ជាតិ
រដ្ឋបាល​ខេត្តសៀមរាប ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​សរសេរ​ស្លាក​ឈ្មោះ​ហាង​ជា​ភាសា​ខ្មែរ​
30, Apr 2018 , 7:59 am        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្តីណែនាំ​មួយ ដោយ​ប្រាប់​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវ​សរសេរ​អក្សរ​ខ្មែរ​ឱ្យបាន​ធំៗ និង​ដាក់​នៅ​ជួរ​ខាងលើ​នៃ​ផ្ទាំង​ផ្សព្វផ្សាយ ឬ​ស្លាក​យី​យោ​ផ្សេងៗ​។ តាម​រដ្ឋបាល​ខេត្តសៀមរាប គោលបំណង​នៃ​សេចក្តីណែនាំ​នេះ គឺ​ចង់​លើកតម្កើង​អក្សរសាស្ដ្រ​ខ្មែរ និង​វប្បធម៌​ជាតិ រួមទាំង​លើក​សោភ័ណភាព​ខេត្តសៀមរាប​ទាំងមូល​។​


 
​ក្នុង​សេចក្តីណែនាំ​ដែល​ចេញផ្សាយ​ថ្ងៃទី​២៤ ខែមេសា រដ្ឋបាល​ខេត្តសៀមរាប បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ ត្រូវ​សរសេរ​អក្សរ​ខ្មែរ ឱ្យ​ធំ​ជាង​អក្សរ​បរទេស ហើយ​ដាក់​នៅ​ជួរ​ខាងលើ​។ ចំណែក​អក្សរ​បរទេស​ត្រូវ​សរសេរ​នៅ​ជួរ​បន្ទាប់ និង​មាន​ទំហំ​មួយ​ភាគពីរ​នៃ​អក្សរ​ខ្មែរ ហើយ​ការសរសេរ​អក្សរ​ខ្មែរ​ត្រូវគោរព​ទៅតាម​វចនានុក្រម​សម្តេច ជួន ណាត​។ ចំពោះ​ការដាក់​តាំង​ស្លាក​យីហោ ដែលមាន​ទំហំ​ក្រោម​៤​ម៉ែត្រ ត្រូវបំពេញ​បែបបទ​ស្នើសុំ​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ក្រុង ប៉ុន្តែ​បើ​លើសពីនេះ​ត្រូវសុំ​ទៅ​ថ្នាក់​ខេត្ត​។

​ចំណុច​មួយទៀត​នៃ​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ម្ចាស់​ទីតាំង​អាជីវកម្ម​ទាំងអស់ ត្រូវ​តាមដាន​រាល់​ស្លាក​យីហោ​ដែល​ត្រូវបាន​តម្លើង ហើយ​ស្លាក​ទាំងនោះ​ត្រូវបាន​តាមដាន និង​ត្រួតពិនិត្យ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​៕


Tag:
 សៀមរាប​
 ​ ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com