ជាតិ
មេ​នគរបាល ប្រាប់​ឲ្យ​កម្លាំង​តាម​ព្រំដែន កម្ទេចចោល​ភ្លាម បើ​ចលនា​ណា ចង់​ផ្តួល​រដ្ឋាភិបាល​
30, Mar 2018 , 8:19 pm        
រូបភាព
លោក ដាំ វុទ្ធី អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ
លោក ដាំ វុទ្ធី អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កងកម្លាំង​ដែល​ឈរជើង​នៅតាម​ព្រំដែន មិនមែន​ការពារ​តែ​ព្រំដែន​នោះទេ ប៉ុន្តែ​ក៏ត្រូវ​ជួយ​ការពារ​រដ្ឋធម្មនុញ្ញ និង​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី អគ្គ​ស្នងការរង​មួយរូប​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។



​ការ​ថ្លែង​របស់លោក ដាំ វុទ្ធី គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ការពា​រ​សន្តិសុខ តាម​តំបន់​ព្រំដែន​ប្រចាំឆ្នាំ​២០១៧ និង​លើ​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​នាយកដ្ឋាន​កណ្តា​ល​នគរបាល​ការពារ​ព្រំដែន ដែល​ប្រព្រឹត្តទៅ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨​នេះ​។ លោក ដាំ វុទ្ធី ធ្វើជា​អធិបតី ជំនួស​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​កិច្ចប្រជុំ​នេះ​។

​គេហទំព័រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ​ពី​បញ្ជា​របស់លោក ដាំ វុទ្ធី យ៉ាង​ដូច្នេះ​ថា​៖«​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ទាំងអស់ ត្រូវគោរព​តាម​រដ្ឋធម្មនុញ្ញ ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋាភិបាល​ស្របច្បាប់ និង​កម្ទេចចោល​រាល់​ចលនា​ទាំងឡាយណា ដែល​ប៉ុនប៉ង​ផ្គួ​ល​រំលំ​រដ្ឋាភិបាល​»​។​

​ទោះជា​មិន​បញ្ចេញ​ឈ្មោះ​ក្តី ប៉ុន្តែ ចលនា​ដែល​មេ​នគរបាល​ជាន់ខ្ពស់​រូបនេះ ចង់​សំដៅ ទំនងជា​មិនមាន​ចលនា​ណា​ផ្សេង​ក្រៅពី​ចលនា​សង្គ្រោះ​ជាតិ ឬ​ក្រុមប្រឆាំង​នោះទេ​។ ចលនា​សង្គ្រោះ​ជាតិ ដែលមាន​លោក សម រង្ស៊ី ជា​ប្រធាន និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ផុសផុល​នៅក្រៅ​ប្រទេស បាន​រង​នូវ​ការព្រមាន​ផ្ទួនៗ ពី​សំណាក់​មេទ័ព និង​មេ​នគរបាល រួមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​ទៀត​នៃ​រដ្ឋា​ភិល​បា​កម្ពុជា​ផងដែរ​។

​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ បាន​ប្តេជ្ញា​ថា មិន​ឲ្យ​ចលនា​សង្គ្រោះ​ជាតិ មាន​សកម្មភាព​នៅលើ​ទឹក​ដី​កម្ពុជា​ជាដាច់ខាត​។ សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ចលនា​សង្គ្រោះ​ជាតិ​របស់លោក សម រង្ស៊ី គឺជា​ក្រុម​ឧទ្ទាម ដែល​ស្ថិត​ក្រៅ​ប្រព័ន្ធ​ច្បាប់​។

​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ថ្លែង​ការពារ​កន្លងមក​ថា លោក និង​ចលនា​សង្គ្រោះ​ជាតិ មិនមែនជា​ក្រុម​ឧទ្ទាម​ឬ​ភេរវ​ករ​នោះទេ​។ លោក បកស្រាយ​ថា ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ គឺ​គ្រាន់តែ​ដើម្បី​បន្ត​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ​ប៉ុណ្ណោះ​។ លោក បញ្ជាក់ថា បើ​ការទាមទារ​ខាងលើ​បានសម្រេច ចលនា​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយចោល​វិញ​ជាមិនខាន​៕ 


Tag:
 នគរបាល​
  ចលនា​សង្គ្រោះ​ជាតិ​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com