កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ស្វែងយល់​ពូ​ល C រវាង បារាំង អូស្ត្រាលី ប៉េរូ និង​ដា​ណឺ​ម៉ាក​
02, Apr 2018 , 8:19 am        
រូបភាព
 ​ដូច​កាលពី​៤​ឆ្នាំមុន ពោ​ល​គឺ​ក្នុង​ឆ្នាំ ២០១៤ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បា​រាំងជា​ក្រុម​ខ្លាំង​មួយ​ដែល​បាន​កៅអី​ទៅ​ប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨​។ ក្រុម​រហស្សនាម​មាន់គក នឹងត្រូវ​ជួប​អូស្ត្រាលី និង​ប៉េ​រូ ដែលជា​ក្រុម​ពួកគេ​មិនដែល​ប៉ះ​សោះ​ក្នុង​ព្រឹត្តិការណ៍​នេះ មុន​ជួប​ដា​ណឺ​ម៉ាក​សម្រាប់​ការប្រកួត​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C​។​


អត្ថបទទាក់ទង
​ជំនួប​ដែល​គួរ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ពូ​ល C នេះ​គឺ​ក្រុម​មកពី​អឺរ៉ុប​ពីរ រវាង​ដា​ណឺ​ម៉ាក និង​បារាំង​ដែលជា​ជំនួប​ជុំ​ចុងក្រោយ នៅ​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​២០១៨ នា​កីឡដ្ឋាន Luzhniki ក្នុង​ក្រុង​មូស្គូ​។​
 
​ប្រទេស​ទាំងពីរ​នេះ​គឺ​ធ្លាប់​ស្គាល់គ្នា​ច្បាស់​ហើយ ជាមួយនឹង​ការជួបគ្នា​២​លើក​រួចមកហើយ​នៅក្នុង​ព្រឹត្តិការណ៍ World Cup នេះ​។ កាលពី​ឆ្នាំ ១៩៩៨ បារាំង​បាន​ទម្លាក់ ដា​ណឺ​ម៉ាក​ត្រឹម​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដែល​ការ​នោះ​បារាំង​គឺជា​អ្នក​លើក​ពាន​នេះ​។ រហូតដល់​ឆ្នាំ ២០០២ ដែល​កូរ៉េ​-​ជប៉ុន​ធ្វើជា​ម្ចាស់​ផ្តះ​នោះ ដា​ណឺ​ម៉ាក​បាន​សងសឹក​វិញ​ដោយ​យកឈ្នះ​ក្រុម​ជើងឯក​ចាស់​ក្នុង​លទ្ធផល ២-០ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A​។​
 
​អ្វីដែល​យើង​គួរ​ដឹង​អំពី​ក្រុម​ទាំង​៤​ដែល​ត្រូវ​ជួបគ្នា​ក្នុង​ពូ​ល C នេះ 
​បារាំង​៖ បា​រាំងជា​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​១៩៩៨ និង​មានបទពិសោធន៍​ច្រើន​ក្នុង​ពានរង្វាន់ World Cup នេះ​។ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Didier Deschamps សម្បូរ​ទៅដោយ​កីឡាករ​ល្អៗ​ជាច្រើន​ដែល​កំពុង​ប្រកប​អាជីព​ក្នុង​ក្លិប​ល្បីៗ​នៅ​តំបន់​អឺរ៉ុប ដែល​គេ​មើលឃើញថា អាចមាន​លទ្ធភាព​ច្រើន​ដើម្បី​ឈ្នះ​ពាន​នេះ​។​
 
​អូស្ត្រាលី​៖ ជា​ក្រុម​ខ្លាំង​មួយ​សម្រាប់​តំបន់​អាស៊ី ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំ​២០១៨​។ ប៉ុន្តែ​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ ពួកគេ​ធ្វើ​មិនសូវ​បានល្អ​ទេ ដោយ​ត្រូវ​ជម្រុះ​វគ្គ play-off មួយ​ជើង​ទៀត​ជាមួយ​ក្រុម​មកពី​ទ្វីប​ផ្សេង​ដើម្បី​ឆ្ពោះទៅ World Cup លើក​ទី​២២​។ ពួកគេ​មិន​សម្បូរ​កីឡាករ​ដែល​ប្រកប​អាជីព​ក្នុង​ក្លិប​ធំៗ​នៅ​តំបន់​អឺរ៉ុប​នោះទេ​។ បច្ចុប្បន្ន ក្រុម​រហស្សនាម Socceroos ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៣៩ ពិភពលោក​ក្នុង​តារាង FIFA Ranking​។​
 
​ប៉េ​រូ​៖ ក្រុម​មកពី​អាមេរិក​ឡាទីន​នេះ បានបង្ហាញ​វត្តមាន​សារជាថ្មី​សម្រាប់​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ​ក្រោយ​ខកខាន​អស់​រយៈពេល​៣៦​ឆ្នាំ​រួចមក​។ ក្រុម​នេះ​ក៏​មិនសូវមាន​កីឡាករ​ដែល​លេង​ឲ្យ​ក្លិប​ក្នុង​លី​ក​បាល់ទាត់​អាជីព​ធំៗ​ដែរ​។ តែ​ទោះបី​យ៉ាងណាក៏ដោយ ពួកគេ​បាន​ពុះពារ​ដោយ​ទទួលបាន​ជោគជ័យ​ដើម្បី​ឈានទៅ World Cup នៅ​រុស្ស៊ី​។​
 
​ដា​ណឺ​ម៉ាក​៖ ជា​ក្រុម​ខ្លាំង​ពី​តំបន់​អា​រ៉ុ​ប​មួយ​ដែរ ក្នុងចំណោម​ក្រុម​ផ្សេងទៀត​ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​។ ដា​ណឺ​ម៉ាក មាន​កីឡាករ​របស់​ពួកគេ​ជាច្រើន​ដែល​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប​ធំៗ ជាពិសេស ខ្សែបម្រើ Christian Eriksen ដែល​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ​សម្រាប់​ជម្រើសជាតិ និង ក្រុម Tottenham Hotspur រយៈពេល​ចុងក្រោយ​នេះ​។​
 
​អ្វីដែល​ជាការ​ចាប់អារម្មណ៍​សម្រាប់​ក្រុម​ក្នុង​ពូ​ល C នេះ គឺ Tim Cahill ដែល​បាន​បង្ហាញខ្លួន​ជា​លើក​ទី​៤ ក្នុង​ព្រឹត្តិការណ៍ World Cup គិត​ទាំង​នៅ​រុស្ស៊ី​នេះ​។ ប្រសិនបើ​ខ្សែប្រយុទ្ធ​វ័យ ៣៨​រូបនេះ​អាច​ស៊ុត​បញ្ចូល​ទី​បាន​លើក​នេះ​ទៀត មានន័យថា​រូបគេ​ជា​កីឡា​ករទី​៤ ដែល​អាច​ស៊ុត​បញ្ចូល​ទី​នៅ World Cup ៤​ដង​ផ្សេងគ្នា ដូច Uwe Seeler, Pele និង Miroslav Klose ដែល​ធ្វើបាន​រួចមកហើយ​។​
 

Tag:
 បាល់ទាត់
  FIFA World Cup
  GroupC
© រក្សាសិទ្ធិដោយ thmeythmey.com