អន្តរជាតិ
បក្សបំបែកសំឡេងឆ្នោត,គណៈកម្មការបោះឆ្នោតលម្អៀង ធ្វើឲ្យបក្សប្រឆាំងរបស់ មហាធៀ ពិបាកឈ្នះឆ្នោត
× ប្រជាជនម៉ាឡេស៊ីនឹងទៅបោះឆ្នោតជ្រើសរើសសមាជិកសភានៅថ្ងៃ៩ ខែឧសភា។ ការបោះឆ្នោតដែលនឹងមានការប្រកួតប្រជែងយ៉ាងតឹងតែងបំផុតមិនធ្លាប់មានចាប់ពីប្រទេសនេះប្រកាសឯករាជ្យពីចក្រភពអង់គ្លេសឆ្នាំ ១៩៥៧។ ខណៈដែលមានការរំពឹងចង់ឲ្យបក្សប្រឆាំងដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីមហាធៀ មហាម៉ាត់ ឈ្នះឆ្នោត អ្នកស្រាវជ្រាវ និងតាមដានស្ថានការណ៍នយោបាយជាពិសេសការបោះឆ្នោតម៉ាឡេស៊ីនៅតែមើលឃើញវាជារឿងលំបាកសម្រាប់បក្សប្រឆាំងក្នុងការយកជ័យជម្នះនេះ។
ប្រជាជនជិត ១៥លាននាក់មានសិទ្ធិចូលរួមបោះឆ្នោតសាកលលើកទី ១៤ ហើយក្មេងៗ និងប្រជាជនវណ្ណៈកណ្តាលនៅទីក្រុងហាក់ត្រៀមខ្លួនបោះឆ្នោតឲ្យសម្ព័ន្ធបក្សប្រឆាំង Pakatan Harapan ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ផង។ នេះក៏ព្រោះថា បក្សប្រឆាំងប្រើគោលនយោបាយជំរុញស្មារតីជាតិនិយមដូចជាចង់រឹតត្បិតការវិនិយោគរបស់ចិនជាដើម។ មិនត្រឹមតែប៉ុណ្ណោះបក្សនេះក៏បានសន្យាកែទម្រង់នយោបាយកំណត់អាណត្តិ និងបន្ថយអំណាចនាយករដ្ឋមន្ត្រី និង ព្យាមដោះស្រាយបញ្ហាសង្គម លើកស្ទួយជីវភាពប្រជាជនក៏ដូចជាលុបបំបាត់បញ្ហាពុករលួយ និង លើកមុខមាត់ប្រទេសជាតិឡើងវិញផង។
ខណៈបក្សកាន់អំណាចឯណោះវិញព្យាយាមទាញសំឡេងពីប្រជាជននៅតាមជនបទដែលក្រីក្រតាមរយៈការសន្យាបង្កើនប្រាក់ឈ្នួលអប្បបរមា ផ្តល់សេវាធានារ៉ាប់រងដល់កសិករ និងពលករ ហើយថែមទាំងធានារក្សាការអភិវឌ្ឍសេដ្ឋកិច្ចថែមទៀត។ ប៉ុន្តែបក្សនេះបន្តយុទ្ធសាស្ត្រព្រមានប្រជាជនកុំឲ្យជឿជាក់លើការផ្លាស់ប្តូរព្រោះវាអាចនាំឲ្យខូចប្រយោជន៍ជាតិផង។
-សមរភូមិនយោបាយសំខាន់ៗកំណត់លទ្ធផលបោះឆ្នោត
លោក Iga Tsukasa អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ (CEAS) ប្រចាំសាកលវិទ្យាល័យក្យូតូ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា សម្ព័ន្ធគណបក្សប្រឆាំង Pakatan Harapan មានមូលដ្ឋានរឹងមាំនតាមទីក្រុង ប៉ុន្តែពួកគេពិបាកទាញសំឡេងពីក្រុងអ្នករស់នៅជនបទណាស់។ ដូច្នេះហើយខាងសម្ព័ន្ធបក្សកាន់អំណាច Barisan Nasional មានមូលដ្ឋានរឹងមាំនៅទីនោះ។ ក្រៅពីបក្សទាំងពីរនេះ បក្សឥស្លាមម៉ាឡេស៊ី (PAS) នោះក៏មានមូលដ្ឋានរឹងមាំនៅតំបន់មួយចំនួនដូចគ្នា។
បើតាមការមើលឃើញរបស់លោក Tsukasa សមរភូមិសំខាន់សម្រាប់ការបោះឆ្នោតនេះគឺនៅរដ្ឋ Kedah, Johor និង Perak។ Kedah ជាមណ្ឌលបោះឆ្នោតលោក មហាធៀ និងកូនប្រុសខ្លួនឈរឈ្មោះ។ រដ្ឋ Johor ជាមណ្ឌលដែលអតីតឧបនាយករដ្ឋមន្ត្រី Muhyiddin Yassin ដែលបច្ចុប្បន្នជាសមាជិកសម្ព័ន្ធបក្សប្រឆាំងឈរឈ្មោះ។ ចំណែកនៅរដ្ឋ Perak វិញជាមណ្ឌលដែលបក្សប្រឆាំងទាញបានការគាំទ្រច្រើនកាលពីការបោះឆ្នោតឆ្នាំ ២០០៨។
