ជាតិ
សេដ្ឋកិច្ច
សំណើ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​ទៅកាន់​តំបន់​អរិយ​ក្សត្រ​ត្រូវបាន​លើក​មក​ពិភាក្សា​
31, Mar 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តំបន់​អរិយ​ក្សត្រ​ស្ថិតនៅ​ប៉ែក​ខាងកើត​នៃ​ទីក្រុង​ភ្នំពេញ ហើយក៏​ជាទី​តាំង​មួយ​សាក​សម​នឹង​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ធំៗ​បំផុត​ដោយសារតែ​ទីតាំង​នៃ​តំបន់​នេះ​ស្ថិតនៅ​កៀក​នឹង​តំបន់​កណ្តាល​ក្រុង​បំផុត​បើ​និយាយ​ឲ្យ​ខ្លី​ទៅ​គឺ​ស្ថិតនៅ​បាំង​តែ​ទន្លេចតុមុខ​មួយ​ប៉ុណ្ណោះ​។ របាំង​នៃ​ទន្លេ​នេះ​ក៏​ប្រហែល​មិនមែនជា​បញ្ហា​នោះទេ​ប្រសិនបើ​តំបន់​នេះ​មាន​ស្ពាន​ភ្ជាប់​ពី​ត្រើយ​ខាង​កើតមក​ត្រើយ​ខាងលិច​។​


​នៅក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​របស់​ប្រ​នា​ធិបតី​សាធារណរដ្ឋ​កូរ៉េខាងត្បូង កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៨ កន្លងទៅនេះ​ភាគី​កូរ៉េ​បាន​យល់ព្រម​ទទួលយក​សំណើ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​ទៅកាន់​តំបន់​អរិយ​ក្សត្រ​ដោយ​ភាគី​កូរ៉េ​បាន​បញ្ជាក់ថា​បច្ចុប្បន្ននេះ​កូរ៉េ​កំពុង​ពិនិត្យ​លើ​ផ្នែក​បច្ចេកទេស​។​
 
​ការសាងសង់​ស្ពាន​មិត្តភាព​កូរ៉េ​-​កម្ពុជា​ឆ្លងកាត់​ចតុមុខ​ទៅកាន់​អរិយ​ក្សត្រ​នេះ​ត្រូវបាន​គេ​រំពឹងថា​ស្ពាន​នេះ​នឹង​ជម្រុញ​វិស័យ​អចលនទ្រព្យ​ឲ្យ​បោះជំហាន​បន្ថែមទៀត​នៅក្នុង​តំបន់​នេះ​។ កន្លង មក​គម្រោង​អភិវឌ្ឍ​មួយចំនួន​នៅ​តំបន់​អរិយ​ក្សត្រ​បាន​ពន្យារ​ការសាងសង់​របស់ខ្លួន​ប៉ុន្តែ​ទាំង​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ និង​អ្នក​អភិវឌ្ឍ​ទាំងនេះ​នៅ​បន្ត​ការយកចិត្តទុកដាក់​ទៅលើ​តំបន់​មួយ​នេះ​ដដែល​ពិសេស​គឺ​រងចាំ​គម្រោង​សាងសង់​ស្ពាន​ត​ភ្ជាប់​តំបន់​អរិយ​ក្សត្រ​នេះ​។​
 
​លោក អ៊ិន ស៊ីថា នាយក​ប្រតិបត្តិ​របស់​គេហៈទំព័រ cambodia21.com ធ្លាប់បាន​លើកឡើងថា​តំបន់​នេះ​ពិត​ជាមាន​សក្តានុពល​ដ៏​ល្អ​សម្រាប់​ទៅ​ថ្ងៃ​អនាគត​ជាពិសេស​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ព្រោះថា​នេះ​ជា​តំបន់​ដែលមាន​ទីតាំង​ល្អ​បំផុត​ស្ថិតនៅ​ជិត​ទី​ក្រុងមាន​ទេសភាព​បៃតង ខ្យល់​បរិសុទ្ធ និង​បរិយាកាស​ស្រស់ស្អាត​។​
 
