Liverpool និង AS Roma បានចាប់ដៃគ្នាបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក្រោយយកឈ្នះគូប្រជែងដែលសុទ្ធសឹងតែកំពុងនាំមុខពិន្ទុក្នុងលីកដាច់គេរៀងៗខ្លួន ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយនៅរាត្រីថ្ងៃទី ១០ ខែមេសា។
ហង្សក្រហមនៅតែអាចយកឈ្នះក្រុមម្ចាស់ផ្ទះ Manchester City ក្នុងលទ្ធផល ២-១ បន្ថែមទៀតក្នុងជើងទី២នេះ បើទោះបីជើងទី១ ពួកគេបាន់លត់ក្រុមមេឃខៀវរហូតដល់ ៣-០ រួចមកហើយ។
ក្រុមរបស់លោក Pep Guardiola បានបើកការវាយសម្រុកក្នុងការប្រកួតនាកីឡដ្ឋាន Etihad ដោយអាចរកគ្រាប់បាល់នាំមុខមុន ១-០ នៅនាទីទី២ ដោយ Gabriel Jesus ពីការបញ្ជូនបាល់ដ៏ល្អពីដៃគូ Raheem Sterling ហើយលទ្ធផលនេះបន្តរហូតដល់ចប់តង់ទី១។
ការប្រកួតចូលដល់តង់ទី២ នៅនាទី៥៦ ខ្សែប្រយុទ្ធកំពុងលេចធ្លោ Mohamed Salah បានជួយរកគ្រាប់តាមស្មើវិញមុនពេល Roberto Firmino ស៊ុតបញ្ចូលទី១គ្រាប់ទៀតនៅនាទី៧៧ ជួយឲ្យក្រុមរបស់លោក Juergen Klopp យកឈ្នះក្នុងលទ្ធផល ២-១។ សរុបលទ្ធផលទាំងពីរជើង Liverpool ឈ្នះ Man City ៥-១។
ចំណែកក្លិបយក្សអេស្ប៉ាញ Barcelona ដែលគេស្គាល់ថាជាក្រុមខ្លាំងនៅអឺរ៉ុបត្រូវទទួលរងការខកចិត្តយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីម្ចាស់ផ្ទះ Roma ទម្លាក់ចេញពីពានរង្វាន់កំពូលអឺរ៉ុប ដោយគ្រាប់បាល់វាយបកយកឈ្នះ៣-០ ក្នុងការប្រកួតជើងទី២ នាកីឡដ្ឋាន Stadio Olimpico។ កាលពីជើងទី១ នៅទឹកដី Nou Camp ក្រុមរហ្សនាមអ្នកមានបុណ្យអាចយកឈ្នះរហូតដល់ទៅ ៤-១ ទៅហើយ ដែលលទ្ធផលនេះធ្វើឲ្យកូនក្រុមលោក Ernesto Valverde សង្ឃឹមខ្ពស់ដើម្បីឈានទៅវគ្គបន្ត។
តែយ៉ាងណា អ្វីៗមិនបានដូចការរំពឹងទុកនោះទេ ស្របពេលក្រុមមកពីអ៊ីតាលីដែលស្ថិតក្រោមការដឹកនាំរបស់លោក Eusebio Di Francesco បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយគ្រាប់បាល់ជ័យជម្នះ ៣គ្រាប់ ដែលរកបានដោយ Edin Dzeko, Daniele De Rossi និង Konstantinos Manolas ជួយក្រុមឈ្នះ Barca ៣-០។ គិតលទ្ធផលទាំង២ជើង ក្រុមទាំងពីរមានគ្រាប់បាល់ស្មើគ្នា ៤-៤ តែ Roma មានសិទ្ធិឡើងទៅវគ្គ ១/២ ផ្តាច់ព្រ័ត្រដោយសារមានគ្រាប់បាល់ចំណេញក្រៅដី (Away Goal)៕