ជាតិ
EU ផ្ដល់​ថវិកា​ជាង​៣​លាន​ដុល្លារ ដល់​អង្គការ​WWF ដើម្បី​ការពារ​ធនធានធម្មជាតិ​នៅ​កម្ពុជា​
30, Mar 2018 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប បានសម្រេច​ផ្ដល់ជំនួយ​ជាង​៣​លាន​ដុល្លារ លើ​គម្រោង​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) ដើម្បី​គ្រប់គ្រង​ព្រៃឈើ និង​ការពារ​ធនធានធម្មជាតិ នៅ​ខេត្ត​មណ្ឌល​គី​រី​។



​គម្រោង​ទ្រទ្រង់​ធនធានធម្មជាតិ​នៅ​កម្ពុជា​នេះ មាន​រយៈពេល​៥​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២ ក្រោម​ជំនួយ​សហភាព​អឺរ៉ុប ២,៨​លាន​អឺរ៉ូ (៣,៣​លាន​ដុល្លារ​អាមេរិក​)​។ លោក សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) បាន​និយាយថា ការផ្តួចផ្ដើម​គម្រោង​នេះ ក្នុង​គោលបំណង​ធានា​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​សហគម​ការពារ​ព្រៃឈើ ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង នៃ​ការកើនឡើង​សម្ពាធ​សេដ្ឋកិច្ច​ពី​ខាងក្រៅ ដែល​ទាញយក​ផលប្រយោជន៍​ធនធានធម្មជាតិ​(​កាប់​ឈើ​លក់​)​កម្ពុជា​។ ក្នុងន័យនេះ​លោក សេង ទៀក ពន្យល់ថា ជំនួយ​នេះ នឹង​ជួយ​គាំទ្រ​កម្លាំង​សហគម​ការពារ​ព្រៃឈើ​ឯករាជ្យ ក្នុង​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ឲ្យ​កម្ពុជា ដែល​គ្រប់​ដណ្ដប់​ផ្ទៃដី​៤០​ហិកតា​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម របស់​សហភាព​អឺរ៉ុប និង​អង្គការ​អភិរក្ស​សត្វព្រៃ​WWF លោក សេង ទៀក បានបញ្ជាក់​ដូច្នេះ​ថា​៖«​កម្លាំង​សហគម​ទាំងនេះ នឹង​អាចជួយ​ទ្រទ្រង់​ការគ្រប់គ្រង​ធនធានធម្មជាតិ​, ហើយ​នៅពេល​ជាមួយគ្នានេះ វា​នឹង​បង្កើន​ការធានា​ដល់​សុវត្ថិ​ភាពល្អ​មួយ​របស់​ពួកគេ ក្នុង​ដំណើការ​ឆ្ពោះទៅរក​ការអភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។ យើង​ចង់ឃើញ​គោលដៅ​សហគម​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក មាន​សមត្ថភាព និង​ឥទ្ធិពល​ក្នុងការ​អនុវត្ត​ការងារ​សិទ្ធិ​អភិរក្ស​ធនធានធម្មជាតិ​របស់​ពួកគេ តាមរយៈ​ការអភិវឌ្ឍ​ជីវភាព​របស់​គម្រោង​នេះ​»​។​

​អគ្គរដ្ឋទូត​សហភាព​អឹ​រ៉ុ​ប​ប្រចាំ​កម្ពុជា​លោក George Edgar បាន​និយាយថា សហគម​តំបន់​ការពារ គឺ​ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​បរិស្ថាន និង​ទ្រទ្រង់​ធនធាន​ដែលមាន​ប្រយោជន៍ ហើយ​វា​សារសំខាន់​ណាស់ ដែល​ពួកគេ​ទាំងនោះ ត្រូវការ​ពង្រឹងសមត្ថភាព​ពង្រឹង​ការអនុវត្ត​ការងារ​របស់​ពួកគេ​។ លោក George Edgar ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់ និង​សកម្មភាព​ទទួលខុសត្រូវ ចំពោះ​ការ​ទិសដៅ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ដំណើការ​គម្រោង​បានល្អ ព្រោះ​វា​ជា​ផលប្រយោជន៍​រួម ក្នុងការ​ការពារ​សត្វ​ព្រៃ និង​ព្រៃឈើ​ក្នុង​តំបន់​។​

«​ពួកយើង​រីករាយ​គាំទ្រ​គម្រោង​នេះ​។ វា​ជាការ​ចូលរួមចំណែក​មួ​យ ក្នុង​ការខិតខំ​ប្រឹងប្រែង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ការពារ​តំបន់​ទាំងពីរ​ខាងលើនេះ ក៏ដូចជា​ការ​ទ្រទ្រង់​ដល់​ដំណើការ​អភិវឌ្ឍ​ដល់​ខេត្ត​មណ្ឌល​គី​រី​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក George Edgar៕



Tag:
 EU
  WWF
© រក្សាសិទ្ធិដោយ thmeythmey.com