​លោក សេង សុភ័ក្ត្រ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ CPL មាន​ទស្សនៈ​ដូច​លោក​ស៊ីថា​ដែរ​លោក​ថា “​ទីតាំង​នេះ​ពិតជា​យុទ្ធសាស្ត្រ​ទីតាំង​ដ៏​អំណោយផល​ដែលជា​កត្តា​ទាក់ទាញ​ដល់​អ្នក​អភិវឌ្ឍន៍​ឲ្យ​មក​អភិវឌ្ឍន៍​កាន់តែច្រើន​នាពេល​អនាគត​។​”
 
​អ្នកភូមិ​ដែល​រស់នៅក្នុង​តំបន់​អរិយ​ក្សត្រ​បាន​សំដែង​ភាព​រីករាយ​នៅពេល​បាន​ឮថា​រដ្ឋាភិបាល​មាន​គម្រោង​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​តំបន់​របស់​ពួកគាត់​។​
​លោក​មឿ​ន​ជា​អ្នកលក់ដូរ​ម្នាក់​នៅក្នុង​នៅ​តំបន់​អរិយ​ក្សត្រ​បាន​និយាយ “​ខ្ញុំ​ពិតជា​ចង់​ឲ្យ​មានការ​សាងសង់​ស្ពាន​យ៉ាងខ្លាំង​នៅពេលដែល​មានការ​អភិវឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នឹង​ចាប់ផ្តើម​មកកាន់​តំបន់​នេះ​។ នៅពេល​មាន​ស្ពាន​វា​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​ចេញចូល​ក្នុង​ទីក្រុង​។​”
 
​កន្លងមក​ក៏មាន​ប្រកាស​អំពី​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ដែល​ត​ភ្ជាប់​មក​តំបន់​អរិយ​ក្សត្រ​នេះដែរ​។ កាលពី​មេសា​ឆ្នាំ​២០១៤​កន្លងទៅ​លោកនាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ធ្លាប់បាន​លើកឡើងថា​ប្រទេស​កម្ពុជា​ត្រូវការ​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ក្តី​តា​កុយ​នៅ​ច្បារអំពៅ​ទៅ​តំបន់​អា​រិ​យក្ស​ត្រ និង​ពី​ផ្លូវ​កែវ​ចិន្តា​ក្នុង​សង្កាត់​ជ្រោយចង្វារ​ទៅ​តំបន់​ស្វាយជ្រំ​ក្នុង សង្កាត់​ល្វាឯម​ក្នុង​ខេត្តកណ្តាល​។​
 
​ទោះជា​យ៉ាង​គេ​មិនទាន់​ប្រា​ដក​ថា​តើ​គម្រោង​ទាំងនេះ​នឹងមាន​ការប្រែប្រួល​ទៀត ឬ​យ៉ាងណាទេ​ដោយហេតុថា​មិនទាន់មាន​ការបញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ទេ​ហើយ​ប្រសិនបើ​មានការ​ប្រែប្រួល​គឺ​នឹងត្រូវ​ចំណាល​ជាង​មួយឆ្នាំ ឬ​ច្រើនជាង​នេះ​ដើម្បី​សិក្សា​អំពី​ទីតាំង​ឡើងវិញ​។​
 
​ក្រៅពី​គម្រោង​ទាំងនេះ​ក្នុងពេល​បច្ចុប្បន្ន​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​បាន​កំពុង​ជួលជុល​ឡើងវិញ​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​ជប៉ុន (JICA)​។ គម្រោង​នេះ នឹងត្រូវ​ចំណាយ​ទឹកប្រាក់​៣៣​លាន​ដុល្លារ​ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩៕
 
(​សារព័ត៌មាន Thmeythmey.com ទទួលបាន​សិទ្ធិ​ដកស្រង់​ពី https://www.realestate.com.kh/km/news/Bridge-plans-in-Arey-Ksat/

Tag:
 អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com