កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កូ​ស្តា​រី​កា បានធ្វើ​ឲ្យ​ក្រុម​ខ្លាំងៗ​នៅ​អឺរ៉ុប ចុក​ឈាម​កាលពី​៤​ឆ្នាំមុន​
10, Apr 2018 , 9:05 am        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
 ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូ​ស្តា​រី​កា​ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ស្ថិតនៅ​ពូ​ល E ត្រូវ​ប៉ះ​ជាមួយ​ប្រេ​ស៊ី​ល ស្វី​ស និង​ស៊ែ​ប៊ី​។ នេះ​ជាការ​បង្ហាញខ្លួន​លើក​ទី​៥​ហើយ​សម្រាប់​ក្រុម​មកពី​ទ្វីបអាមេរិក​កណ្តាល​មួយ​នេះ ចាប់តាំងពី​ចូលរួម​លើកដំបូង​ឆ្នាំ ១៩៩០​។​

 
​គ្រូបង្វឹក​៖ លោក Oscar Ramirez (​កូ​ស្តា​រី​កា​)

 
​ធ្លាប់ជា​អតីត​ជំនួយការ​របស់​ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា​នៅ​ឆ្នាំ ២០០៦ ដល់​២០០៨ មុន​ឡើងជា​គ្រូធំ​ដើម្បី​ជំនួស​តំណែង​លោក Paulo Wanchope នៅ​ខែសីហា ឆ្នាំ​២០១៥​។ Ramirez វ័យ​៥៣​ឆ្នាំ ក៏​ធ្លាប់ជា​អតីត​ខ្សែបម្រើ​របស់​ក្រុម​នេះ​ផងដែរ​ជាមួយនឹង​ការបង្ហាញ​ខ្លួន​៤​ប្រកួត​នៅ World Cup ឆ្នាំ​១៩៩០ ដែល​អ៊ីតាលី​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។ ក្រៅពីនោះ​លោក​ក៏​ធ្លាប់មាន​បទពិសោធន៍​ដឹកនាំ​ក្លិប​ជាច្រើន​នៃ​លី​ក​ក្នុងស្រុក​ផងដែរ​។​
 
​កីឡាករ​ឆ្នើម​៖ Bryan Ruiz 
​កីឡាករ​ដែល​អាច​លេង​បាន​២​តួរ​នាទី ជា​ខ្សែបម្រើ​ផង និង​ខ្សែប្រយុទ្ធ​ផង Ruiz ជា​តួរ​អង្គ​សំខាន់​ក្នុង​ការជួយ​កូ​ស្តា​រី​កា​ឈានទៅ​វគ្គ ១/៤​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់ World Cup 2014 នៅ​ក្រុង​រី​យ៉ូ ដោយមាន​ប្រៀប​លើ​អ៊ីតាលី អង់គ្លេស ក្រោយមក​ទម្លាក់​ក្រិ​ក មុននឹង​ចាញ់​ហូ​ឡង់ ដ​ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​។ ប្រធាន​ក្រុម​វ័យ ៣២​ឆ្នាំ អា​ចរក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​មកពី​អាមេរិក​កណ្តាល​មួយ​នេះ​ចំនួន​៣​គ្រាប់​ក្នុង​វគ្គ​ជម្រុះ​តាម​តំបន់​ដើម្បី​បាន​កៅអី​ទៅ​រុស្ស៊ី ឆ្នាំ​២០១៨​។​
 

​ប្រវត្តិ​ក្នុង World Cup៖ 
​នេះ​ជា​វត្តមាន​លើក​ទី ៥ របស់​ជម្រើសជាតិ​កូ​ស្តា​រី​កា សម្រាប់​ក្រុម​មកពី​តំបន់​អាមេរិក​កណ្តាល​មួយ​នេះ​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក បន្ទាប់ពី​ចូលរួម​លើកដំបូង​ក្នុង​ឆ្នាំ ១៩៩០ និង​ចុងក្រោយ​ឆ្នាំ​២០១៤​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន គឺអាច​ឈានដល់​វគ្គ ១/៤​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ ២០១៤​។ កូ​ស្តា​រី​កា ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ២៦​ពិភពលោក ក្នុង​តារាង FIFA Ranking​។​
 

​កម្មវិធី​ប្រកួត​៖ 
- ១៧ មិថុនា​៖ កូ​ស្តា​រី​កា Vs ស៊ែ​ប៊ី (​ម៉ោង ៧​យប់ ម៉ោង​នៅ​កម្ពុជា​)
- ២២ មិថុនា​៖ ប្រេ​ស៊ី​ល Vs កូ​ស្តា​រី​កា (​ម៉ោង ៧​យប់​)
- ២៨ មិថុនា​៖ ស្វី​ស Vs កូ​ស្តា​រី​កា (​ម៉ោង ១​អធ្រាត្រ​)

 

 

 

Tag:
 បាល់ទាត់​
  FIFA World Cup
  GroupE
© រក្សាសិទ្ធិដោយ thmeythmey.com