ជាតិ
សង្គមជាតិ
បាត់ដំបង ដណ្តើមបានជើងឯកកីឡាទាញព្រ័ត្រពានរង្វាន់ភូមិភាគបឹងទន្លេសាប
× សៀមរាប៖ កីឡាទាញព្រ័ត្រពានរង្វាន់ភូមិភាគបឹងទន្លេសាប ត្រូវបានបិទបញ្ចប់ហើយនៅរសៀលថ្ងៃទី៧ ខែមេសា នៅបរិវេណតំបន់ផ្លូវ៦០ម៉ែត្រ ទល់មុខសណ្ឋាគារ សុខាសៀមរាប។ ក្រោយប្រកួតប្រជែងគ្នាដ៏ស្វិតស្វាយរួចមក ជើងឯកកីឡាទាញព្រ័ត្រពានរង្វាន់ភូមិភាគបឹងទន្លេសាបលើកទី២ បានទៅក្រុមយុវជនវិទ្យាល័យកំរៀង ខេត្តបាត់ដំបង។
បើកឆាកប្រកួតដំបូង បេក្ខនារីខេត្តបាត់ដំបង ត្រូវដណ្តើមយកចំណាក់ថ្នាក់លេខ១ និងលេខ២ ជាមួយម្ចាស់ផ្ទះ ខេត្តសៀមរាប។ ការប្រកួតត្រូវបានបញ្ចប់ក្នុងលទ្ធផល ២ទល់០ ដោយខាងបាត់ដំបង ផ្ដួលគូប្រកួតមិនឱ្យតដៃឡើយ។ ចំណែកបេក្ខបុរស សិស្សវិទ្យាល័យកំរៀងខេត្តបាត់ដំបង ត្រូវជួបជាមួយខាងកំពង់ឆ្នាំង ដោយលទ្ធផល បាត់ដំបងឈ្នះ២ទល់០ និងបានក្លាយជាជើងឯកក្នុងការប្រកួតនេះ។
គ្រូបង្វឹកខាងសាលាកំរៀង ខេត្តបាត់ដំបង លោក វ៉ាន់ដា បានឱ្យដឹងថា លោកមានអារម្មណ៍សប្បាយរីករាយ ដែលកូនសិស្សរបស់លោកទាំងប្រុសទាំងស្រី ទទួលបានជ័យលាភីនៅពេលនេះ។ លោកបន្ថែមថា ភាពជោគជ័យនេះ គឺដោយសារការខិតខំប្រឹងប្រែងហ្វឹកហាត់កូនសិស្សលោករយៈពេល២ឆ្នាំមកនេះ។
ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា លោក មាស សារិន ថ្លែងថាភាពជោគជ័យរបស់ខេត្តបាត់ដំបងនេះ គឺដោយសារការហ្វឹកហាត់ និងសម្ភារ បច្ចេកទេសមានដល់ ចំណែកកម្លាំងវិញលោកមើលឃើញថា កីឡាករទាំងអស់មានប្រហាក់ប្រហែលគ្នា។ លោកស្នើឱ្យកីឡាករទាំងអស់ ខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីភាពជោគជ័យនៅពេលខាងមុខ។
តាមការលើកឡើងរបស់លោកប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា សហព័ន្ធមានបំណងរៀបចំព្រឹត្តិការណ៍អន្តរជាតិខ្នាតតូច ជើងឯកទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ និងភូមា។ តាមការបញ្ជាក់របស់លោក មាស សារិន ព្រឹត្តិការណ៍ដែលគ្រោងធ្វើនៅឆ្នាំ២០១៩ខាងមុខ គ្រោងរៀបចំធ្វើនៅខេត្តសៀមរាប។
Tag:
ទាញព្រ័ត្រ
ភូមិភាគទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com