ជាតិ
សេដ្ឋកិច្ច
លោក George Edgar៖ សហភាព​អឺរ៉ុប​ជា​ប្រភព​ជំនួយឥតសំណង​ធំជាងគេ​របស់​កម្ពុជា​
10, May 2018 , 1:37 pm        
រូបភាព
ភ្នំពេញ​៖ អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក George Edgar នៅ​ថ្ងៃទី​៩ ខែឧសភា លើកឡើង​ពី​តួនាទី​របស់​សហភាព​អឺរ៉ុប​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​កន្លងមក​។ បើតាម​លោក Edgar សហភាព​អឺរ៉ុប​គឺ​ទីផ្សារ​នាំចេញ​ធំជាងគេ​របស់​កម្ពុជា ហើយក៏​ជា​ប្រភព​ជំនួយ​បរទេស​ដ៏​ធំ​ដែរ​។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក ប៉ាន សូរ​សក្តិ តំណាង​រាជរដ្ឋាភិបាល បាន​សរសើរ​សហភាព​អឺរ៉ុប​ដែល​ជួយ​កម្ពុជា​។​

 
​ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែឧសភា បានរៀបចំ​ពិធី​អបអរ​ខួប​លើក​ទី​៦៨ នៃ​ទិវា​អឺរ៉ុប ជា​ថ្ងៃ​ប្រកាសសេចក្ដី​ថ្លែងការណ៍ Schuman ឆ្នាំ​១៩៥០ ដែល​នាំ​ដល់​ការបង្កើត​សហភាព​អឺរ៉ុប​។ ចំពោះមុខ​អ្នកចូលរួម​ជាច្រើន​នៅឯ​សណ្ឋាគារ​ឡឺ រ៉ូយ៉ាល់ ប្រធាន​ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​លោក George Edgar បាន​រៀបរាប់​ពី​ទំនាក់ទំនង​ទ្វេភាគី​សហភាព​អឺរ៉ុប និង​កម្ពុជា និង​តួនាទី​របស់​សហភាព​អឺរ៉ុប​ក្នុង​ការជួយ​អភិវឌ្ឍ​កម្ពុជា​។  
 
​លោក Edgar និយាយថា សហភាព​អឺរ៉ុប គឺជា​ប្រភព​ជំនួយឥតសំណង​ធំជាងគេ​របស់​កម្ពុជា ហើយក៏​ជាទី​ផ្សារ​នាំចូល​ទំនិញ​កម្ពុជា​ដ៏​ធំ​មួយ​ដែរ​។ លើសពីនោះ សហភាព​អឺរ៉ុប​ក៏​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សកម្ម និង​បាន​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ការស្តារ និង​អភិវឌ្ឍន៍​កម្ពុជា បន្ទាប់ពី​ចប់​សង្គ្រាម ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ កសិកម្ម សុខាភិបាល និង​ការលើកកម្ពស់​សិទ្ធិ​ស្ត្រី ព្រមទាំង​កំណែទម្រង់​ដើម្បី​អភិបាលកិច្ច​ល្អ​ផង​។​
​ក្រោម​យន្តការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឆ្នាំ​២០១៤-២០២០ ជំនួយ​អភិវឌ្ឍ​របស់​សហភាព​អឺរ៉ុប​ទៅ​ឲ្យ​កម្ពុ​ជាមាន​ដល់​ទៅ​៤១០​លាន​អឺរ៉ុប ប្រហាក់ប្រហែល​៤៥៧.៣​លាន​ដុល្លារ​។ នា​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ (២០១៤-២០១៧) ជំនួយ​របស់​អឺរ៉ុប​ផ្ដល់​ឲ្យ​កម្ពុ​ជាមាន​ទំហំ​២១​លាន​អឺរ៉ុប ប្រហាក់ប្រហែល​២៣.៤​លាន​ដុល្លារ​។ នេះ​បើ​គេ​មិន​គិតពី​ជំនួយ​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ផ្សេងទៀត​នោះ​។​
 
​​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​សក្តិ បាន​បញ្ជាក់ថា កម្ពុជា​គឺជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​របស់​សហភាព​អឺរ៉ុប​លើ​វិស័យ​ជាច្រើន​។ លោក​បន្តថា ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អឺរ៉ុប ត្រូវបាន​ពង្រីក​លើ​វិស័យ​ដូចជា​ពាណិជ្ជកម្ម ការវិនិយោគ និង​ការអភិវឌ្ឍ​។ 
 
​ជំនួស​ឲ្យ​កសិករ និង​កម្មករ​រោងចក្រ​នៅ​កម្ពុជា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ក៏បាន​អរគុណ​អឺរ៉ុប​ដែល​បាន​អនុវត្ត​ការលើក​ពន្ធ​លើកលែង​អាវុធ​សម្រាប់​ទំនិញ​របស់​កម្ពុ​ជា ដែល​បាន​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​រីកចម្រើន​ឆាប់រហ័ស​។ លោក ប៉ាន សូរ​សក្តិ ក៏​លើកឡើង​ពី​ជំហរ​របស់​កម្ពុជា ធ្វើការ​ជិតស្និទ្ធ​ជាមួយ​សហភាព​អឺរ៉ុប​លើ​គ្រប់​វិស័យ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ទាំងឡាយ​៕

Tag:
 សហភាព​អឺរ៉ុប​
  កម្ពុជា​
  George Edgar
© រក្សាសិទ្ធិដោយ thmeythmey.com