ជាតិ
ជប៉ុន ប្ដេជ្ញា​ជួយ​កម្ពុជា ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០
09, Apr 2018 , 10:23 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន ប្ដេជ្ញា​ជួយ​កម្ពុជា ឲ្យ​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ស្របតាម​គោលនយោបាយ​រដ្ឋាភិបាល​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​ជ​ប៉ុន​លោក តា​រ៉ូ កូ​ណូ​(Taro Kono) នៅក្នុង​ជំនួប​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៨ មេសា​។​



​ខណៈ​រដ្ឋាភិបាល​កម្ពុជា កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ជីវភាព​និង​ការងារ​ប្រជាពលរដ្ឋ ដើម្បី​សម្រេច​បំណង​ខ្លួន​នោះ រដ្ឋាភិបាល​ជប៉ុន​ក៏​ប្រកាស​ជួយ​ជ្រោមជ្រែង​ដល់​កិច្ចការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ចំណុច​សំខាន់​ដែល​រដ្ឋាភិបាល​ជប៉ុន មើលឃើញថា អាចជួយ​រុញ​កម្ពុជា​ឲ្យ​ដល់​គោលដៅ​នោះ គឺ​មានតែ​ការអភិវឌ្ឍ​លើ​វិស័យ​ឡូ​ជី​ស្ទីក តាមរយៈ​ការជួយ​ដល់​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​វិស័យសេដ្ឋកិច្ច​ជាដើម​។

​ថ្លែង​ក្នុងជំនួប​ជាមួយ​សម្ដេច ហ៊ុន សែន លោក លោក តា​រ៉ូ កូ​ណូ បាន​និយាយ​ដូច្នេះ​ថា​៖«​គោលបំណង​របស់​ជប៉ុន​គឺ​ធ្វើយ៉ាងណា​ជួយ​មកដល់​កម្ពុជា ឲ្យ​ក្លាយទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ក្នុងន័យនេះ​ជប៉ុន បាន​មាន​ចំណាប់អារម្មណ៍​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​វិស័យ​មួយចំនួន​ដូចជា ឡូ​ជី​ស្ទីក ដោយមាន​ការគ្រប់គ្រង​កំពង់ផែ តំបន់​សេដ្ឋកិច្ច​ពិសេស ការអភិវឌ្ឍ​ធនធានមនុស្ស ។ លើសពីនេះទៅទៀត​ជប៉ុន នឹង​ជួយ​កម្ពុជា​លើ​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ទីក្រុង​ភ្នំពេញ ក៏ដូចជា​កិច្ចការពារ​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​»​។​

​កន្លងមក​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន បាន​ជួយ​ដល់​កម្ពុជា​ជាច្រើន ទាំង​វិស័យ​ហ​រដ្ឋ​រចនាសម្ព័ន្ធ កំពង់ផែ ទឹកស្អាត ការពារ​ទឹកជំនន់​និង​សង្គ្រោះបន្ទាន់​។ ចាប់ពី​ឆ្នាំ​២០១៣​មក កម្ពុជា និង​ជប៉ុន បាន​ពង្រឹង​ទំនាក់​ទំនងជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​ក្នុងនោះ ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ដែលជា​សក្តានុពល​រប​ស់​ប្រទេស​ទាំងពី​ផងដែរ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​។​

​ក្នុងជំនួប​ជាមួយ​សម្ដេច ហ៊ុន សែន និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា កាលពី​ថ្ងៃទី​៨ មេសា លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន ក៏បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​មាន​ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ លាន​យ៉េន (​ជាង​៤​លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា​។​

២- ឥណទាន​សម្បទាន​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៩.២១៦ លាន​យ៉េន (​ជាង​៨៦​លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២​។​

​គិត​ចាប់ពី​ឆ្នាំ​១៩៩២ មក ជប៉ុន​បាន​ជួយ​ដល់​កម្ពុជា​យ៉ាងខ្លាំង ក្នុងការ​ស្វែងរក​សន្តិ​ភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ហើយ​មកដល់ពេលនេះ ជំនួយ​របស់​ជប៉ុន មក​កម្ពុជា មិន​ក្រោម​២​ពាន់​លាន​ដុល្លារ​ឡើយ​៕


Tag:
 ហ៊ុន សែន​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com