ក្រៅពីសមរភូមិសំខាន់ទាំងបី អ្នកជំនាញខាងលើបានព្យាករផងដែរថារដ្ឋ Selangor និង Penang អាចនឹងធ្លាក់ក្នុងកណ្តាប់ដៃបក្សប្រឆាំង ព្រោះប្រជាជននៅទីនោះមិនពេញចិត្តលោក ណាជីប ទេ។ ប៉ុន្តែ បញ្ហាមួយនៅត្រង់ថា ប្រជាជនវ័យក្រោម ៤០ឆ្នាំភាគច្រើននៅមិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយថាគួរជ្រើសរើសអ្នកណាព្រោះគេមិនពេញចិត្តទាំងបក្សកាន់អំណាច និងបក្សប្រឆាំងដែរ។
បើតាមលោក Tsukasa សម្រាប់ប្រជាជនម៉ាឡេស៊ី លោក មហាធៀ និង លោក ណាជីប គ្មានអ្វីខុសគ្នាប៉ុន្មានទេគ្រាន់តែគេត្រូវថ្លឹងថ្លែងឲ្យបានម៉ត់ចត់បន្តិចថា តើអ្នកទាំងពីរមួយណាអាក្រក់ជាងមួយណាប៉ុណ្ណោះ។
លោក Tsukasa និយាយបែបនេះ៖« អ្នកនយោបាយទាំងពីរជាបិសាចដូចគ្នា ប៉ុន្តែមានម្នាក់អាក្រក់ខ្លាំង ហើយមួយទៀតមិនសូវអាក្រក់តែប៉ុណ្ណោះ»។
តាមពិតទៅលោក មហាធៀ ត្រូវបានគេស្គាល់ថាជាមេដឹកនាំផ្តាច់ការដោយលោកកាន់តំណែងជានាយករដ្ឋមន្ត្រី ២២ឆ្នាំ ហើយក្រោមការដឹកនាំរបស់លោកអ្នកប្រឆាំងគឺមិននៅបានសុខឡើយ។ ជាឧទាហរណ៍លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាមេដឹកនាំបក្សប្រឆាំងនិងក្លាយជាសម្ព័ន្ធមិត្តរបស់លោកមហាធៀនោះ ធ្លាប់លោក មហាធៀ ដកតំណែង និងចាប់ញាត់គុកម្តងរួចទៅហើយ។
ចំណែកលោក ណាជីប វិញនោះល្បីល្បាញដោយសារជាប់ពាក់ព័ន្ធអំពើពុករលួយលុយរដ្ឋរាប់រយលានដុល្លារ (1MDB) ហើយមិនត្រឹមតែប៉ុណ្ណោះទេអ្នកនយោបាយរូបនេះត្រូវបានគេចាត់អ្នកនយោបាយផ្តាច់ការស្រលាញ់អំណាចមិនខុសពីលោក មហាធៀ ដែរ។
-ប្រជាជនចង់ផ្លាស់ប្តូរ តែបក្សប្រឆាំងពិបាកយកឈ្នះបក្សកាន់អំណាច
ទោះជាមានការរំពឹងចង់បានការផ្លាស់ប្តូរក៏ដោយ អ្នកដែលឈ្នះការបោះឆ្នោតថ្ងៃស្អែកនៅតែជារឿងស្រពេចស្រពិល។ អ្នកជំនាញក៏មើលឃើញផងដែរថា ថ្វីបើមានប្រជាប្រិយភាពខ្ពស់ក៏ដោយ បក្សប្រឆាំងនេះប្រឈមបញ្ហាច្រើនណាស់ ហើយក៏ពិបាកផ្តួលបក្សកាន់អំណាចដែរ។
លោក Tsukasa យល់ឃើញថា ការយកជ័យជម្នះក្នុងការបោះឆ្នោតរបស់បក្សប្រឆាំងជារឿងលំបាកបំផុតមួយ។ លោកបានលើកហេតុផលច្រើនជាពិសេសភាពលម្អៀងរបស់គណៈកម្មការបោះឆ្នោត, គណបក្សថ្មីបំបែកសំឡេងឆ្នោត និងបញ្ហាប្រឈមផ្សេងទៀតផងដែរ។
លោកបានថ្លែងដូច្នេះថា៖ «សម្រាប់ការ វាជារឿងលំបាកណាស់សម្រាប់សម្ព័ន្ធបក្សប្រឆាំង Pakatan Harapan ដែលយកឈ្នះសមរភូមិត្រីមុខដែលក្នុងនោះមានសម្ព័ន្ធគណបក្សកាន់អំណាច Barisan Nasional ផង និងគណបក្សប្រឆាំងឥស្លាមម៉ាឡេស៊ី (PAS) ផង។ បក្សប្រឆាំង PAS ជាបក្សដែលបំបែកសំឡេងអ្នកគាំទ្របក្សប្រឆាំង»។
តាមពិតទៅបក្សឥស្លាមម៉ាឡេស៊ីនេះធ្លាប់ស្ថិតក្រោមសម្ព័ន្ធបក្សប្រឆាំងមុនពេលបោះឆ្នោតឆ្នាំ ២០១៣។ ដោយសារមានបញ្ហាផ្ទៃក្នុងបក្សប្រឆាំងមួយនេះបំបែកខ្លួនដោយនាំអាសនៈទៅជាមួយខ្លួនជាង ២០ផង។ ទោះសិ្ថតក្នុងនាមជាបក្សប្រឆាំងក្តី បក្សនេះមាននិន្នាការទៅរកបក្សកាន់អំណាចដែរ។
-គណៈកម្មការរៀបចំការបោះឆ្នោតលម្អៀតទៅបក្សកាន់អំណាច?
