កីឡាអន្តរជាតិ
អន្តរជាតិ
Shaw សួរ Mourinho ថា «​ហេតុអ្វី​បានជា​អ្នក​តែងតែ​ធ្វើបាប​ខ្ញុំ​?»
31, Mar 2018 , 6:59 pm        
រូបភាព
Luke Shaw បាន​ចោទសួរ​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho ថា «​ហេតុអ្វី​បានជា​អ្នក​តែងតែ​ធ្វើបាប​ខ្ញុំ​?»​។ ខ្សែការពារ​ស្លាប​ឆ្វេង សួរ​សំនួរ​បែបនេះ​ទាំង​កំហឹង ក្រោយ​ត្រូវបាន​ប្តូរ​ចេញ​ក្នុងអំឡុង​ការប្រកួត​ពាន FA Cup វគ្គ​១/៤​ផ្តាច់ព្រ័ត្រ បើទោះបី Manchester United យកឈ្នះ Brighton ២-០ ក៏ដោយ កាលពី​ថ្ងៃទី​១៨ ខែមីនា​កន្លងទៅ​។ នេះ​បើតាម​ការផ្សាយ​របស់ DailyMail​។​


 
​ខ្សែការពារ​សញ្ជាតិ​អង់គ្លេស វ័យ​២២​ឆ្នាំ​រូបនេះ ក៏បាន​សួរ​លោក Mourinho អំពី​របៀប​ដែល​អ្នកចាត់ការ​ក្រុម​រហស្សនាម​បិសាច​ក្រហម​រូបនេះ​ដឹកនាំ​នាពេល​បច្ចុប្បន្ន​ផងដែរ នៅក្នុង​បន្ទប់​ប្តូរ​សម្លៀកបំពាក់​ក្រោយ​បញ្ចប់​តង់​ទី​១​នៅ​ទឹកដី Old Trafford​។​
 
Shaw ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​ការសម្រេចចិត្ត​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ បន្ទាប់ពី​ជំនួស​ខ្លួន​នៅត្រឹម​តង់​ទី​១​ក្នុងការ​ប្រកួត FA Cup ទល់នឹង​ក្រុម Brighton ដោយ​និយាយថា​៖«​ហេតុអ្វី​បានជា​អ្នក​តែងតែ​ធ្វើបាប​ខ្ញុំ​?»​។​
 
​អតីត​អ្នកចាត់ការ Real Madrid និង Chelsea ក៏បាន​ឆ្លើយតប​ភ្លាមៗ​ទៅកាន់ Shaw វិញ​ថា រូបគេ​មិនបាន​ការពារ​ឲ្យ​ល្អ​ទេ ហើយ Brighton មាន​សេរីភាព​ក្នុង​ការលេង​ច្រើនពេក​នៅ​តំបន់​ស្លាប​ឆ្វេង​របស់ Man Utd​។​
 
​ការប៉ះទង្គិច​ពាក្យសម្តី​គ្នា​រវាង​អ្ន​ចាត់ការ និង​កូនក្រុម​នេះ ត្រូវបាន​គេ​លឺ​ពី​ខាងក្រៅ​បន្ទប់​ប្តូរ​សម្លៀកបំពាក់​មុនពេល Mourinho សម្រេច​ឲ្យ Ashley Young ចូល​ជំនួស​នៅ​តំបន់​ការពារ​ឆ្វេង​នេះ​វិញ​។​
 
​អតីត​សមាជិក​ក្រុម Southampton ដែល Man Utd ទិញ​ចូល​កាលពី​ឆ្នាំ​២០១៤ មាន​អារម្មណ៍​ថា​រូបគេ​ទទួលរង​ភាពអយុត្តិធម៌ ពី​អ្នកចាត់ការ​ខ្លួន និង​កំពុងតែ​រក​ផ្លូវ​ដើម្បី​ចាក​ចេញពី​ក្រុម​ម្ចាស់​ជើង​ឯង​លី​ក​បាល់ទាត់​កំពូល​អង់គ្លេស ២០​សម័យនេះ​នៅ​រដូវ​កាល​ក្រោយ​ផងដែរ​។​
 
Shaw ចង់បាន​កៅអី​មួយ​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ក្នុង​យុទ្ធនាការ​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ដែល​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែមិថុនា​ខាងមុខនេះ​៕

Tag:
 បាល់ទាត់​
  Luke Shaw
  Manchester United
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com