ជាតិ
បោះឆ្នោត៖គ.ជ.ប នឹងទិញទឹកថ្នាំខ្មៅជ្រលក់ដៃពីឥណ្ឌា ដែលគ្រោងចំណាយថវិកាជិត១លានដុល្លារ
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងទិញទឹកថ្នាំពីប្រទេសឥណ្ឌា ដែលគ្រោងចំណាយថវិកាជិត១លានដុល្លារ សម្រាប់យកមកប្រើប្រាស់ក្នុងការបោះឆ្នោតខាងមុខនេះ ។
ក្រោយពីពិនិត្យឃើញថា ទឹកថ្នាំជ្រលក់ដៃពីឥណ្ឌា មានគុណភាពល្អ សម្រាប់ប្រើការបោះឆ្នោតនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានសម្រេចបញ្ជាទិញទឹកថ្នាំចំនួន ៥១,០០០ដប ដែលត្រូវចំណាយទឹកប្រាក់៨០០, ៧០០ដុល្លារ។ នេះជាការបញ្ជាក់របស់លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ។
លោក សោម សូរីដា បានបន្ថែមថា ចំនួនទឹកថ្នាំខ្មៅដែលគ.ជ.ប គ្រោងទិញយកមកប្រើប្រាស់សម្រាប់ការបោះឆ្នោតនេះ កើនឡើងជាង៤០០០ដប បើធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧កន្លងមក ដែលគ.ជ.ប បានទិញចំនួន៤៦,៥០០ ដប។ បើតាមលោក សោម សូរីដា មូលហេតុដែលគ.ជ.ប ទិញទឹកថ្នាំច្រើនជាងមុននោះ ដោយសារតែការិយាល័យបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦នេះ មានចំនួន ២២,៩៦៧ កន្លែង ខុសពីការបោះឆ្នោតឃុំ-សង្កាត់ ដែលមានចំនួន២២,១៤៨ កន្លែង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អគ្គលេខាធិការរងគ.ជ.ប រូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងត្រូវការចំណាយច្រើនជាងមុនដោយសារតែការិយាល័យបោះឆ្នោតកើនឡើង ។ ហើយទឹកថ្នាំដែលយើងបញ្ជាទិញនេះ មានតម្លៃ១៥,៧០ដុល្លារ ក្នុងមួយដប ដែលមានចំណុះ៧០មីលីលីត្រ ដូច្នេះ៥១,០០០ដបនេះ មានតម្លៃសរុប៨០០,៧០០ដុល្លារ»។
តែយ៉ាងណាគ.ជ.ប នឹងយកទឹកថ្នាំខ្មៅនេះ ពិសោធបន្ថែមទៀតផងដែរ ដើម្បីជម្រះមន្ទិលសង្ស័យ។ នេះបើតាមលោក សោម សូរីដា ដែលបានបន្ថែមថា គ.ជ.ប នឹងរៀបចំសិក្ខាសាលាជាសាធារណមួយ សម្រាប់ឲ្យគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើកិច្ចការបោះឆ្នោតនេះ បានចូលរួមពិនិត្យ និងសាកល្បងជ្រលក់ដៃ ដើម្បីពិសោធទឹកថ្នាំខ្មៅនេះ។
កាលពីអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧កន្លងមក ក៏មានមជ្ឈដ្ឋានមួយចំនួន មានការសង្ស័យនិងព្រួយបារម្ភ ចំពោះគុណភាពទឹកខ្មៅជ្រលក់ដៃនេះផងដែរ។ ប៉ុន្តែមន្ទិលសង្ស័យទាំងនោះ បានជម្រុះចោលវិញ បន្ទាប់ពីគ.ជ.ប បើកសិក្ខាសាលាសាធារណឲ្យមានការចូលរួមពិសោធទឹកថ្នាំខ្មៅ ដែលទិញពីឥណ្ឌានេះ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា ។ សម្រាប់ដំណើរការបោះឆ្នោតនេះ គ.ជ.ប បានត្រៀមថវិកា៥៣លានដុល្លារ ខណៈដែលរដ្ឋាភិបាលចិន និងជប៉ុន បានផ្ដល់ជំនួយថិវកា និងបច្ចេកទេស សម្រាប់ជួយទ្រទ្រង់ការបោះឆ្នោត។ នេះបើតាមលោក ឌឹម សុវណ្ណារុំ៕
Tag:
សោម សូរីដា
គ.ជ.ប
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com