អ្នកស្រាវជ្រាវខាងលើនេះក៏បានកត់សម្គាល់ផងដែរថា បញ្ហាធំមួយទៀតគឺ គណៈកម្មការបោះឆ្នោតលម្អៀងទៅបក្សកាន់អំណាច។ ដូច្នេះវាគ្មានយុត្តិធម៌ និងភាពត្រឹមត្រូវក្នុងការបោះឆ្នោតនេះឡើយ។
ពាក់ព័ន្ធនឹងគណៈកម្មការបោះឆ្នោតនេះ លោក Tsukasa លើកយក ការកំណត់បន្ទាត់ព្រំដែនមណ្ឌលបោះឆ្នោតថ្មីទាំងបន្ទាន់បង្ខំ មុនពេលដែលសភាត្រូវរំលាយ។ ខាងស្ថាប័នបោះឆ្នោតនេះអះអាងថា វាជាការដោះស្រាយបញ្ហាប្រជាសាស្ត្រ និងសម្រួលដល់ការបោះឆ្នោតរបស់ប្រជាជន។ បើទោះជាមានការបកស្រាយក៏ដោយ បញ្ហាជាក់ស្តែងវាមិនដូច្នោះទេ។ គេវាយតម្លៃថា បើសិនជាពលរដ្ឋទៅបោះឆ្នោតដូចឆ្នាំ ២០១៣ បក្សកាន់អំណាចអាចកើនអាសនៈប្រហែល ៨ ឯណោះ។
បន្ទាប់មកទៀត គណៈកម្មការដែលតាំងខ្លួនជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យនោះកំណត់យកថ្ងៃពុធដែលជាថ្ងៃធ្វើការដើម្បីរៀបចំការបោះឆ្នោត ដែលខុសប្លែកពីពេលមុនៗដែលការបោះឆ្នោតធ្វើចំតែថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ។ បក្សប្រឆាំងរិះគន់ការសម្រេចចិត្តនេះព្រោះវាអាចនឹងធ្វើឲ្យប្រជាជនជាច្រើនមិនទៅបោះឆ្នោតព្រោះខ្លួនធ្វើការងារនៅឆ្ងាយពីតំបន់ដែលខ្លួនបោះឆ្នោត។
លោក Tsukasa បន្ថែមទៀតថា គណៈកម្មការបោះឆ្នោតនេះក៏បានបដិសេធបេក្ខភាពតំណាងរាស្ត្ររបស់សម្ព័ន្ធបក្សប្រឆាំងមួយចំនួនកាលពីថ្ងៃតែងតាំងបេក្ខជនបក្សថ្ងៃ ២៨ ខែមេសានោះដែរ។ គណបក្សរួបរួមជនជាតិភាគតិចម៉ាឡេស៊ី (PPBM ) ស្ថិតក្រោមសម្ព័ន្ធបក្សប្រឆាំង និងជារបស់លោក មហាធៀ ផ្ទាល់នោះក៏ត្រូវបានអង្គភាពនេះបដិសេធចុះឈ្មោះផងដែរ។ ប៉ុន្តែក្រោយមក តុលាការកំពូលម៉ាឡេស៊ី បានសម្រេចចេញសាលដីការក្សាទុកវត្តមានរបស់បក្សប្រឆាំងនេះវិញ ក្រោយមានការប្តឹងតវ៉ា៕
Tag:
បោះឆ្នោតម៉ាឡេស៊ី
មហាធៀ មហាម៉ាត
ណាជីប រ៉ាហ្សាក់
Iga Tsukasa
© រក្សាសិទ្ធិដោយ thmeythmey.com