ជាតិ
សេដ្ឋកិច្ច
World Bank៖ សេដ្ឋកិច្ចកម្ពុជា​នៅ​បន្ត​កំណើន​ស្វាហាប់ តែ​ត្រូវ​កែលម្អ និង​ប្រយ័ត្ន​ហានិភ័យ​
10, May 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគា​ពិភពលោក (World Bank) អះអាងថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​បន្ត​រក្សា​ភាពស្វាហាប់ ក្នុង​ល្បឿន  ៦,៩​ភាគរយ​ក្នុង​ឆ្នាំ​២០១៨ ដោយសារតែ​ការ​ស្ទុះ​ឡើងវិញ​ក្នុង​វិស័យ​នាំចេញ​វាយ​ន​ភណ្ឌ  និង​សម្លៀកបំពាក់ អមដោយ​ការ​ងើបឡើង​របស់​វិស័យ​ទេសចរណ៍ និង​កសិកម្ម​។ ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ព្យាករ ៦,៨ ភាគរយ​។​



​យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា ដែល​ត្រូវបាន​ចេញផ្សាយ​នៅ​ថ្ងៃទី​១០​ខែឧសភា​នេះ ការចំណាយ​កាន់តែ​ច្រើនឡើង​របស់រ​ដ្ឋា​ភិ​បាល និង​លក្ខខណ្ឌ​សេដ្ឋកិច្ចពិភពលោក​មាន​ភាព​អំណោយផល ក្នុងនោះ​រួមមាន​តម្រូវការ​យ៉ាង​ស្វាហាប់ នៅក្នុង​បណ្តា​ប្រទេស​ជឿន​លឿង​ផង សុទ្ធតែជា​កត្តា​ដែល​ត្រូវបាន​រំពឹងទុក​ថា​ជា​មូលដ្ឋាន​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា​។  

​ប៉ុន្តែ​យ៉ាងណាក៏ដោយ ហានិភ័យ​នៅតែ​បន្ត​មាន​។ ហានិភ័យ​ទាំងនោះ រួមមាន ការបាត់បង់​បន្តិច​ម្តងៗ​នូវ​ភាព​ប្រកួតប្រជែង​ក្នុងការ​នាំចេញ​ដោយសារតែ​ការកើនឡើង​យ៉ាង​រហ័ស​នូវ​បៀវត្ស​របស់​កម្មករ​, ភាព​ងាយ​រងគ្រោះ​នៅក្នុង​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​និង​សំណង់​, ភាពមិនច្បាស់លាស់​ដែល​អាច​កើតមាន​ជុំវិញ​ការបោះឆ្នោត​, ភាព​រញ្ជួយ​ម្តងម្កាល​នៃ​ភាព​តានតឹង​ខ្លាំង​ឡើង នៅក្នុង​វិវាទ​ពាណិជ្ជកម្ម​រវាង​ប្រទេស ដែលមាន​ជំនួញ​ធំៗ​ក្នុង​ពិភពលោក​។
 
​លោកស្រី អ៊ិន​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​សម្រាប់​ប្រទេស​កម្ពុជា មានប្រសាសន៍ថា​៖«​ដើម្បី​រក្សា​ឱ្យបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ ប្រទេស​កម្ពុជា សំខាន់​ណាស់ ត្រូវ​វិនិយោគ​ថែមទៀត​ទៅលើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ ហើយ​ស្របពេល​គ្នា​នោះដែរ ត្រូវ​ប្រឹងរក​ដំណោះស្រាយ​ដល់​ឧបសគ្គ​នានា​ដែល​ធុរកិច្ច​ធុន​តូច​និង​មធ្យម​កំពុង​ជួបប្រទះ​»​។

​លោកស្រី​បន្ថែម​យ៉ាងនេះ​ទៀតថា​៖«​ការវិនិយោគ​ទៅលើ​ធនធានមនុស្ស​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ឈានទៅ​កាន់​អនាគត​មួយ​កាន់តែ​ចម្រុងចម្រើន​»​។ 
 
​របាយការណ៍​នេះ​បានធ្វើ​កត់សម្គាល់ថា ប្រទេស​កម្ពុជា​អាចធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ចម្រុះ​ជាង​មុន និង​បង្កើត​ការងារ​បាន​កាន់តែច្រើន​ថែមទៀត តាមរយៈ​ការកាត់បន្ថយ​ចំណាយ​របស់​ក្រុមហ៊ុន​ទៅលើ​ដំណើរការ​បំពេញបែបបទ​បង្កើត​ក្រុមហ៊ុន និង​ទៅលើ​ផ្នែក​ប្រតិបត្តិការ​។

​របាយការណ៍​បានផ្ដល់​អនុសាសន៍​ឱ្យ​ប្រទេស​កម្ពុជា តាមឃ្លាំមើល​ឱ្យបាន​ដិតដល់​ទៅលើ​ដំណើរ​ស្ទុះ​ឡើង​នៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ដោយ​រៀបចំ​ឱ្យមាន​គោលនយោបាយ​ប្រុងប្រយ័ត្ន​ជា​លក្ខណៈ​ម៉ាក្រូ​។​

​ការមកដល់​របស់​ភ្ញៀវទេសចរ​បាន​កើន​ដល់​ទៅ ១១,៨​ភាគរយ នៅក្នុង​ឆ្នាំ​២០១៧ ប្រៀប​ទៅនឹង​កំណើន ៥​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៦ ដោយសារ​លទ្ធផល​នៃ​កិច្ចខិតខំ​របស់​អាជ្ញាធ​រ​រដ្ឋាភិបាល​ក្នុងការ​ធ្វើឱ្យមាន​ការហោះ​ហើរ​កាន់តែច្រើន​មកពី​ក្នុង​តំបន់ រួមទាំង​ពី​ប្រទេស​ចិន​ផង ដែលជា​ទីផ្សារ​សំខាន់​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​។ វិស័យ​កសិកម្ម​ក៏មាន​ការ​ស្ទុះ​ឡើង​ដែរ ជាមួយនឹង​ការពង្រីក​ផ្ទៃដី​ធ្វើ​ស្រូវ និង​ចម្ការកៅស៊ូ ព្រមទាំង​ការ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​របស់​តម្លៃ​កសិផល​។ នេះ​បើតាម​របាយការណ៍​ខាងលើ​៕ 


Tag:
 GDP
© រក្សាសិទ្ធិដោយ thmeythmey.com