កីឡាជាតិ
ជាតិ
សាលា​គុន​សូរិយា​កា​រ៉ា​តេ​ដូ​រៀបចំ​ជើងឯក​កុមារ ដើម្បី​ចម្រាញ់​ធនធាន​ស៊ី​ហ្គេម​
30, Mar 2018 , 5:54 pm        
រូបភាព
លោក ឡាច ច័ន្ទដារ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា
លោក ឡាច ច័ន្ទដារ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា
ដោយ:
​សាលា​គុន​សូរិយា​កា​រ៉ា​តេ​ដូ​សូ​តូ​កង់​កម្ពុជា រៀបចំ​ការប្រកួត​ជើងឯក​កុមារ​អាយុ​ក្រោម​១៥ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​វ័យក្មេង​និង​ចម្រាញ់​ធនធាន​ស៊ី​ហ្គេម​សម្រាប់​ឆ្នាំ​២០២៣​។ តាមរយៈ​ពានរង្វាន់​នេះ​សហព័ន្ធ​ចម្រាញ់​បាន​ធនធាន​ជាច្រើនរូប​ផងដែរ​។​



 
​នា​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ សាលា​គុន​សូរិយា​កា​រ៉ា​តេ​ដូ​សូ​តូ​កង់​កម្ពុជា នឹង​រៀបចំ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ដូ​ជ្រើស​ជើងឯក​ពានរង្វាន់​កុមារ​អាយុ​ក្រោម​១៥​លើក​ទី​១៧ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ធ​ន​ធាន​កីឡាករ​វ័យក្មេង​។ ក្រៅពី​ផ្តល់ឱកាស​ដល់​កីឡាករ​វ័យក្មេង​បាន​បញ្ចេញ​សមត្ថភាព ការប្រកួត​នេះ ក៏​ដើម្បី​ចម្រាញ់​ធនធាន​ស៊ី​ហ្គេម​សម្រាប់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​
 
​លោក ឡា​ច ច័ន្ទដារ៉ា អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា​បាន​អះអាងថា កីឡាករ​ជម្រើសជាតិ ក៏ដូចជា​យុវជន​ថ្នាល ដែល​កំពុង​ហ្វឹកហាត់​ក្នុង​សហព័ន្ធ ភាគច្រើន​ជ្រើសរើស​ចេញពី​ការប្រកួត​ពានរង្វាន់​កុមារ​មួយ​នេះ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​អគ្គលេខាធិការរង​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​តាមរយៈ​ការប្រកួត​នេះ​យើង​សង្កេតឃើញថា បានផ្តល់​ផ្លែផ្កា​ជាច្រើន​យុវជន និង​យុវតី​។ កីឡាករ​ល្អៗ​នៅក្នុង​សហព័ន្ធ​សព្វថ្ងៃ ភាគច្រើន​ជា​ម្ចាស់​មេដាយ​ពានរង្វាន់​កុមារ ដែល​រៀបចំ​ការប្រកួត​រៀងរាល់​ឆ្នាំ​នាពេល​កន្លងមក​»​។​
 
​មិន​ត្រឹមតែ​ជួយ​អភិវឌ្ឍន៍​សមត្ថភាព​យុវជន​ថ្នាល​នោះទេ ពានរង្វាន់​នេះ​ជា​ចលករ​ជំរុញ​ទឹកចិត្ត​ឲ្យ​ក្មេង​ខិតខំ​ហ្វឹកហាត់​ទៀតផង​។ លើសពីនេះ វា​ជួយ​ទាក់ទាញ​ទឹកចិត្ត​កុមារ​ឲ្យ​ចូលរួម​ហ្វឹកហាត់​ជាមួយ​វិស័យ​កីឡា​កា​រ៉ា​តេ​ដូ​ឲ្យ​កាន់តែ​ច្រើនឡើង​ផងដែរ​។ «​ក្មេងៗ​កាលណា​គាត់​ដឹង​ដំណឹង​ថា​មានការ​ប្រកួត គាត់​ខិតខំ​ហ្វឹកហាត់​ណាស់ សូម្បីតែ​គ្រូ​នៅតាម​ក្លិប​ក៏​មិនចាំបាច់​បង្ខំ​ពួកគាត់​ដែរ គឺ​ពួកគាត់​តែងតែ​យក​ពេលទំនេរ​ពី​ការសិក្សា​មកជួបជុំ​គ្នា​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ការប្រកួត​មួយ​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក ឡា​ច ច័ន្ទដារ៉ា​។​
 
​ការប្រកួត​កា​រ៉ា​តេ​ដូ​ពានរង្វាន់​កុមារ​អាយុ​ក្រោម​១៥​ធ្វើឡើង គឺ​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ មន្ត្រី​បច្ចេកទេស​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ផងដែរ​។ ជាមួយគ្នានេះ លោក ឡា​ច ច័ន្ទដារ៉ា រំពឹងថា ការប្រកួត​កីឡា​ជាតិ​លើក​ទី​នាពេលខាងមុខ សហព័ន្ធ​នឹងមាន​ពន្លក​កីឡាករ​វ័យក្មេង​ចូលរួម​ប្រកួត​កាន់តែច្រើន​។  
 
​បើ​យោងតាម​ប្រធាន​សាលា​គុន​សូរិយា​កា​រ៉ា​តេ​ដូ​សូ​តូ​កង់​កម្ពុជា​ខាងលើ រៀងរាល់ឆ្នាំ​ការប្រកួត​ពានរង្វាន់​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំមាន​កីឡាករ​ចូលរួម​មិន​លើសពី​៥០​នាក់​នោះទេ ខណៈ​ឆ្នាំនេះ​លោក​បញ្ជាក់ថា អាចមាន​ប្រមាណ​១០០​នាក់​ចូលរួម ដោយសារ​ក្លិប​-​សមាគម​ចូលរួម​មានការ​កើនឡើង​៕


Tag:
 កា​រ៉ា​តេ​ដូ​
  ឡា​ច ច័ន្ទដារ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com