ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
កុលាលភាជន៍៦៤បំណែក ត្រូវបានស្ថាប័នមួយរបស់អាមេរិកប្រគល់ជូនអាជ្ញាធរជាតិអប្សរា
28, Apr 2018 ,
9:59 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ វិទ្យាស្ថាន Smithsonian របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានប្រគល់កុលាលភាជន៍ចំនួន ៦៤បំណែក ដល់អាជ្ញាធរជាតិអប្សរា។ កុលាលភាជន៍ទាំងនោះ មានចាន ក្រឡ ខួច -ល- ដែលមានប្រភពពីខេត្តបុរីរាម ស្ថិតនៅក្នុងប្រទេសថៃបច្ចុប្បន្ន។
លោក អ៊ា ដារិទ្ធិ អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការប្រគល់វត្ថុបុរាណទាំងនេះ ធ្វើឡើងកាលពីថ្ងៃទី២ ខែមេសា នៅស្ថានទូតសហរដ្ឋអាមេរិក ដោយវិទ្យាស្ថាន Smithsonian។ លោកបន្ថែមថា ស្ថាប័ននេះគឺមានសហប្រតិបត្តិការល្អជាមួយអាជ្ញាធរជាតិអប្សរា ហើយកាលពីដើមខែ មីនា ឆ្នាំ២០១៧ ស្ថាប័ននេះបានរៀបចំសិក្ខាសាលាអន្ដរជាតិរួមគ្នាមួយស្ដីពី ថ្ម និងកុលាលភាជន៍ ហើយបន្ទាប់ពីសិក្ខាសាលានោះបានបញ្ចប់ វិទ្យាស្ថាន Smithsonian ក៏សម្រេចប្រគល់វត្ថុសិល្បៈទាំង៦៤បំណែកនោះដល់អាជ្ញាធរជាតិអប្សរា ពិសេសដល់អង្គភាពកុលាលភាជន៍អង្គរ ដើម្បីថែរក្សា និងសិក្សាពីកុលាលភាជន៍ខ្មែរ ដែលបានរកឃើញនៅតំបន់អង្គរ និងពីតំបន់បុរីរាម។
វត្ថុសិល្បៈខាងលើមានដូចជា ចាន ក្រឡ ខួច ដែលមានស្រទាប់រលោងពណ៌បៃតង និងពណ៌ត្នោត។ តាមការបញ្ជាក់របស់លោក អ៊ា ដារិទ្ធិ វត្ថុទាំងនោះត្រូវបានជនជាតិអាមេរិក និងជប៉ុន ដែលជាប្ដីប្រពន្ធ បានទិញពីខេត្តបុរីរាម យកទៅសហរដ្ឋអាមេរិក។ ដោយសារវាមានចំនួនច្រើន ទើបប្តីប្រពន្ធខាងលើបានបរិច្ចាគខ្លះមកអាជ្ញាធរជាតិអប្សរា តាមរយៈវិទ្យាស្ថាន Smithsonian។
«តាមគម្រោងភាជន៍ ឬវត្ថុសិល្បៈទាំងនេះ នឹងយកទៅរក្សាទុកនៅអង្គភាពកុលាលភាជន៍អង្គរ ហើយថ្ងៃក្រោយភាជន៍មួយចំនួន យកទៅតាំងក្នុងពិព័រណ៌ ព្រោះអាជ្ញាធរជាតិអប្សរាមានគម្រោងតាំងពិព័រណ៌វត្ថុបុរាណ ដែលបានពីតំបន់អង្គរក្នុងរយៈពេលជាង២០ឆ្នាំមកនេះ មានដូចជាវត្ថុបុរាណធ្វើពីដីឥដ្ឋ ថ្ម ដែក និងសំរិទ្ធ»។ នេះជាការលើកឡើងរបស់លោក អ៊ា ដារិទ្ធិ។
កុលាលភាជន៍ ជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មនុស្សសម័យបុរាណ ដូចជាការ ដាក់ទឹក ចានសម្រាប់ហូបបាយ ឬប្រើសម្រាប់លម្អគេហដ្ឋាន រួមនិងពិធីសាសនាផងដែរ។ ក្នុងនាមជាអ្នកស្រាវជ្រាវកុលាលភាជន៍ លោក អ៊ា ដារិទ្ធិ បានលើកឡើងថា លោកមានចិត្តស្រឡាញ់កុលាលភាជន៍ជាខ្លាំង ព្រោះវាបានបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជននាសម័យនោះ។
តាមរយៈការបរិច្ចាគកុលាលភាជន៍ខាងលើរបស់វិទ្យាស្ថាន Smithsonian ដែលជាស្ថាប័នអន្ដរជាតិ លោក អ៊ា ដារិទ្ធិ កត់សម្គាល់ឃើញថា វាបានបង្ហាញពីគំរូល្អដល់សាធារណជន និងស្ថាប័នដទៃទៀត ដែលយល់ពីសារប្រយោជន៍នៃវត្ថុទាំងនោះ។ ត្រង់ចំណុចនេះ លោក ដារិទ្ធិ ថ្លែងថា កន្លងមកមានប្រជាពលរដ្ឋរស់នៅតំបន់អង្គរ បានយកវត្ថុបុរាណដែលជីកបាននៅលើដីចម្ការខ្លួន មកប្រគល់ដល់អាជ្ញាធរជាតិអប្សរាដើម្បីអភិរក្ស និងរក្សាទុកនៅសារមន្ទីរច្រើនករណីផងដែរ។ លោកថា នេះជាទង្វើមួយដែលប្រសើរ ដើម្បីឱ្យអាជ្ញាធរជាតិអប្សរាមានលទ្ធភាពអភិរក្សវត្ថបុរាណទាំងនោះ សម្រាប់ដាក់តាំងបង្ហាញដល់សាធារណជនបានដឹង និងសម្រាប់ដល់កូនចៅជំនាន់ក្រោយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អ៊ា ដារិទ្ធិ
អាជ្ញាធរជាតិអប្សរា
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម