបាតុករដែលស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកក្នុងឆ្នាំ១៩៩៧
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពេលវេលា​នៃ​ការបោះឆ្នោត​ឆ្នាំ​២0១៨ កាន់តែ​កៀក​មែនទែន​ហើយ ប៉ុន្តែ​គណបក្ស​ភ្លើងទៀន ដែលមាន​ឈ្មោះ​ដើម​ថា គណបក្ស សម  រង្ស៊ី មិនទាន់​បានគិត​នៅឡើយ​ទេ​។ គណបក្ស​នេះ នៅ​រង់​ចាំមើល​ស្ថានការណ៍​បន្តិច​ទៀន​សិន ទើប​អាច​សម្រេច​ចិត្តបាន​ថា ចូលរួម ឬក៏​មិន​ចូលរួម​។



​គណបក្ស​ភ្លើងទៀន កំពុង​ស្ទាក់ស្ទើរ​ថា ត្រូវ​ចូលរួម​ប្រកួតប្រជែង​ក្នុង​បោះឆ្នោត​នៅ​ឆ្នាំ​២0១៨ ឬ​មិន​ចូលរួម​។ មូល​ហេតុដែល​ធ្វើ​ឲ្យ​គណបក្ស​ភ្លើងទៀន ពិបាក​សម្រេចចិត្ត​បែបនេះ គឺ​ដោយសារតែ​ស្ថានការណ៍​នយោបាយ ហាក់​មិនសូវ​អំណោយផល​។

​លោក ទាវ វ​ណ្ណុល ប្រធាន​គណបក្ស​ភ្លើងទៀន បាន​លើកឡើងថា លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​បច្ចុប្បន្ន កាន់តែ​ធ្លាក់ចុះ និង​មិនបាន​បើកទូលាយ​សម្រាប់​គណបក្ស​ប្រឆាំង​នោះទេ​។ លោក និយាយ​យ៉ាងខ្លី​ថា គណបក្ស​របស់លោក ចូលរួម​ការបោះឆ្នោត​ឬ​មិន​ចូលរួម គឺ​អាស្រ័យ​លើ​ស្ថានការណ៍​នៅពេលនោះ​។

​ការ​ថ្លែង​របស់លោក ទាវ វ​ណ្ណុល ទៅកាន់​អ្នកកាសែត គឺ​នៅពេលដែល​លោក ចូលរួម​រៀបចំ​ពិធី​បង្សុកូល នៅ​ព្រឹក​ថ្ងៃទី​៣0 ខែមីនា ឆ្នាំ​២0១៨​នេះ ដើម្បី​ឧ​ទ្ធិ​ស​កុសល​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាត់​បង់ជីវិត ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក កាលពី​ថ្ងៃទី​៣0 ខែមីនា ឆ្នាំ​១៩៩៧​។ ប្រធាន​គណបក្ស​ភ្លើងទៀន បញ្ជាក់​បែបនេះ​ថា​៖«​បើ​លទ្ធិប្រជាធិបតេយ្យ នៅតែ​ធ្លាក់ចុះ​របៀប​ហ្នឹង យើង​ប្រហែលជា​មិន​ចូលរួម​ទេ​។ លុះត្រា​ស្ថានភាព​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ មាន​ភាពទូលំទូលាយ​ដូច​ពីមុន ទើប​យើង​គិតថា យើង​នឹងចូលរួម​»​។​

​សម្រាប់​សហគមន៍​អន្តរជាតិ​មួយចំនួន សិទ្ធិមនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា កំពុង​ធ្លាក់ចុះ​យ៉ាងគំហុក​។ សហគមន៍​អន្តរជាតិ វាយតម្លៃ​ដូច្នេះ ដោយសារតែ​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំ​ជាង​នៅ​កម្ពុជា ត្រូវបាន​រំលា​ចោល ហើយ​លោក កឹម សុខា ត្រូវបាន​ឃុំខ្លួន រួមទាំង​ស្ថាប័ន​សារព័ត៌មាន​ខ្លះទៀត ដូចជា វិទ្យុ​អាស៊ីសេរី និង​កាសែត ខេ​ម​បូ​ឌា ដេលី ជាដើម បាន​ដកខ្លួន​ពី​កម្ពុជា​។

​សហគមន៍​អន្តរជាតិ ដោយមាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជា​អ្នក​ចេញមុខ​ខ្លាំងជាងគេ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែប្រែ​ស្ថានការណ៍​ឲ្យ​វិល​ទៅរក​សភាព​ដើម មុន​ការបោះឆ្នោត​ថ្នាក់ជាតិ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨ មកដល់​។ ហើយ​ដើម្បី​ឲ្យ​ស្ថានការណ៍​មាន​ភាពល្អប្រសើរ​នោះ គឺ​មានតែ​ដោះលែង​លោក កឹម សុខា និង​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ​។ បើ​ពុំ​ដូច្នេះ​ទេ ប្រទេស​ធំៗ​ទាំងពីរ នឹងមិន​ទទួល​​ស្គាល់​ការបោះឆ្នោត​ឡើយ​។

​យ៉ាងណាក៏ដោយ ការទាមទារ​របស់​ស​ហគ​មន៍​អន្តរជាតិ មិនទាន់​ទទួលបាន​ផល​វិជ្ជមាន​នៅឡើយ​ទេ មកដល់ពេលនេះ​។ ផ្ទុយទៅវិញ រដ្ឋាភិបាល​កម្ពុជា មានតែ​ប្រតិកម្ម​ទៅវិញ​ថា កុំ​ឲ្យ​លូកដៃ​ចូល​កិច្ចផ្ទៃក្នុង​របស់​កម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា ប្រកាស​ជំហរ​ថា ការបោះឆ្នោត​នឹង​ដំណើរការ​តាម​ការគ្រោងទុក ដោយ​មិន​ខ្វល់​ពី​ការទទួលស្គាល់​ឬ​មិន​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​នោះទេ​៕


Tag:
 គណបក្ស​ភ្លើងទៀន​
  ទាវ វ​ណ្ណុល
© រក្សាសិទ្ធិដោយ thmeythmey.com