ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជឹ​ង សុភា​រៈ ថា​នឹងចូលរួម​អភិវឌ្ឍន៍​កម្ពុជា តាមរយៈ​ជំនាញ​ព័ត៌មានវិទ្យា​ដែល​ខ្លួន​រៀន​នៅ​ជប៉ុន
29, Apr 2018 , 10:39 pm        
រូបភាព
​ជឹ​ង សុភា​រៈ ជា​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា នៅ​ប្រទេស​ជប៉ុន​។ សម្រាប់​សុភា​រៈ ក្រៅ​តែ​ស្រឡាញ់​ជំនាញ​នេះ រូបគេ​យល់ថា បច្ចេកវិទ្យា គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ដែល​កំពុង​ឈាន​ឆ្ពោះទៅ​ប្រទេស​អភិវឌ្ឍន៍​នោះ​។ ដ្បិត​ទើប​ចូលរៀន​ជំនាញ​ព័ត៌មានវិទ្យា​បាន​ប្រមាណ​ជិត​មួយខែ​ក្តី ប៉ុន្តែ និស្សិត​ជឹ​ង សុភា​រៈ ថា​រូបគេ​នឹង​ខំរៀន​សូត្រ ហើយ​យក​ជំនាញ​ដ៏​មាន​សារសំខាន់​នេះ មក​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កំណើត​របស់ខ្លួន​វិញ​។



​លោក ជឹ​ង សុភា​រៈ ជា​និស្សិត​កម្ពុជា​មួយរូប ដែល​កំពុង​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា នៅ​វិទ្យាស្ថាន​Seifu IT engineering នាទី​ក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​។ សុភា​រៈ បានទទួល​អាហារូបករណ៍ ពី​រដ្ឋាភិបាល​ជប៉ុន​នា​អំឡុង​ចុងឆ្នាំ​២០១៦ និង​បាន​ទៅដល់​ប្រទេស​ជប៉ុន កាលពី​ខែមេសា ឆ្នាំ​២០១៧ ដើម្បី​បន្ត​ការ​សិ​ជំ​ក្សា​នា​ញ​ព័ត៌មានវិទ្យា ដែលជា​ចំណូលចិត្ត​ខ្លួន​តាំងពី​នៅ​រៀន​វិទ្យាល័យ​នោះ​។  មាន​មាឌ​ល្អិត​បន្តិច សម្បុរ​ស្រអែម សុភា​រៈ បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​ចូលចិត្ត​កុំព្យូទ័រ​តាំងពី​ថ្នាក់​ទី​១២​មក ហើយ​បន្ទាប់ពី​ចប់​បាក់​ឌុប ក៏​ខ្ញុំ​ចូលរៀន​ជំនាញ​ព័ត៌មានវិទ្យា​នេះ​បាន​មួយរយៈ មុននឹង​ជាប់​អាហារូបករណ៍​មក​សិក្សា​នៅ​ប្រទេស​ជប៉ុន​។ នៅ​ជប៉ុន ក៏​ខ្ញុំ​ដាក់​ស្នើ​អាហារូបករណ៍​ជំនាញ​ព័ត៌មានវិទ្យា​ដដែល​»​។​



​ហេតុអ្វី​ជ្រើសរើស​ប្រទេស​ជប៉ុន​? និស្សិត​ខ្មែរ​វ័យ​២១​ឆ្នាំ មកពី​ខេត្តពោធិ៍សាត់​រូបនេះ ឆ្លើយ​ដោយ​មិន​ស្ទាក់ស្ទើរ​ថា ប្រទេស​ជប៉ុន ជា​ប្រទេសមួយ ដែលមាន​ប្រព័ន្ធ​អប់រំ​ល្អ សម្បូរបែប ក៏​ជា​ប្រទេស​ដែលមាន​ការរីកចម្រើន​ខ្លាំង​ដែរ ក្នុង​ផ្នែក​បច្ចេកវិទ្យា​។ ម្យ៉ាងទៀត របៀបរបប​រស់នៅ របស់​ប្រជាជន​នៅ​ប្រទេស​អាស៊ី​មួយ​នេះ គួរ​ឲ្យ​គោរព ដែលមាន​ការទទួលស្គាល់​ទូទាំង​ពិភពលោក​។ ដូច្នេះហើយ​ទើប​រូបគេ ចង់ទៅ​សិក្សា​នៅ​ទីនោះ​។

​និស្សិត ជឹ​ង សុភា​រៈ ដែល​និយាយស្តី​ម៉ឺង​មាត់ បន្តថា ជំនាញ​ព័ត៌មានវិទ្យា គឺមាន​សារសំខាន់​ខ្លាំងណាស់ នៅក្នុង​បរិបទ​នៃ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ដូច​បច្ចុប្បន្ន និង​ស្រប​ពេលដែល​ប្រទេស​កម្ពុជា កំពុងតែ​ឈានទៅរក​ការអភិវឌ្ឍន៍​។ ដូច្នេះ​ការអភិវឌ្ឍន៍​ផ្នែក​ព័ត៌មានវិទ្យា គឺ​ចាំបាច់​ណាស់​។  នេះ​ជាការ​បន្ថែម​របស់ និស្សិត ជឹ​ង សុភា​រៈ ដែល​បន្ត​បញ្ជាក់​ដូច្នេះ​៖«​បច្ចេកវិទ្យា​មានគុណ​សម្បត្តិ​មាន​ច្រើន ខណៈដែល​គុណវិបត្តិ​ក៏មាន​មួយចំនួន​ដែរ​។ តែ​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍ ពិតជា​ត្រូវការ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ជា​ចាំបាច់​»​។​



​និយាយ​ពី​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​វិញ សុភា​រៈ ទើបតែ​ចូលរៀន​ជំនាញ មិនទាន់បាន​មួយខែ​ស្រួលបួល​ផង ព្រោះ​រូបគេ ត្រូវបាន​តម្រូវ​ឲ្យ​រៀន​បំប៉ន​ភាសា​ជប៉ុន រយៈពេល​១​ឆ្នាំ​សិន មុននឹង​ចូលរៀន​ជំនាញ ដែល​ត្រូវ​រៀន​ជា​ភាសា​ជប៉ុន​នោះ​។

​ទោះជា​ទើបតែ​ចាប់ផ្តើម​រៀន​ជំនាញ​ព័ត៌មានវិទ្យា​មែនពិត និស្សិត ជឹ​ង សុភា​រៈ ប្តេជ្ញា​ថា​នឹង​ប្រឹងប្រែង​ក្រេប​យកចំណេះ​ផ្នែក​ព័ត៌មានវិទ្យា ពី​ប្រទេស​ជប៉ុន​នេះ ដើម្បី​មកជួយ​ក​ប្រទេស     កម្ពុជា​វិញ ដែល​សុភា​រៈ អះអាងថា​ពិតជា​ចាំបាច់​ណាស់ សម្រាប់​ប្រទេស​កំណើត​របស់ខ្លួន​នោះ​៕


Tag:
 ជឹ​ង សុភា​រៈ​
 ​ព័ត៌មានវិទ្យា​
 ​បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com