ជាតិ
ចម្លាក់​តោ​នៅ​ប្រាសាទក្រវ៉ាន់​ចំនួន​មួយ​ត្រូវបាន​តម្កល់ទុក​នៅ​កន្លែង​ដើម​វិញ​ក្រោយ​ជួសជុល​អស់​ ​រយៈពេល​មួយឆ្នាំ​
31, Mar 2018 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រុម​អ្នកជំនាញ​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្កា​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការជួសជុល​ចម្លាក់​តោ​ចំនួន​មួយ​នៅ​ប្រាសាទក្រវ៉ាន់ ស្ថិតក្នុង​ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប រួចរាល់​ជា​ស្ថាពរ​ហើយ​។

 
​លោក រីក រ៉េត អ្នកជំនាញ​អភិរក្ស​ថ្ម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើកឡើងថា ចម្លាក់​តោ​ថ្ម​នេះ មុន​ការជួសជុល​មាន​សភាព​ទ្រុឌទ្រោម បែកបាក់​រូបរាង​ជា​កំណាត់​តូចធំ​នៅលើ​ដី​មុខ​ប្រាសាទ​។ កាលពី​សម័យ​បារាំង ចម្លាក់​តោ​នេះ​ត្រូវបាន​អ្នកជំនាញ​បារាំង​ជួសជុល​ម្តង​រួចហើយ តែ​ការជួសជុល​នោះ គ្រាន់តែ​យក​ស៊ីម៉ង់ត៍​និង​ដែក​មក​ប្រើ​បិទ​ភ្ជាប់​ឱ្យមាន​លំនឹង​អាច​ឈរ​បាន​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មកវា​ក៏បាន​បែកបាក់​ជា​បន្តបន្ទាប់​តាម​អាយុកាល​ស៊ីម៉ងត៍​។ 
 
 
​លោក រ៉េត បន្តទៀតថា ដូច្នេះ​ដើម្បី​លើក​តម្លៃ​មរតក​អង្គរ​និង​ចម្លាក់​តោ​ដែល​រង​នូវ​ការ​ខូច​នេះ ក្រុម​អ្នកជំនាញ​អភិរក្ស​ថ្ម​បានជ្រើសរើស​ចម្លាក់​តោ​មួយ​ក្នុងចំណោម​តោ​ទាំង​៥​នៃ​ប្រាសាទក្រវ៉ាន់​ដើម្បី​ជួសជុល​សាកល្បង មុននឹង​ឈានទៅដល់​ការជួសជុល​ចម្លាក់​តោ​ដទៃទៀត​នៅ​ប្រាសាទ​នេះ​។​
 
​ក្នុងការ​ជួសជុល ក្រុមការងារ​ក៏បាន​ប្រើ​បច្ចេកទេស​ជួសជុល​សមស្រប​ទៅតាម​បទដ្ឋាន​ដែល​អាច​ធានាបាន​នូវ​លក្ខណៈ​ដើម​និង​សុវត្ថិភាព​យូរអង្វែង​នៃ​ចម្លាក់​។ រីឯ​បច្ចេកទេស​និង​ការជួសជុល​ក៏ ត្រូវបាន​ទទួលស្គាល់​ដោយ​អ្នកជំនាញការ​អាដហុក​របស់​គណៈកម្មការ​អា​យ​ស៊ី​ស៊ី​-​អង្គរ​ផងដែរ​។ 
 
 
​សម្រាប់​ពេលវេលា​ក្នុងការ​ជួសជុល ក្រុមការងារ​បាន​ចំណាយពេល​អស់​១​ឆ្នាំ គឺ​ចាប់ពី​ខែឧសភា​ឆ្នាំ​២០១៧ ដល់​ខែមីនា​ឆ្នាំ​២០១៨ ដើម្បី​រក្សាបាន​នូវ​តម្លៃ លក្ខណៈ​ដើម និង​ភាពល្អប្រសើរ​នៃ​ចម្លាក់ ដោយ​សិក្សា​លម្អិត​ពី​រចនាបថ​ជើង​ចម្លាក់​តោ​ដទៃៗ​នៅតាម​បណ្តា​ប្រាសាទ​មួយចំនួន​ដែល​បាន​កសាង​ក្នុង​រជ្ជកាល​តែមួយ​គ្នា​មក​ធ្វើការ​ប្រៀបធៀប​គ្នា ថា​តើ​ត្រូវ​រើសយក​រចនាបថ​ជើង​តោ​ណាមួយ​មក​ធ្វើជា​គំរូ​ក្នុងការ​ឆ្លាក់ ដើម្បី​ត​ភ្ជាប់​នឹង​ខ្លួន​ចម្លាក់​សត្វ​តោ​នៅ​ប្រាសាទក្រវ៉ាន់​។ 
 
​បច្ចុប្បន្ន​ចម្លាក់​តោ​ត្រូវបាន​អ្នកជំនាញ​ជួសជុល​រួចរាល់​ហើយ ហើយក៏​បាន​យកមក​តម្កល់ទុក​នៅ​ទីតាំង​ដើម​ខាងមុខ​ប្រាសាទ​វិញ ក្នុងន័យ​អភិរក្ស​ថែរក្សា​មរតក​ដូនតា​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​ដាក់​បង្ហាញជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទស្សនា​ឡើងវិញ​៕
  


 
​អត្ថបទ​ និង​រូបភាព​ផ្តល់​សិទ្ធិ​ដោយ​អជ្ញាធរ​ជាតិ​អ​ប្សា​រា​

 

 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com