កម្ពុជា​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​នៃ​បណ្ដាញ​សុខភាព និង​សុវត្ថិភាព​ការងារ​អាស៊ាន​លើក​ទី​១៩
ជាតិ
សុខភាព
កម្ពុជា​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​នៃ​បណ្ដាញ​សុខភាព និង​សុវត្ថិភាព​ការងារ​អាស៊ាន​លើក​ទី​១៩
02, Apr 2018 , 5:23 pm        
រូបភាព
​សៀមរាប​៖ តំណាង​មកពី​ប្រទេស​ជា​សមាជិក​គណៈកម្មការ​សម្របសម្រួល​នៃ​បណ្តាញ​សុខភាព និង​សុវត្ថិភាព​ការងារ​អាស៊ាន ហៅ​កាត់​ថា អូ​ស្ហ​ណេ​ត បាន​ជួបប្រជុំ​ជា​លើក​ទី​១៩ ធ្វើឡើង​នៅ​ខេត្តសៀមរាប ដែលមាន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ កិច្ចប្រជុំ​ផ្តោតលើ​ការយកចិត្តទុកដាក់​លើ​សុខភាព និង​សុវត្ថិភាព​កម្មករ​លើ​គ្រប់​វិស័យ​ពាក់ព័ន្ធ​។



​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​នៃ​អាស៊ាន​អូ​ស្ហ​ណេ​ត ជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ដោយ​សមាជិក​របស់​អាស៊ាន​អូ​ស្ហ​ណេ​ត ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​ស្ថានភាព​បច្ចុប្បន្ន នៃ​គំនិត​ផ្តួចផ្តើម​របស់​បណ្តាញ​សុខភាព និង​សុវត្ថិភាព​ការងារ​អាស៊ាន​។ កិច្ចប្រជុំ​នេះ​ផ្តោតលើ​ចំណុច​សំខាន់ៗ​រួមមាន ការបណ្ដុះបណ្ដាល ការសិក្សា​ស្រាវជ្រាវ ស្ដង់ដារ  អធិការកិច្ច​ការងារ ព័ត៌មាន ក្របខ័ណ្ឌ​សុខភាព និង​សុវត្ថិភាព​ការងារ​ជាតិ សហគ្រាស​ធុន​តូច និង​មធ្យម និង​កន្លែងធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូច​មានកំណត់​នៅក្នុង​ផែនការ​សកម្មភាព​ការងារ​របស់​អាស៊ាន​អូ​ស្ហ​ណេ​ត ឆ្នាំ​២០១៦-២០២០​។​



​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហ៊ុយ ហាន​សុង ក្នុង​ពិធី​បើ​កិច្ចប្រជុំ​នៅ​សណ្ឋាគារ អេ​ម​ព្រិ​ស នៅ​ព្រឹក​ថ្ងៃទី​២ ខែមេសា បាន​ថ្លែងឱ្យដឹងថា កិច្ចប្រជុំ​អាស៊ាន​អូ​ស្ហ​ណេ​ត បាន​ដើរតួនាទី​ជា​វេទិកា​បើកចំហរ​សម្រាប់​ការពិភាក្សា ការផ្លាស់ប្ដូរ​នូវ​បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ​ស្ដីពី​សុខភាព និង​សុវត្ថិភាព​ការងារ សម្រាប់​បណ្តា​ប្រទេស​ជា​សមាជិក និង​អង្គការ​ដៃគូ​នានា​។ លោក​បន្ថែមថា កាលពី​ឆ្នាំ​២០០៩ កម្ពុជា​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​អូ​ស្ហ​ណេ​ត​លើក​ទី​១០ និង​ត្រូវបាន​ជ្រើសរើស​ឱ្យទទួល​បន្ទុក​ក្នុងការ​សម្របសម្រួល​លើ​សកម្មភាព​សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​សហគ្រាស​ខ្នាតតូច និង​មធ្យម និង​កន្លែងធ្វើការ​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផងដែរ​។​



​គួរ​បញ្ជាក់ថា ក្រៅពី​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​នៃ​បណ្ដាញ​សុខភាព និង​សុវត្ថិភាព​ការងារ​អាស៊ាន​លើក​ទី​១៩​នេះ ក៏​នឹងមាន​កិច្ចប្រជុំ​ដាច់ដោយឡែក​ផ្សេងទៀត​ដែរ រួមមាន ពិធី​ផ្តល់​ពានរង្វាន់​បណ្តាញ​សុខភាព និង​សុវត្ថិភាព​ការងារ​អាស៊ាន​លើក​ទី​២ និង​សន្និសីទ​របស់​បណ្តាញ​សុខភាព និង​សុវត្ថិភាព​ការងារ​អាស៊ាន​លើក​ទី​៥​ផងដែរ​៕


Tag:
 សុខភាព​
 ​ការងារ​
 ​អាស៊ាន​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com