សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចំនួន​មហាសេដ្ឋី​កើនឡើង​១៦​ភាគរយ នៅ​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​កុមារ​ម្នាក់​អាយុ​ត្រឹម​៧​ឆ្នាំ​
09, May 2018 , 9:19 am        
រូបភាព
ដោយ: ធីតា
​មហាសេដ្ឋី​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បានប្រកាស​ពី​ចំណូល​របស់ខ្លួន​កាលពី​ឆ្នាំ​២០១៧​កន្លងមក​។ តាម​លទ្ធផល​ជំរឿន ចំនួន​អ្នក​មាននៅ​ប្រទេស​នេះ មានការ​កើនឡើង​១៦​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦ ។ មហាសេដ្ឋី​ទាំងនោះ មាន​អាយុ​ចន្លោះ​ពី​៧​ឆ្នាំ ដល់​៩៩​ឆ្នាំ​។​



​មហាសេដ្ឋី​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន មាន​ចំណូល​ប្រចាំឆ្នាំ​ជា​មធ្យម​ចំនួន​៨.២​លាន UAH (​រូបិយ​បណ្ណ​អ៊ុយ​ក្រែ​ន hryvnia) ដែល​ស្មើ​ប្រមាណ  ៣១១ ៦៦៩​ដុល្លារ​អាមេរិក​។ លោក Myroslav Prodan នាយក​ស្តីទី​នៃ​សេវាកម្ម​ពន្ធ​រដ្ឋ​អ៊ុយ​ក្រែ​ន (SFS) បានបញ្ជាក់​ឲ្យ​ដឹងថា មហាសេដ្ឋី​នៅ​ប្រទេស​ខ្លួន បាន​កើន​ដល់​ចំនួន​៤០៦៣​នាក់​នៅ​ឆ្នាំ​២០១៧ ពោល​លើស​ឆ្នាំ​២០១៦​ចំនួន​១៦​ភាគរយ ឬ​៥៥៩​នាក់​។​

​តាម​ការផ្សាយ​របស់​សារព័ត៌មាន UNIAN News ចំនួន​មហាសេដ្ឋី​អ៊ុយ​ក្រែ​ន ២២៧០​នាក់ មាន​អាយុ​ចាប់ពី​៤៥​ឆ្នាំ​ឡើយ​ទៅ ខណៈ​១៦០៥​នាក់ មាន​អាយុ​ចន្លោះ​ពី​៣០​ទៅ​៤៥​ឆ្នាំ និង​១៨៨​នាក់ មាន​អាយុ​៣០​ឆ្នាំ​។ តំបន់​ដែលមាន​មហាសេដ្ឋី​ច្រើនជាងគេ គឺ Kharkiv (២៩៩​នាក់​), Dnipropetrovsk (២៦៩​នាក់​), Kyiv (៣៧៥​នាក់​) និង Odesa  (២០៧​នាក់​)​។​

​ជាមួយគ្នានេះ​ផងដែរ មហាសេដ្ឋី​វ័យក្មេង​ម្នាក់​ដែល​រស់នៅ​ក្រុង Cherkasy មាន​អាយុ​ត្រឹម​៧​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​មហាសេដ្ឋី​ដែល​ចាស់​ជាងគេ​មាន​អាយុ​៩៩​ឆ្នាំ​ដែល​រស់នៅ​ក្រុង​កៀវ​។ ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បានបញ្ជាក់​ឲ្យ​ដឹងថា ក្មេងប្រុស​ដែលជា​មហាសេដ្ឋី​វ័យ​៧​ឆ្នាំ​នោះ ជា​អ្នក​ដែល​បានឈ្នះ​ឆ្នោត​រង្វាន់ Jackpot ចំនួន​៨.៥​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​មិនត្រូវ​បានបញ្ជាក់​ពី​អត្តសញ្ញាណ​នោះឡើយ​៕


Tag:
 មហាសេដ្ឋី​
  អ៊ុយ​ក្រែ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com