ជាតិ
សង្គមជាតិ
អាជ្ញាធរ​ខេត្តសៀមរាប​ទទួលស្គាល់​កំហុស ជុំវិញ​ការស្លាប់​របស់​ស្ត្រី​ម្នាក់​ដោយសារ​ឆក់​ខ្សែភ្លើង​
31, Mar 2018 , 11:06 am        
រូបភាព
រូបពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប
រូបពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប
 
​ភ្នំពេញ​៖ អាជ្ញាធរ​ខេត្តសៀមរាប ទទួលស្គាល់​កំហុស​បច្ចេក​ទេស​នៃ​បង្គោល​ភ្លើង​សាធារណៈ ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ ដោយសារ​ឆក់​ខ្សែភ្លើង កាលពី​ថ្ងៃទី​២៩ មីនា​។​



​ស្ត្រី​ដែល​បាត់បង់​ជីវិត​នេះ មានឈ្មោះ ភា ។ នាង​បាន​ស្លាប់ នៅ​គ្រា​ដែល​នាង​បាន​យកដៃ​ប៉ះ​បង្គោល​ភ្លើង​មួយ​ដើម ដែល​ស្ថិតនៅ​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​ខេត្តសៀមរាប​។ ក្រោយ​កើតហេតុ​នេះ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ ហើយ​សន្និដ្ឋានថា ស្ត្រី​រូបនេះ ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​។​
 
​ទាក់ទង​បញ្ហា​នេះ លោក លី សំរឹទ្ធ អភិបាលរង​ខេត្តសៀមរាប ទទួលស្គាល់ថា ករណី​ខាងលើនេះ បណ្ដាល​មក​ការធ្វេសប្រហែស​របស់រ​ដ្ឋ​បាល​ខេត្ត ក្នុងការ​ត្រួតពិនិត្យ​និង​ការគ្រប់គ្រង​បង្គោល​ភ្លើង​សាធារណៈ​ឲ្យ​បាន​ត្រឹមត្រូវ​។ លោក លី សំរឹទ្ធ បាន​និយាយថា ដើម្បី​បញ្ចៀស​ការរិះគន់​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ​ព្រម​ទទ​ល​ខុសត្រូវ​លើ​បញ្ហា​នេះ តាមរយៈ​ការដោះស្រាយ​ជាមួយ​គ្រួសារ​ជនរងគ្រោះ ដែល​បាត់​បង់ជីវិត​ដោយសារ​ឆក់​ខ្សែភ្លើង​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អភិបាលរង​ខេត្តសៀមរាប​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ករណីនេះ​បណ្ដាល​មក​ការឆ្លង​ចរន្តអគ្គិសនី ដោយសារ​បង្គោល​ភ្លើង​យើង​ចាស់ ហើយ​វា​កើតឡើង​ដោយសារ​ខ្វះ​ការត្រួតពិនិត្យ​ដែរ យើង​ទទួលស្គាល់​ចំណុច​នេះ​។ យើង​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ ប៉ុន្តែ​ពេល​ដាក់​ទៅហើយ​បែ​ជា​បង្ក​ឲ្យ​ឲ្យ​មាន​គ្រោះថ្នាក់​ទៅវិញ ។ នេះហើយ​គឺជា​ការទទួលខុសត្រូវ​រួម​របស់​យើង ហើយ​យើង​នឹង​ត្រួតពិនិត្យ​រួម​លើ​បញ្ហា​នេះ ដើម្បី​ដាក់​ឲ្យ​មានការ​ទទួលខុសត្រូវ​ច្បាស់លាស់​។ ហើយ​ខ្ញុំ​កំពុង​នាំ​គិត​ហើយ ថា​ធ្វើ​យ៉ាងម៉េច​ជួយ​ដោះស្រាយ​បញ្ហា​(​ជនរងគ្រោះ​)​ឲ្យ​បានល្អ​។ ចៀសវាង​កុំ​ឲ្យ​គេ​ថា អាជ្ញាធរ​មិន​អើពើ​ប្រ​ងើយ​កន្តើយ​ចំពោះ​គ្រោះថ្នាក់ ដែល​បង្កដោយ​ការធ្វេសប្រហែស​របស់​យើង​»​។​
 
​លោក លី សំរឹទ្ធ ចាត់ទុក​ករណី​ខាងលើនេះ ជា​មេរៀន​មួយ​សម្រាប់​អាជ្ញាធរខេត្ត ដែល​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​បន្ថែម​ទៀត ដល់​សុខ​សុវត្ថិភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​។ ត្រង់ចំណុច​នេះ លោក លី សំរឹទ្ធ បាន​បន្ថែមថា អាជ្ញាធរ​កំពុង​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​គ្រប់​បង្គោល​ភ្លើង​សាធារណៈ​ទាំងអស់​ឡើងវិញ ដើម្បី​ធានា​ដល់​សុវត្ថិភាព​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប និង​ភ្ញៀវទេសចរ ដែល​គ្រោង​មកលេង​អង្គរ​សង្ក្រាន្ត នាពេល​ខាងមុខនេះ​៕

Tag:
 លី សំរិទ្ធ​
 ​ សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com