កីឡាជាតិ
ជាតិ
យូណេស្កូ​ចាប់​ពិនិត្យមើល​សំណើ​ដាក់​គុន​ល្បុក្កតោ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​
30, Mar 2018 , 2:49 pm        
រូបភាព
ដោយ:
​ក្រោយ​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ កញ្ចប់​ឯកសារ​សុំ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​កីឡា​គុន​ល្បុក្កតោ​ត្រូវបាន​អង្គការ UNESCO បើក​កាលពីដើម​ខែមីនា​។ ការបើក​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ​និង​វាយតម្លៃ​រក​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​មុន​បញ្ជូនទៅ​គណៈកម្មការ​ជំនាញ​ចុងក្រោយ​នៃ​អង្គការ UNESCO​។ លទ្ធផល​ជោគជ័យ ឬ​មិន​ជោគជ័យ​នៃ​ការចុះបញ្ជី​នេះ នឹង​ប្រកាស​ជា​ផ្លូវការ​នា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុននេះ​។​



​លោក វ៉ា​ត់ ចំរើន អនុប្រធាន​ទី​១​នៃ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​និយាយថា អង្គការ UNESCO បាន​បើក​កញ្ចប់​ឯកសារ​សុំ​ចុះបញ្ជី​កីឡា​គុន​ល្បុក្កតោ​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​នៃ​មនុស្សជាតិ​នៃ​អង្គការ UNESCO កាលពីដើម​ខែមីនា ឆ្នាំ​២០១៨​។ លោក​បាន​បន្តថា អង្គការ​ជំនាញ​មួយ​នេះ បាននិងកំពុង​ត្រួតពិនិត្យ និង​វាយតម្លៃ​ឯកសារ​ទាំងនេះ ដើម្បី​ស្វែងរក​ចំណុច​ខ្វះ​ដែល​ត្រូវ​បំពេញបន្ថែម​ឲ្យ​គ្រប់​លក្ខខណ្ឌ​។​



​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម និង​គ្រូបង្វឹក​ថ្នាក់ជាតិ​គុន​ល្បុក្កតោ​កាលពី​ថ្ងៃទី​២៩ មីនា លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រោម​ការតាមដាន និង​ទាក់ទង​ផ្ទាល់​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជាមួយ​អង្គការ UNESCO អន្តរជាតិ គឺ​នៅ​ដើមខែ​មីនា​នេះ គេ​ទើបតែ​បើក​កញ្ចប់​ឯកសារ​យើង​ដែល​បានដាក់​ទៅ​តែប៉ុណ្ណោះ​។ ខណៈ​ពេលនេះ​ពួកគេ​បាននិងកំពុង​ត្រួតពិនិត្យ និង​វាយតម្លៃ​រក​ចំណុច​ខ្វះខាត ដើម្បី​ឲ្យ​យើង​បំពេញបន្ថែម​»​។

​លទ្ធផល​នៃ​ការពិនិត្យ​ខាងលើ​នឹង​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​នៅ​ខែមិថុនា ឆ្នាំ​២០១៨​។ ប៉ុន្តែ​បើ​ពុំ​ឃើញ​មាន​ចំណុច​ខ្វះខាត​អ្វី​ទេនោះ ឯកសារ​ទាំងនេះ នឹង​បញ្ជូនបន្ត​ទៅកាន់​គណៈកម្មកា​រ​ជំនាញ​ចុងក្រោយ ដើម្បី​វាយតម្លៃ​ជា​ចុងក្រោយ​នៅ​ខែមិថុនា តែម្តង​។ ក្នុងករណី​ឯកសារ​ទាំងនេះ នៅមាន​ចំណុច​ខ្វះខាត គណៈកម្មការ​ជំនាញ​ចុងក្រោយ​នៃ​អង្គការ UNESCO នឹង​ផ្តល់ដំណឹង​មក​កម្ពុជា​នៅ​ខែមីនា ឆ្នាំ​២០១៩​។ តែបើ​គ្មាន​ការខ្វះខាត​អ្វី​ទេនោះ អង្គការ UNESCO នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​ពី​ជោគជ័យ ឬ​មិន​ជោគជ័យ​នៃ​ការចុះបញ្ជី​នេះ​តែម្តង​នា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩​។​



​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ បានចាត់ទុក​ការបើក​កញ្ចប់​ឯកសារ​របស់​អង្គការ UNESCO ពេលនេះ​ថា ជា​ដំណឹង​ដ៏​ល្អ​មួយ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ហើយ​វា​ក៏​ជាស​ញ្ញាណ​ល្អ​ក្នុង​ដំណើរការ​នៃ​ការចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អ​រូបិយ​នៃ​មនុស្សជាតិ​របស់​គុន​ល្បុក្កតោ​ផងដែរ​។

​តាមពិត​ការបើក​កញ្ចប់​ឯកសារ​របស់​កីឡា​គុន​ល្បុក្កតោ​ត្រូវធ្វើឡើង​តាំងពី​ឆ្នាំ​២០១៧ មកម្ល៉េះ​។ ការយឺតយ៉ាវ​នេះ ដោយសារ​ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បានស្នើ​សុំ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ចំនួន​ពីរ គឺ​ល្ខោនខោល​និង​ល្បុក្កតោ​។ បើតាម​ច្បាប់​នៃ​ការចុះបញ្ជី​នេះ អង្គការ UNESCO អនុញ្ញាត​ឲ្យ​ប្រទេសមួយ​អាចដាក់​សម្បត្តិ​របស់ខ្លួន​បាន​តែមួយ​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​៕  








Tag:
 ល្បុក្កតោ​
  វ៉ា​ត់ ចំរើន​
  UNESCO
© រក្សាសិទ្ធិដោយ thmeythmey.com