ចូលឆ្នាំ​៖ ស្នងការ​ខេត្តសៀមរាបហាម​លេង​កាំភ្លើង​បាញ់​ទឹក និង​ជះ​ទឹក​នៅ​ទីសាធារណៈ​
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំ​៖ ស្នងការ​ខេត្តសៀមរាបហាម​លេង​កាំភ្លើង​បាញ់​ទឹក និង​ជះ​ទឹក​នៅ​ទីសាធារណៈ​
14, Apr 2018 , 12:30 pm        
រូបភាព
​សៀមរាប​៖ ស្នងការ​នគរបាល​ខេត្តសៀមរាប លោក ទិ​ត្យ ណា​រ៉ុង បានបង្ហាញ​កង្វល់​ផ្សេងៗ​ទាក់ទង​នឹង​ការលេង​កាំភ្លើង​ទឹក និង​ជះ​ទឹក​នៅ​ទីសាធារណ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ដូច្នេះ​ដើម្បី​បញ្ចៀស​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ ស្នងការ​នគរបាល​ខេត្ត ដាក់ចេញ​បំរាម​មិនឱ្យ​មានការ​លក់​កាំភ្លើង​បាញ់​ទឹក និង​ហាម​រាល់​សកម្មភាព​លេង​ទឹក​នៅ​ទីសាធារណៈ​។​


​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​កាលពី​ថ្ងៃទី​១១ ខែមេសា លោក ទិ​ត្យ ណា​រ៉ុង បាន​លើកឡើងថា កម្លាំង​របស់លោក​បាន​ចុះ​ហាមឃាត់​មិនឱ្យ​មានការ​ដាក់លក់​កាំភ្លើង​បាញ់​ទឹក​ក្នុងអំឡុងពេល​ចូល​ឆ្នាំនេះ​រួចហើយ​។ លោក​ពន្យល់ថា ការលេងទឹក​នៅតាម​ផ្លូវ​សាធារណ​ផ្តល់​ផលប៉ះពាល់​ដល់​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណ​ជាច្រើន​។ បញ្ហា​ទាំងនោះ​រួមមាន បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​អំពើហិង្សា​ជាដើម​។​

«​អ្នកជិះ​ម៉ូតូ ឡាន គាត់​គេច​ពី​ការបាញ់ទឹក អាច​ទៅ​ប៉ះ ឬ​ចូល​ឡាន និង​ម៉ូតូ បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ការលេង​គ្មាន​របៀប​សណ្ដាប់ធ្នាប់​។ មួយទៀត ពេល​គាត់​បាញ់​ទឹក​អាច​ទៅ​ប៉ះ​ពលរដ្ឋ​ដែល​ស្លៀកពាក់​ស្អាតបាត​ចេញពី​វត្ត អាច​បង្ក​ជា​ហិង្សា​ដាក់គ្នា​ក៏មាន​»​។ នេះ​ជាការ​ពន្យល់​របស់លោក ទិ​ត្យ ណា​រ៉ុង​។​

​ដូចគ្នានេះដែរ នៅ​តំបន់​ផាប់​ស្ទ្រី​ត ការលេង​កាំភ្លើង​បាញ់​ទឹក ប្រហែលជា​មិនមាន​ដូចគ្នា​។ ការណ៍​នេះ​ក៏ដោយ​សារ​ខេត្ត​មាន​មេរៀន​កាលពី​ឆ្នាំទៅ ដែល​ស្ត្រី​រងគ្រោះ​ម្នាក់​បាន​ស្លាប់​ដោយសារ​ការ​ឆក់​ខ្សែភ្លើង អំឡុងពេល​លេង​បាញ់​ទឹក​ក្នុង​តំបន់​នេះ​។ លោក ទិ​ត្យ ណា​រ៉ុង ថ្លែងថា ក្រុមការងារ​របស់លោក​បាននិងកំពុង​ត្រួតពិនិត្យ​ប្រព័ន្ធ​ខ្សែភ្លើង និង​សន្ដិសុខ​ក្នុង​តំបន់​ទីប្រជុំជន​ផាប់​ស្ទ្រី​ត ធ្វើយ៉ាងណា​បង្ការ​ហានិភ័យ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ដែល​ចូលទៅ​កម្សាន្ត​។

​លោកស្នងការ​ខេត្តសៀមរាប បាន​អំពាវនាវ​តាមរយៈ​សារព័ត៌មាន​ថ្មីៗ សុំឱ្យ​ប្រជាពលរដ្ឋ​យល់ និង​ចូលរួម​ទាំងអស់គ្នា ដើម្បី​សុវត្ថិភាព សន្ដិសុខ​សណ្ដាប់ធ្នាប់ កុំឱ្យ​ការសប្បាយ​ក្លាយជា​ទុក្ខ​នៅពេល​ក្រោយ​។ លោក​បន្ថែមទៀតថា​៖« សូម​ចូលរួម​ផ្សព្វផ្សាយ ឱ្យ​ពួកគាត់​យល់ និង​ចូលរួម ជាជាង​ការបង្ក្រាប​។ យើង​មិន​ចង់​អ៉ី​ចឹ​ង​ទេ​។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គេ​បាន​រៀប​កន្លែង​លេង​ទឹក​នៅ​ត្រពាំង​សេះ មុខ​អង្គរវត្ត បើ​បងប្អូន​ណា​ចង់​ទៅលេង អាច​ទៅលេង​បាន យើង​មិន​ហាម​ទេ​»​។​

​គួររម្លឹកថា ការដាក់​តាំង​លក់​កាំភ្លើង​បាញ់​ទឹក គេ​សង្កេតឃើញ​ចាប់ពី​ដើមខែ មីនា​មក ដោយមាន​សកម្មភាព​យ៉ាង​ផុសផុល​។ អាជីវករ​បាន​សម្រុក​ទិញ​កាំភ្លើង​ទឹក​ពី​ដេប៉ូ​ធំៗ ខ្លះ​នាំចូល​ពី​ថៃ និង​បាន​ដាក់លក់​នៅតាម​មុខ​ហាង និង​ផ្ទះ ស្ទើរ​គ្រប់​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប ហើយ​មាន​អ្នកខ្លះ​ក៏បាន​ទិញ និង​ត្រៀម​លេង​រួចហើយ​ដែរ​៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖


១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 លេង​ទឹក​
  ទិ​ត្យ ណា​រ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com