ជាតិ
សម្ដេច ហ៊ុន សែន ពិតជា​ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​យូរ​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​
09, May 2018 , 2:36 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត AFP
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត AFP
​ភ្នំពេញ​៖ មកដល់ពេលនេះ​សម្ដេច ហ៊ុន សែន កំពុងកាន់​តំណែង​នាយករដ្ឋមន្ត្រី រយៈពេល​៣៣​ឆ្នាំ​ហើយ ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​។ ស្ថិតនៅក្នុង​តំណែង​នាយករដ្ឋមន្ត្រី​ដ៏​យូរ​នេះ ប្រមុខ​រដ្ឋាភិបាល ក៏​មិនទាន់​ស្ងប់ចិត្ត​ដែរ បើសិនជា​មើលឃើញថា ប្រទេស​ហាក់​មិនទាន់មាន​សន្តិភាព​ពេញលេញ​។​



​រឿង​សន្តិភាព​ក្នុងប្រទេស គឺជា​គោលបំណង​ដែល​សម្ដេច ហ៊ុន សែន ចង់បាន ដោយ​កុំ​ទាន់​គិតពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ បើសិនជា​គ្មាន​សន្តិភាព​។ ដើម្បី​សន្តិភាព​គឺជា​រឿង​មួយ ប៉ុន្តែ​បំណង​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​យូរ​ជាងគេ ដើម្បី​បំបែក​ឯតទគ្គកម្ម​នោះ ក៏​ជា​រឿង​មួយ​សំខាន់ ដែល​ស្ថិតនៅក្នុង​ចិត្ត​សម្ដេច ហ៊ុន សែន ផងដែរ​។

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​ជិត​៣​ម៉ឺន​នាក់ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ក្ដែងៗ​ដូច្នេះ​ថា​៖«​បំណង​ធំ​របស់​ពូ​ត្រឹមតែ​ចង់​ធ្វើជា​គ្រូបង្រៀន​តូចតាច​ម្នាក់​ប៉ុណ្ណោះ ហើយ​មិនដែល​នឹកស្មានថា ខ្លួនឯងបាន​ធ្វើជា​នាយ​ក​រដ្ឋមន្ត្រី ហើយ​មិនមែន​ធ្វើ​១​ឆ្នាំ ២​ឆ្នាំ​ទេ ធ្វើ​៣៣​ឆ្នាំ ហើយ​ថែម​១០​ឆ្នាំ​បើសិនជា​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​។ ព្រោះ​មិនមែន​បញ្ហា​ការ​(​ធ្វើ​នាយករដ្ឋមន្ត្រី​)​បំបែ​ក​ឯតទគ្គ​កម្ម​ទេ វា​ច្បាស់​ហើយ​រឿង​បំបែក​ឯតទគ្គ​កម្ម ប៉ុន្តែ​ដរាបណា​ពួក​អ្នក​បំផ្លាញជាតិ ចង់​បំផ្លាញ​សន្តិភាព នៅតែ​បន្ត​បំផ្លាញ ខ្ញុំ​នៅតែ​ធ្វើ​(​នាយករដ្ឋមន្ត្រី​) ដើម្បី​ទប់ស្កាត់​វា​…»​។​

​បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន បាន​លើកយក​ទ្រឹស្តី​ផ្ទាល់ខ្លួន​មក​បកស្រាយ​ចំពោះមុខ​កម្មករ​ថា «​នៅពេល​សត្រូវ​សរសើរ​ខ្ញុំ បានន័យថា​ខ្ញុំ​កំពុង​ធ្វើ​ខុស​។ ប៉ុន្តែ​បើ​សត្រូវ​កំពុង​ជេរ​ខ្ញុំ បានន័យថា ខ្ញុំ​កំពុង​ធ្វើ​ត្រូវ​»​។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន បាន​ពន្យល់ថា រាល់​សកម្មភាព​ដែល​រដ្ឋាភិបាល បានធ្វើ​ចំពោះ​ក្រុម​បក្សប្រឆាំង​កន្លងមក គឺ​គ្មានអ្វី​ខុសឆ្គង​នោះទេ ព្រោះ​ក្រុម​បក្សប្រឆាំង​កំពុង​ជេរ និង​រិះគន់ ស្របតាម​និយមន័យ​ទ្រឹស្តី​សម្ដេច ដែល​បាន​ប្រើប្រាស់​សម្រាប់​ទប់ស្កាត់​ប​ញ្ហា​នានា ក្នុងការ​ដឹកនាំ​ប្រទេស​៣៣​ឆ្នាំ​មកនេះ​។​

​បើ​ពិត​ដូចជា​ការលើកឡើង​រប​ស់ស​ម្ដេច ដែល​ចង់​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​១០​ឆ្នាំ​ទៀត​នោះ បានន័យថា សម្ដេច នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​កាន់អំណាច​៤៣​ឆ្នាំ ដែល​យូរ​ជាងគេ ។

​បច្ចុប្បន្ន លោក Paul Biya ប្រធានាធិបតី​កា​មេ​រូ​ន កំពុងកាន់​អំណាច​យូរ​ជាងគេ​ពោលគឺ​ដល់​ទៅ​៤២​ឆ្នាំ បើ​គិត​ចាប់ពី​កាន់តំណែង​នាយករដ្ឋមន្ត្រី ចាប់ពី​ឆ្នាំ​១៩៧៥​មក លោក Teodoro Obiang Nguema Mbasogo ប្រធានាធិបតី​ដឹកនាំ​ហ្គីណេអេក្វាទ័រ អស់​៣៨​ឆ្នាំ និង​លោក Yoweri Museveni ប្រធានាធិបតី​អ៊ូ​ហ្គ​ង់​ដា ដែល​កាន់តំណែង​បាន​៣២​ឆ្នាំ ជាដើម ។ លោក Fidel Castro អតីតមេដឹកនាំ​គុយបា ត្រូវបាន​ចាត់ទុកជា​មេដឹកនាំ​ដែល​កាន់អំណាច​យូរ​ជាងគេ ពោល​គឺមាន​រយៈពេលរ​ហូត​ដល់​៤៩​ឆ្នាំ (​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​២០០៨)៕

Tag:
 ហ៊ុន សែន​
  នាយករដ្ឋមន្ត្រី​
  ឯក​ត្ត​កម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com