ជាតិ
សិស្ស​ខ្មែរ​វ័យ​១៦​ឆ្នាំ​ពីររូប ស្រាវជ្រាវ​បច្ចេកវិទ្យា​ធ្វើ​ពោង​សុវត្ថិភាព​សង្គ្រោះ​មនុស្ស​
29, Apr 2018 , 8:19 pm        
រូបភាព
​យុវ​សិស្ស​២​រូប​ដែល​រៀន​ថ្នាក់​ទី​១១​នៅ​សាលារៀន​ជំនាន់​ថ្មី​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​រួប​គ្នា​ស្រាវជ្រាវ​បច្ចេកវិទ្យា បង្កើត​ពោង​សុវត្ថិភាព​ដើម្បី​ជួយសង្គ្រោះ​ពី​ចម្ងាយ​នៅពេល​មាន​មនុស្ស​លង់ទឹក​។ ពិន ប្រាកដ និង ប៉ូ វីរ​បុត្រ ដែលមាន​អាយុ​១៦​ឆ្នាំ​ដូចគ្នា បាន​អះអាងថា ពួកគេ​នឹកឃើញ​គម្រោង​នេះ បន្ទាប់ពី​បាន​មើលឃើញ​ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក​ស្តីពី​ករណី​មនុស្ស​ស្លាប់​ដោយសារ​លង់ទឹក​។​



​អត្រា​មនុស្ស​ស្លាប់​ដោយសារ​ការ​លង់ទឹក ដែលមាន​រហូតដល់​ទៅ​ជាង​៣៧២​ពាន់​នាក់​ក្នុង​មួយឆ្នាំ​នៅ​ទូទាំង​ពិភពលោក គឺជា​របាយការណ៍​ដ៏​រន្ធត់​មួយ​សម្រាប់ ពិន ប្រាកដ​។ យុវជន​រូបនេះ ចង់​ចូលរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ទាំងនេះ តាមរយៈ​ការស្រាវជ្រាវ​បង្កើត​ពោង​សង្គ្រោះ ទំនើប​។​

​ពិន ប្រាកដ បានបញ្ជាក់​៖« ខ្ញុំ​បានឃើញ​ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក ខ្ញុំ​យល់ថា​បញ្ហា​ការស្លាប់​ដោយ​លង់ទឹក​នេះ មិនសូវមាន​អ្នក​យកចិត្តទុកដាក់​ទេ ដូច្នេះ​ទើបបានជា​ខ្ញុំ​ស្រាវជ្រាវ​បង្កើត​ឧបករណ៍​នេះ ដើម្បី​អាចជួយ​កាត់បន្ថយ​ការស្លាប់​»​។​



​ពិន ប្រាកដ បាន​អនុវត្ត​គម្រោង​នេះ ជាមួយ ប៉ូ វីរ​បុត្រ ដែលជា​មិត្ត​រួម​ថ្នាក់​។ វីរ​បុត្រ បាន​លើកឡើងថា ការស្រាវជ្រាវ​ពោង​ទំនើប​នេះ ប្រើ​រយៈពេល​ពីរ​សប្ដាហ៍ ហើយ​វា​ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ដើម្បី​បញ្ជា​ពី​ចំងាយ​។​

​យុវជន​ដែល​ស្រឡាញ់​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ទាំងពីរ បាន​អះអាងថា ពោង​សុវត្ថិភាព​ដែល​ពួកគេ​ច្នៃប្រឌិត អាចធ្វើ​ដំណើរ​ដោយ​ខ្លួនឯង​ទៅ​សង្គ្រោះ​មនុស្ស​ទៅគ្រប់​ទីកន្លែង​ដែល​មនុស្ស​បញ្ជា​។ បើសិនជា​ពោង​សុវត្ថិភាព​នោះ ចូល​ទឹក​ដោយ​ប្រការ​ណាមួយ វា​ក៏​នៅតែ​ដំណើរការ​ដដែល ដោយ​មិន​ធ្វើឱ្យ​មនុស្ស​ឆក់ ឬ​គ្រោះថ្នាក់​ឡើយ​។



​នៅ​ជំហាន​បន្ទាប់ យុវ​សិស្ស​ទាំងពីរ នឹង​ស្រាវជ្រាវ​បន្ថែម​ដោយ​ដាក់​ប្រព័ន្ធ​មួយពេល​ឧបករណ៍​នោះ​ប៉ះ​ទឹក​វា និង​មាន​ចលនា​ទៅមុខ​ដោយ​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​បញ្ជា​អាច​បត់​ឆ្វេង​ស្ដាំ​បាន​។

​វីវ​បុត្រ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវនេះ​យើង​ស្រាវជ្រាវ​បាន​ត្រឹម​ឱ្យ​វា​អាច​ទៅមុខ​នឹង​ថយក្រោយ​បាន​ព្រោះ​យើង​មាន​ពេល​ខ្លី​ស្រាវជ្រាវ​។ ទៅមុខ​ពួក​ខ្ញុំ​នឹង​ស្រាវជ្រាវ​បន្ថែម ដើម្បី​ដាក់​ប្រព័ន្ធ​មួយ​គ្រាន់តែ​វា​ប៉ះ​ត្រូវ​ទឹក​វា​មាន​ចលនា​ដោយ​ខ្លួនឯង ហើយ​យើង​ធ្វើឱ្យ​វា​បត់​ឆ្វេង​ស្ដាំ​បាន​»​។​



​ការស្រាវជ្រាវ​ពោង​សុវត្ថិភាព​នេះ ក៏​ជា​ជ័យលាភី​១​ក្នុងចំណោម​ជ័យលាភី​៦​ក្រុម ដែល​ត្រូវ​ទៅ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​Asean Student Science Project Competition 2018(ASPC) នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​២១ ដល់​២៧ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​៕





Tag:
 គំនិត​ច្នៃប្រឌិត​
  បច្ចេកវិទ្យា​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com